អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយកនៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានអះអាងច្បាស់ៗថា ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនខ្មែរដ៏ធំដំបូងគេ ដែលបានផ្ដួចផ្ដើមជួយឧបត្ថម្ភគាំទ្រវិស័យកីឡាគុនខ្មែរតាំងពីកវែកកឆ្នាំង រហូតទទួលបានៅភាពល្បីល្បាញសុសសាយទាំងនៅក្នុងស្រុក និងលើឆាកអន្តរជាតិ នាពេលបច្ចុប្បន្ន។
អ្នកឧកញ៉ា បន្ថែមថា ជាមួយនឹងសមិទ្ធិផលដែលសម្រេចបាននាពេលកន្លងមក បានផ្ដល់ជាកម្លាំងចិត្តកាន់តែខ្លាំងក្លា ដើម្បីឲ្យ ខ្មែរ ប៊ែវើរីជីស នៅតែបន្ដគោលដៅរបស់ខ្លួន ក្នុងការវិនិយោគរាប់លានដុល្លារបន្ថែមទៀត ដើម្បីអភិវឌ្ឍវិស័យប្រដាល់គុនខ្មែរឲ្យកាន់តែល្បីរន្ទឺថែមទៀត តាមរយៈកិច្ចសហការជាមួយនឹងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។
ជាមួយគ្នានេះ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធគុនខ្មែរបានទទួលស្គាល់ថា ការរីកចម្រើនរបស់វិស័យគុនខ្មែរបច្ចុប្បន្ន គឺពិតជាមិនអាចខ្វះការគាំទ្រពីវិស័យឯកជនបានឡើយ ពិសេស គឺការគាំទ្រដោយឥតងាករេរបស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ដែលជាអ្នកផ្ដួចផ្ដើមដ៏សំខាន់មួយ ជួយគាំទ្រដល់វិស័យនេះ តាំងពីដើមរៀងមក។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ន កម្មវិធីប្រកួតកីឡាប្រដាល់គុនខ្មែរនៅកម្ពុជាមានប្រហែល ១៥ ទៅ១៨កម្មវិធីប្រកួតក្នុងមួយសប្ដាហ៍ ដោយក្នុងនោះ កម្មវិធីដែលគាំទ្រឧបត្ថម្ភដោយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានរហូតដល់ ៥កម្មវិធីក្នុងមួយសប្ដាហ៍។ ដូច្នេះ ឯកឧត្តម ប្រធានសហព័ន្ធគុនខ្មែរ ជឿជាក់យ៉ាងមុតមាំថា ការសហការជាមួយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គឺជាចំណុចពិសេស ដែលនឹងជួយជ្រោមជ្រែងវិស័យគុនខ្មែរ ឲ្យកាន់តែមានឈ្មោះបោះសំឡេងទាំងនៅក្នុងស្រុក និងលើឆាកអន្តរជាតិ។ ពិសេស ជួយពង្រឹងសមត្ថភាព និងបង្កើនប្រាក់ចំណូលសម្រាប់កីឡាករឲ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។
ឧត្តមសេនីយ៍ត្រី ហេង សុខឃន ប្រធានសហព័ន្ធប្រដាល់ឃិតបុកស៊ីង បានលើកឡើងដែរថា ការទទួលបានការឧបត្ថម្ភគាំទ្រពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គឺជាការរួមចំណែកដ៏សំខាន់ក្នុងការផ្សព្វផ្សាយអំពីកិត្យានុភាពរបស់កម្ពុជាទៅកាន់ពិភពលោក តាមរយៈវិស័យកីឡា។
ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនផលិតភេសជ្ជៈខ្មែរដ៏ធំជាងគេនៅកម្ពុជា ថ្មីៗនេះ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយសហព័ន្ធកីឡាគុនខ្មែរ ស្ដីពីកិច្ចសហការឧបត្ថម្ភកម្មវិធីប្រកួតប្រដាល់គុនខ្មែរ និង Kickboxing ដើម្បីពង្រឹងបច្ចេកទេសកីឡាករ កីឡាការិនីជម្រើសជាតិ ដើម្បីចូលរួមប្រកួតនៅក្រៅប្រទេស និងបណ្ដុះបណ្ដាលកីឡាករថ្នាលក្នុងទិសដៅឆ្ពោះទៅកាន់កីឡាយុវជនអាស៊ីឆ្នាំ២០២៩។ ការចុះអនុស្សរណៈនេះ បានបង្ហាញឲ្យឃើញកាន់តែច្បាស់អំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្នុងការរួមចំណែកបណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាពកីឡាករខ្មែរ ឲ្យកាន់តែខ្លាំងក្លាទ្វេដង ដើម្បីឈានទៅដណ្ដើមជ័យជំនះនៅក្នុងការប្រកួតធំៗទាំងថ្នាក់តំបន់ និងពិភពលោក៕