នៅដើមសប្តាហ៍នេះ ភាពចលាចលមួយបានកើតឡើងក្នុងពិភពនយោបាយអាម៉េរិក ដោយសារ លោកប្រធានាធិបតី ចូ បៃដិន បានប្រកាសបោះបង់មិនបន្តឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីក្នុងការបោះឆ្នោតនៅដើមខែវិច្ឆិកា ខាងមុខ ហើយបានប្រកាសគាំទ្រអនុប្រធានាធិបតីរបស់លោកឱ្យឈរជំនួសតំណាងឱ្យគណបក្សប្រជាធិបតេយ្យ។
សារព័ត៌មាន អាលហ្សាសេរ៉ា បានរាយការណ៍ថា ទោះបីជាបេក្ខភាពលោកស្រី ហារីស មិនទាន់ត្រូវបានទទួលស្គាល់ជាផ្លូវការក៏ពិតមែន ប៉ុន្តែលោកស្រីជាស្រ្តីជើងខ្លាំង១រូប ដែលបានបង្កើតប្រវត្តិសាស្ត្រដ៏ល្បីរួចហើយ ដោយក្លាយជាអនុប្រធានាធិបតីស្បែកខ្មៅ និងជាស្ត្រីដំបូងគេក្នុងប្រវត្តិសាស្ត្រអាម៉េរិក ប៉ុន្តែបានប្រឈមមុខនឹងការព្រួយបារម្ភថា តើលោកស្រី អាចយកឈ្នះបេក្ខជនមកពីគណបក្សសាធារណរដ្ឋ និងជាអតីតប្រធានាធិបតី ដូណាល់ ត្រាំ ឫយ៉ាងណា។
កាលពីចុងសប្តាហ៍មុន លោក ចូ បៃដិន បានហៅការសម្រេចចិត្តជ្រើសរើសអតីតព្រះរាជអាជ្ញា ហារីស ថា ជាការសម្រេចចិត្តដ៏ល្អបំផុតដែលលោកបានធ្វើ ហើយអំពាវនាវឱ្យគណបក្សប្រជាធិបតេយ្យគាំទ្របេក្ខភាពរបស់លោកស្រី ហារីស។
ស្ថិតក្នុងវ័យ៥៩ឆ្នាំ លោកស្រី ហារីស ដែលកើតនៅទីក្រុង Oakland រដ្ឋកាលីហ្វ័រញ៉ា ជាកូនស្រីរបស់ស្រ្តីដើមកំណើតឥណ្ឌា និងឪពុកដើមកំណើតជនជាតិហ្សាម៉ាអ៊ីក។ លោកស្រី បានចូលរៀននៅសកលវិទ្យាល័យ Howard ក្នុងទីក្រុង Washington, DC មុនពេលទទួលបានសញ្ញាប័ត្រច្បាប់ពីសាកលវិទ្យាល័យ California College of the Law នៅសាន់ហ្រ្វាន់ស៊ីស្កូ។ លោកស្រី បានចាប់ផ្តើមធ្វើការក្នុងការិយាល័យមេធាវីថ្នាក់មូលដ្ឋានមួយនៅក្នុងទីក្រុងនោះ។
បន្ទាប់មកលោកស្រីត្រូវបានជ្រើសរើសជាអគ្គមេធាវីនៅរដ្ឋកាលីហ្វ័រញ៉ា ដែលជាតួនាទីអនុវត្តច្បាប់កំពូលរបស់រដ្ឋនៅក្នុងឆ្នាំ២០១០។ លោកស្រី បានជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភាអាម៉េរិក ក្នុងឆ្នាំ២០១៦ ហើយបានក្លាយជាអ្នករិះគន់នាំមុខគេលើលោក ដូណាល់ ត្រាំ ជាពិសេសនៅពេលនិយាយអំពីគោលនយោបាយអន្តោប្រវេសន៍របស់លោក រហូតដល់លោកស្រី ជាអ្នកនយោបាយដែលមានប្រជាប្រិយភាព១រូបនៅក្នុងគណបក្ស។
លោកស្រីបានរៀបអាពាហ៍ពិពាហ៍នៅឆ្នាំ២០២០ ប៉ុន្តែមិនមានកូនទេ ហើយបានប៉ុនប៉ង ដើម្បីក្លាយជាបេក្ខនារីសម្រាប់តំណែងប្រធានាធិបតីដែរកាលពីឆ្នាំ២០២០ ប៉ុន្តែមិនជាប់ការជម្រុះ។ លោក ចូ បៃដិន ឃើញពីគុណតម្លៃ និងសមត្ថភាពរបស់លោកស្រី ហើយក៏បានជ្រើសរើសលោកស្រី ជាអនុប្រធានាធិបតីរបស់លោក ដើម្បីប្រមូលសំឡេងពីក្រុមអ្នកគាំទ្រស្បែកខ្មៅ។ នៅពេលក្លាយជាអនុប្រធានាធិបតី លោកស្រី បានគាំទ្រនយោបាយនានាពាក់ព័ន្ធនឹងជនអន្តោប្រវេសន៍ ការគ្រប់គ្រងកាំភ្លើង និងការខិតខំប្រឹងប្រែងដើម្បីការពារសិទ្ធិរំលូតកូន ជាពិសេសគឺកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការធ្វើចំណាកស្រុកពីអាម៉េរិកកណ្តាល៕
ដោយៈ សរ សុជាតិ