បើតាមការចេញផ្សាយរបស់ទស្សនាវដ្ដី ហ្វប កាលពីថ្ងៃអាទិត្យ ទី៤ ខែកុម្ភៈ ក្នុងចំណោមមហាសេដ្ឋីវ័យក្មេងបំផុតទាំង១០នាក់នេះ មាន៣នាក់ គឺជាបងប្អូនបង្កើតនឹងគ្នា រួមមាន លោក ក្លេម៉ិន ឌែល វ៉េចឈីអូ (Clemente Del Vecchio) អាយុ១៩ឆ្នាំ លោក លូកា (Luca) អាយុ២២ឆ្នាំ និងលោក លីអូណាដូ ម៉ារី (Leonardo Maria) អាយុ២៨ឆ្នាំ ដែលម្នាក់ៗទទួលបានទ្រព្យសម្បត្តិសុទ្ធពីឪពុករបស់ពួកគេចំនួនជាង៤ពាន់លានដុល្លារ។
លោក ខេវិន ដេវីដ ឡេះម៉ាន់ (Kevin David Lehmann) អាយុ២១ឆ្នាំ នៅប្រទេសអាល្លឺម៉ង់ គឺជា មហាសេដ្ឋីវ័យក្មេងបំផុតទីពីរនៅក្នុងបញ្ជី ដែលមានទ្រព្យសម្បត្តិសុទ្ធចំនួនជាង២ពាន់លានដុល្លារបន្ទាប់ពីឪពុករបស់គេបានផ្ទេរចំណែកទ្រព្យសម្បត្តិខ្លួនទៅឱ្យគេនៅឆ្នាំ២០១៧។
បន្ទាប់មកទៀត គឺបងប្អូនបង្កើត២នាក់ គឺអ្នកនាង អាឡិកសានដ្រា អេនដ្រេសេន (Alexandra Andresen) អាយុ២៧ឆ្នាំ ដែលមានទ្រព្យសម្បត្តិសុទ្ធ១.៥ពាន់លានដុល្លារ ហើយបងស្រីរបស់នាងឈ្មោះ កាថារីណា (Katharina) អាយុ២៩ឆ្នាំបានទទួលមរតក៤២%នៃក្រុមហ៊ុន Ferd ដែលជាក្រុមហ៊ុនវិនិយោគរបស់គ្រួសាររបស់ពួកគេ។
ចំណែកមហាសេដ្ឋីវ័យក្មេងបន្ទាប់មកទៀត គឺលោក រីយ៉ាន ប្រេស្លូ (Ryan Breslow) អាយុ២៩ឆ្នាំដែលបានបោះបង់ការសិក្សានៅសាកលវិទ្យាល័យ Standford) នៅឆ្នាំ២០១៤ ដើម្បីអាជីវកម្មរបស់ខ្លួនជាមួយតម្លៃ៥ពាន់លានដុល្លារ ហើយបច្ចុប្បន្នគេមានទ្រព្យសម្បត្តិសុទ្ធចំនួន១.១ពាន់លានដុល្លារ។
ដោយឡែកមហាសេដ្ឋីវ័យក្មេងម្នាក់ទៀត គឺលោក ហ្គូស្ដាវ ម៉េកណា វីតហ្សូ (Gustav Magnar Witzoe) អាយុ៣១ឆ្នាំនៅប្រទេសន័រវែសដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន៣.៧ពាន់លានដុល្លារ។ បន្ទាប់មក គឺលោក ម៉ាក ម៉េតេស៊ីត (Mark Mateschitz) អាយុ៣១ឆ្នាំនៅប្រទេសអូទ្រីសក៏បានជាប់ក្នុងបញ្ជីឈ្មោះជាមហាសេដ្ឋីវ័យក្មេងផងដែរ ដោយលោកមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតរហូតដល់ជាង៣៩ពាន់លានដុល្លារ។
ចុងក្រោយបំផុតនេះគឺលោក ចូណាថាន ក្វក (Jonathan Kwok) អាយុ៣១ឆ្នាំនៅទីក្រុងហុងកុងក៏ត្រូវបានទស្សនាវដ្ដី ហ្វប ចុះក្នុងបញ្ជីក្រុមមហាសេដ្ឋីវ័យក្មេងទាំង១០ផងដែរជាមួយនឹងទ្រព្យសម្បត្តិសុទ្ធជាង២ពាន់លានដុល្លារអាមេរិក ក្រោយពីលោកបានទទួលមរតកពីការស្លាប់របស់ឪពុកលោកនៅក្នុងឆ្នាំ២០១៨៕
អត្ថបទ៖ សុខ ជា