លោកស្រី ខាតធឺរីន ស្មលវូត (Catherine Smallwood) មន្រ្តីជាន់ខ្ពស់អង្គការសុខភាពពិភពលោកសម្រាប់តំបន់អឺរ៉ុប បាននិយាយថា អ្នកដំណើរគួរតែត្រូវបានក្រើនរំឭកឱ្យពាក់ម៉ាស់ដូចជាក្នុងពេលហោះហើរធ្វើដំណើផ្លូវឆ្ងាយជាដើម ពិសេសគឺអ្នកដំណើរ ដែលមកពីតំបន់មានផ្ទុះមេរោគប្រភេទថ្មីនេះតែម្តង។
មន្រ្តី WHO ប្រចាំតំបន់អឺរ៉ុបដដែលបន្តថា បណ្តាប្រទេសត្រូវពិនិត្យមើលលិខិតស្នាម លើការធ្វើតេស្តមុនពេលចេញដំណើរ ហើយវិធានការធ្វើដំណើរក៏គួរត្រូវបានអនុវត្តឱ្យបានដូចៗគ្នា ដោយមិនមានការរើសអើងផងដែរ។
គួរដឹងថា XBB.1.5 ត្រូវបានរកឃើញប្រហែល ២៧% នៃករណីជំងឺកូវីដ១៩នៅក្នុងសហរដ្ឋអាមេរិក គិតត្រឹមថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣។ ទោះជាយ៉ាងណាក៏ដោយនៅក្នុងតំបន់អឺរ៉ុបវិញ មេរោគបំប្លែងខ្លួនប្រភទនេះ ត្រូវបានរកឃើញនៅក្នុងចំនួនតិចតួចប៉ុណ្ណោះ ប៉ុន្តែសម្ទុះរបស់វាកំពុងកើនឡើងជាលំដាប់។
យ៉ាងណាមិញ គេមិនច្បាស់ថា XBB1.5 នេះនឹងបង្កឱ្យការមានឆ្លងរាលដាលខ្លាំងជាសាកល ឬយ៉ាងណានោះទេ ខណៈក្រុមអ្នកជំនាញកំពុងតានដានលើវាដោយយកចិត្តទុកដាក់។ ជាមួយគ្នានេះ វ៉ាក់សាំងដែលមានក្នុងពេលបច្ចុប្បន្ន នៅតែអាចការពារមនុស្សពីការធ្លាក់ខ្លួនឈឺខ្លាំងដល់ចូលមន្ទីរពេទ្យ និងការពារពីការឈានដល់បាត់បង់ជីវិតផងដែរ។ នេះបើតាមការលើកឡើងរបស់អ្នកជំនាញនៃអង្គការសុខភាពពិភពលោក។
ទោះយ៉ាងណា WHO បានលើកជាកង្វល់ពីមេរោគ XBB.1.5 ដែលកំពុងផ្ទុះនៅសហរដ្ឋអាមេរិកថា អាចនឹងបន្តរីករាលថែមទៀត ហើយក្រៅពីអាមេរិកក៏អាចមាននៅប្រទេសចិនផងដែរ ដែលបច្ចុប្បន្នប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតមួយនេះ កំពុងមានករណីឆ្លងកើនឡើង ក្រោយរដ្ឋាភិបាលក្រុងប៉េកាំងដកចេញគោលនយោបាយសូន្យកូវីដ កាលពីខែធ្នូឆ្នាំ២០២២។
ដោយឡែក ភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍សហភាពអឺរ៉ុប និងមជ្ឈមណ្ឌលអឺរ៉ុបសម្រាប់គ្រប់គ្រងជំងឺឆ្លង បានចេញវិធានការសម្រាប់ជើងហោះហើររវាងចិន និងសហភាពអឺរ៉ុប ដើម្បីកាត់បន្ថយការរីករាលដាលនៃជំងឺនេះ ដូចជាការពាក់ម៉ាស់ និងការធ្វើតេស្តអ្នកដំណើរជាដើម៕
អត្ថបទ ៖ នៅ សំភិ