លោក តេត្រូស ប្រធានអង្គការសុខភាពពិភពលោក បានទទូចហើយទទូចទៀតថា អាទិភាពចំបងនៅក្នុងពេលនេះ និង ទៅថ្ងៃអនាគត គឺការផ្តល់វ៉ាក់សាំងដល់ជនងាយរងគ្រោះនៅគ្រប់ទីកន្លែងនៅជុំវិញពិភពលោក ជាជាងការផ្តល់ថ្នាំវ៉ាក់សាំងបន្ថែម ដល់អ្នកដែលបានចាក់រួច។
លោកតេត្រូស បានស្តីបន្ទោសចំៗថា៖ គ្មានប្រទេសណាមួយ អាចគេចចេញយករួចខ្លួនពីកូវីដ១៩បានទេ ព្រោះថាវិសមភាពវ៉ាក់សាំងកូវីដ១៩នឹងធ្វើឲ្យកូវីដមានជីវីតរស់នៅជុំវិញខ្លួនយើងដដែល។
ថ្នាក់ដឹកនាំ WHO រូបនេះបានពន្យល់ថា ការដែលប្រទេសឬតំបន់មួយចំនួននៅតែបន្តមានការឆ្លងរាលដាលកូវីដ១៩ គឺជាសញ្ញាបង្ហាញថា ឱកាសនៃការបំប្លែងខ្លួនរបស់កូវីដ១៩ នឹងមានកាន់តែច្រើន កាន់តែគ្រោះថ្នាក់ កាន់តែកាចសាហាវ និងកាន់តែពិបាកទប់ស្កាត់។
ជាក់ស្តែងតំបន់អាហ្វ្រិក ដែលមានប្រជាជនបានចាក់វ៉ាក់សាំងរួចក្នុងកម្រិតតិចតួចបំផុត បានក្លាយជាតំបន់ដែលរកឃើញកូវីដ១៩អូមីក្រុងដំបូងគេ ហើយដែលបច្ចុប្បន្នបានក្លាយជាមេរោគបំប្លែងខ្លួនគួរឲ្យព្រួយបារម្ភ និងកំពុងគំរាមកំហែងពិភពលោកសារជាថ្មី។
បើតាមរបាយការណ៍ពីអង្គសុខភាពពិភពលោក យ៉ាងហោចណាស់ពលរដ្ឋជិត៧០%ក្នុងប្រទេសមានប្រាក់ចំណូលខ្ពស់ បានទទួលថ្នាំវ៉ាក់សាំងកូវីដ១៩១ដូស ខណៈអ្នករស់នៅក្នុងប្រទេសដែលមានប្រាក់ចំណូលតិច មិនដល់១០%ផង ដែលបានទទួលវ៉ាក់សាំងមួយដូសដូចគ្នា។
គិតត្រឹមថ្ងៃពុធទី២២ខែធ្នូ អូមីក្រុង ដែលរកឃើញដំបូងនៅអាហ្វ្រិកខាងត្បូង បានរាលដាលទៅ ១០៦ប្រទេសនិងដែនដីហើយ។ នេះបើតាមការអះអាងពីអង្គការសុខភាពពិភពលោក៕