ប្រទេសថៃ

តើមេដឹកនាំគណបក្សបោះពួយទៅមុខ ដែលឈ្នះឆ្នោតភ្លូកទឹកភ្លូកដីនៅថៃជានរណា?


ការបោះឆ្នោតសកលនៅក្នុងប្រទេសថៃកាលពីថ្ងៃទី១៤ ខែឧសភាត្រូវបានបញ្ចប់ហើយ ខណៈដែលលទ្ធផលនៃការរាប់សន្លឹកឆ្នោតបង្ហាញឲ្យឃើញថា គណបក្សប្រឆាំងទទួលបានសំឡេងឆ្នោតនាំមុខគេ ដោយក្នុងនោះ គណបក្សបោះពួយទៅមុខ បានទទួលសំឡេងឆ្នោតភ្លូកទឹកភ្លូកដី និងតាមពីក្រោយដោយគណបក្សភឿថៃ ដែលដឹកនាំដោយកូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីលោកថាក់ស៊ីន។ តើមេដឹកនាំគណបក្សបោះពួយទៅមុខ ដែលកំពុងឈ្នះឆ្នោតភ្លូកទឹកភ្លូកដីនៅក្នុងប្រទេសថៃនោះ ជារណា?
តើមេដឹកនាំគណបក្សបោះពួយទៅមុខ ដែលឈ្នះឆ្នោតភ្លូកទឹកភ្លូកដីនៅថៃជានរណា?

គណបក្សបោះពួយទៅមុខ ឬជាភាសាអង់គ្លេសហៅថា Move Forward គឺជាគណបក្សប្រឆាំងមួយ ដែលមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋថៃ ជាពិសេសក្នុងស្រទាប់យុវជន។ គណបក្សនេះ គឺមានមេដឹកនាំជាអតីតនិស្សិតសាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិក គឺលោក ភីតា លីមចារឿនរ៉ាត់។ គណបក្សបោះពួយទៅមុខ ត្រូវបានគណកម្មាធិការៀបចំការបោះឆ្នោតប្រកាសថា បានឈ្នះលើការបោះឆ្នោតសកលដែលបានធ្វើឡើងកាលពីថ្ងៃទី ១៤ ខែឧសភាឆ្នាំ២០២៣នេះ។ ក្រោយការរាប់សន្លឹកឆ្នោត គណកម្មាធិការរៀបចំការបោះឆ្នោតបានបញ្ជាក់ថា គណបក្សរបស់លោក ភីតា លីមចារឿនរ៉ាត់ ទទួលបានអាសនៈសរុបនៅក្នុងរដ្ឋសភា ឬសភាជាន់ទាបចំនួន ១៥១អាសនៈ ខណៈដែលគណបក្សភឿថៃ ទទួលបានអាសនៈ១៤១អាសនៈ គណបក្សផាលាង ប្រាឆារ៉ាត់ ទទួលបានត្រឹមតែ៤១អាសនៈ គណបក្សថៃរួបរួមជាតិរបស់លោកប្រាយុទ្ធ ចាន់អូចារ គឺបានត្រឹមតែ ៣៦អាសនៈប៉ុណ្ណោះ។ ចំណែកឯ គណបក្សភូមិចៃថៃ ទទួលបាន៧០អាសនៈ។

តើលោកភីតា លីមចារឿនរ៉ាត់ មេដឹកនាំគណបក្សបោះពួយទៅមុខដែលឈ្នះឆ្នោតភ្លូកទឹកភ្លូកដីជានរណា?

លោក ភីតា លីមចារឿនរ៉ាត់ មេដឹកនាំគណបក្សបោះពួយទៅមុខ ដែលទើបតែបានទទួលជ័យជំនះលើការបោះឆ្នោតថ្មីនេះ គឺជាអតីតសមាជិកសភារបស់ថៃ ហើយ រូបលោកគឺជាអ្នកស្វះស្វែងខ្លាំងណាស់ក្នុងការផ្លាស់ប្ដូរប្រទេសថៃ បន្ទាប់ពីលោកបានហៅការដឹកនាំរបស់លោកប្រយុទ្ធ ចាន់អូចារនាពេលកន្លងមកថា គឺជាការខាតបង់ក្នុងមួយទសវត្សរ៍។

នៅមុនចូលប្រឡូកក្នុងនយោបាយ លោក ភីតា ត្រូវបានគេស្គាល់ថា ធ្លាប់គ្រប់គ្រងអាជីវកម្មរបស់គ្រួសាររបស់លោកផ្ទាល់ និងធ្លាប់ធ្វើជានាយកគ្រប់គ្រងក្រុមហ៊ុនកក់សេវាធ្វើដំណើរ Grab Holdings នៅក្នុងប្រទេសថៃផងដែរ។

បច្ចុប្បន្ន លោកភីតា មានវ័យ៤២ឆ្នាំហើយ និងបានរៀបការជាមួយនឹងតារាសម្តែង និងបង្ហាញម៉ូតម្នាក់ គឺនាង Chutima Teepanart ហើយពួកគេមានកូនស្រីពីរនាក់។

ហេតុអ្វីគណបក្សបោះពួយទៅមុខរបស់លោក ភីតា អាចយកឈ្នះការបោះឆ្នោត?

គណបក្សបោះពួយទៅមុខ ទាក់ទាញបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី ពីក្រុមពលដ្ឋដែលជាអ្នកបោះឆ្នោតលើកដំបូង ពិសេសយុវជនវ័យក្មេងនៅក្នុងប្រទេសថៃ ជាមួយនឹងរបៀបវារនយោបាយកំណែទម្រង់របស់គណបក្សនេះ។

មែនទែនទៅគណបក្សនេះ គឺត្រូវបានប្រមូលផ្ដុំឡើងពីការបែកខ្ញែកនៃគណបក្សអនាគតឆ្ពោះទៅមុខ ដែលធ្លាប់ដឹកនាំដោយអ្នករិះគន់របបយោធាមិនសំចៃមាត់ គឺលោក Thanathorn មុនពេលគណបក្សនេះ ត្រូវបានរំលាយកាលពីឆ្នាំ២០២០។

គណបក្សបោះពួយទៅមុខ គឺជាគណបក្សសំខាន់តែមួយគត់ ជំរុញឲ្យមានការកែប្រែច្បាប់ ដែលដាក់ទោសទណ្ឌចំពោះបុគ្គលប្រមាថព្រះមហាក្សត្រ។ ច្បាប់នេះ ត្រូវបានគេមើលឃើញថា មានការដាក់ទោសទណ្ឌធ្ងន់ធ្ងរខ្លាំងមែនទែន ចំពោះអ្នកដែលប្រមាថព្រះមហាក្សត្រ និងសមាជិកនៃព្រះរាជវង្សានុវង្ស ដោយតម្រូវឲ្យដាក់ពន្ធធនាគារដល់ទៅ ១៥ឆ្នាំឯណោះ។

គណបក្សដែលទើបឈ្នះឆ្នោតនេះ ក៏មានគោលបំណងកាត់បន្ថយឥទ្ធិពលយោធានៅក្នុងនយោបាយផងដែរ ដោយក្នុងនោះ លោក ភីតាបានស្នើឲ្យបញ្ចប់ការចុះឈ្មោះចូលធ្វើទាហាន និងកាត់បន្ថយនូវកញ្ចប់ចំណាយក្នុងវិស័យការពារជាតិជាដើម។ លើសពីនេះ គណបក្សនេះ ក៏គាំទ្រឲ្យមានច្បាប់អាពាហ៍ពិពាហ៍ថ្មី, បញ្ចប់ការធ្វើអាជីវកម្មផ្ដាច់មុខ និងជំរុញសកម្មភាពអាជីវកម្មនៅក្រៅទីក្រុងបាងកកជាដើម។

សូមបញ្ជាក់ថា ទោះបីជា មានការឈ្នះឆ្នោតបាន ១៥១អាសនៈនៅក្នុងរដ្ឋសភាក្ដី ប៉ុន្ដែ លោក ភីតា មេដឹកនាំគណបក្សឆ្ពោះទៅមុខ នៅមិនទាន់ប្រាកដថា នឹងអាចក្លាយជានាយរដ្ឋមន្ត្រី និងអាចបង្កើតរដ្ឋាភិបាលបាននៅឡើយទេ ដ្បិតថា ការតែងតាំងនាយករដ្ឋមន្ត្រី ឬការបង្កើតរដ្ឋាភិបាលត្រូវធ្វើឡើងតាមរយៈរដ្ឋសភា និងព្រឹទ្ធសភា ដែលនឹងប្រព្រឹត្តិទៅនៅខែកក្កដាខាងមុខ។ ដូច្នេះ គណបក្សប្រឆាំងដែលទទួលបានអាសនៈត្រូវស្វែងរកដៃគូចម្រុះ ហើយបើតាមការអះអាងរបស់លោក ភីតា គណបក្សរបស់លោក នឹងបង្កើតរដ្ឋាភិបាលចម្រុះជាមួយនឹងគណបក្សប្រឆាំងផ្សេងទៀត គឺគណបក្សភឿថៃ។ នៅក្នុងបទសម្ភាសន៍ជាមួយកាសែតបាងកកប៉ុស្ដិ៍នៅព្រឹកថ្ងៃទី១៥ខែឧសភា លោក ភីថា លីមចារឿនរ៉ាត បានបញ្ជាក់ពីលទ្ធផលនៃការរាប់សំឡេងឆ្នោតថា៖ «នេះជាសញ្ញាវិជ្ជមានមួយ ហើយក៏វាដល់ពេលដែលប្រទេសថៃត្រូវផ្លាស់ប្តូរហើយ»។ លោកបន្ដថា៖ «ការសហការគ្នារបស់គណបក្សប្រឆាំង គឺជាមធ្យោបាយដ៏ល្អឥតខ្ចោះ ដើម្បីដោះស្រាយបញ្ហាប្រឈមដែលប្រទេសកំពុងជួបប្រទះ។ យើងនឹងផ្លាស់ប្តូរប្រទេសថៃជាមួយគ្នា»។

នៅថ្ងៃដដែលនោះ គណបក្សភឿថៃបានអះអាងដែរថា ខ្លួនបានយល់ព្រមលើសំណើបង្កើតសម្ព័ន្ធគណបក្សប្រឆាំងជាមួយគណបក្សបោះពួយទៅមុខ ហើយមិនមានគម្រោងបង្កើតរដ្ឋាភិបាលផ្សេងទៀតទេ។ មេដឹកនាំគណបក្សភឿថៃ បានប្រាប់សន្និសីទសារព័ត៌មានថា ពួកគេមានទំនុកចិត្តថា នៅពេលការរួបរួមនេះ មានអាសនៈចំនួន ៣០៩ អាសនៈ នោះវានឹងគ្រប់គ្រាន់សម្រាប់រដ្ឋាភិបាលដែលមានស្ថិរភាព ប៉ុន្តែការតែងតាំងនាយករដ្ឋមន្ត្រីអាស្រ័យលើលក្ខខណ្ឌច្បាប់។

ប៉ុន្ដែ ដ្បិតថា មានការចាប់ដៃគ្នាក៏ដោយ ក៏ឱកាសនៃការបង្កើតរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រឆាំងទាំងពីរនៅតែមិនច្បាស់លាស់ដដែល ព្រោះថា គណបក្សគាំទ្រដោយយោធា ក៏ត្រូវរកដៃគូបង្កើតក្រុមចម្រុះដូចគ្នាដែរ ហើយបញ្ហាសំខាន់ គឺនៅត្រង់ថា សមាជិកព្រឹទ្ធសភាទាំង២៥០នាក់ គឺសុទ្ធសឹងតែត្រូវបានតែងតាំងដោយយោធា ដូច្នេះ ពួកគេសុទ្ធតែជាមនុស្សជំនិតរបស់ក្រុមយោធា និងមានទំនោរបោះឆ្នោតគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រី ដែលមកពីក្រុមយោធាដូចគ្នាដែរ៕




អត្ថបទបន្ទាប់


កូរ៉េខាងត្បូង អាមេរិក និងជប៉ុន នឹងបើកកិច្ចប្រជុំកំពូលត្រីភាគីស្ដីពីសហប្រតិបត្តិការយុទ្ធសាស្ត្រនាចុងសប្ដាហ៍នេះ

គម្រោងកិច្ចប្រជុំកំពូលត្រីភាគីរបស់មេដឹកនាំមកពីកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន ក្រៅក្របខណ្ឌកិច្ចប្រជុំកំពូលនៃក្រុមប្រទេសជឿនលឿនទាំង៧ ន…

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសចិននិងអេក្វាឌ័រនឹងលើកកម្ពស់ការផ្លាស់ប្តូរពាណិជ្ជកម្មនិងទំនាក់ទំនងទ្វេភាគី

មន្ត្រីមួយចំនួនបានឱ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលបានចុះហត្ថលេខានាពេលថ្មីៗនេះរវាងប្រទេសអេក្វាឌ័រនិងប្រទេសចិន នឹងជួយពង្រឹងការផ្លាស់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ