មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច និងធុរកិច្ច (CBER) របស់អង់គ្លេសបានព្យាករថា មហាយក្សចិនមានសក្តានុពលអាចដណ្តើមតំណែងកំពូលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី១ របស់ពិភពលោក បើគិតពីទំហំផលិតផលក្នុងស្រុកសរុប(GDP)នៅត្រឹមដើមឆ្នាំ២០៣៧ ហើយក៏បានបញ្ជាក់ពីកំណើនដ៏រឹងមាំនៅក្នុងប្រទេសផ្សេងទៀតផងដែរ ដូចជាមហាយក្សឥណ្ឌាជាដើម។
ទោះជាយ៉ាងណា ការព្យារករថ្មីនេះបង្ហាញថា សហរដ្ឋអាម៉េរិកនឹងនៅតែអាចឈរជើងជាមហាអំណាចសេដ្ឋកិច្ចកំពូលយូរជាងការរំពឹងទុកដល់ទៅ៩ឆ្នាំ បើធៀបនឹងការព្យាករមុននេះដែលលើកឡើងថា មហាយក្សចិននឹងអាចវ៉ាឈ្នះសេដ្ឋកិច្ចអាម៉េរិក នៅត្រឹមឆ្នាំ២០២៨។
លោកស្រី នីណា ស្កេរ៉ូ (Nina Skero) នាយកប្រតិបត្តិមជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច និងធុរកិច្ច(CBER)បានគូសបញ្ជាក់ថា ការដាក់ចំណាត់ថ្នាក់សេដ្ឋកិច្ចធំបំផុតក្នុងពិភពលោកត្រូវធ្វើឡើងដោយផ្អែកជាសំខាន់លើផលិតផលក្នុងស្រុកសរុប(GDP) ដោយគេមិនគិតពីកត្តាផ្សេងៗដូចជាស្ដង់ដានៃការរស់នៅនោះទេ ហើយបើយកស្តង់ដានៃការរស់នៅមកធ្វើការវាស់ស្ទង់បង្ហាញថា មហាយក្សចិននឹងមិនអាចតាមទាន់សហរដ្ឋអាម៉េរិកក្នុងពេលឆាប់ៗខាងមុខនោះឡើយ។
ក្រុមអ្នកជំនាញសេដ្ឋកិច្ចជឿថា ទំហំ GDP ដ៏ធំដែលសម្រេចបានកំណើនយ៉ាងឆាប់រហ័សជាកត្តាស្នូលឆ្លុះបញ្ចាំងពីអំណាចយោធា ឥទ្ធិពលសេដ្ឋកិច្ច និងសារៈសំខាន់របស់ប្រទេសមួយនៅលើឆាកអន្តរជាតិ ស្របពេលទំនុកចិត្តអាជីវកម្មក្នុងប្រទេសចិន កំពុងធ្លាក់ចុះដែលជំរុញឱ្យរដ្ឋាភិបាលក្រុងប៉េកាំង បន្តបង្កើនការចំណាយរបស់ខ្លួនដើម្បីជំរុញសេដ្ឋកិច្ច។
លោក យ៉ាសឹង ហ័ង (Yasheng Huang) សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចសកល និងការគ្រប់គ្រងនៅសាលាគ្រប់គ្រង អិមអាយធី ស្លូន (MIT Sloan) ដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក បានលើកឡើងថា បញ្ហាដ៏ចម្បងដែលមហាយក្សចិន ប្រឈមនាពេលបច្ចុប្បន្ន គឺចំនួនប្រជាជន វិស័យឯកជន និងបញ្ហាវិនិយោគិនគ្មានទំនុកចិត្តរយៈពេលវែងទៅលើសេដ្ឋកិច្ចចិន។
កំណើនប្រជាជនក្នុងប្រទេសចិន និងសហរដ្ឋអាម៉េរិក បាននៅទ្រឹងក្នុងសតវត្សរ៍ទី២១ នេះ ខណៈចំនួនប្រជាជនក្នុងប្រទេសឥណ្ឌា បន្តកើនឡើងយ៉ាងឆាប់រហ័សដែលនឹងជួយជំរុញកំណើនសេដ្ឋកិច្ច។
លោក រ៉ាជីវ ប៊ីស្វាស់ (Rajiv Biswas) ប្រធានសេដ្ឋវិទូប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅផ្នែកស្រាវជ្រាវទីផ្សារនៃក្រុមហ៊ុនវិភាគព័ត៌មានហិរញ្ញវត្ថុ S&P Global បានថ្លែងក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន CNBC ថា ប្រជាជនវ័យក្មេងក្នុងប្រទេសឥណ្ឌា គឺមានចំនួនច្រើនជាង បើធៀបនឹងប្រទេសមានសេដ្ឋកិច្ចធំៗផ្សេងទៀតក្នុងតំបន់អាស៊ី ដូចជាជប៉ុន កូរ៉េខាងត្បូង ឬសូម្បីប្រទេសចិន។
ដូចនេះវាមិនទាន់ដល់វេនចិននោះទេ ដែលនេះមានន័យថា មហាយក្សចិននៅត្រូវការពេលវេលាយូរបន្ថែមទៀតទម្រាំអាចវ៉ាឈ្នះសហរដ្ឋអាម៉េរិកក្លាយជាសេដ្ឋកិច្ចធំបំផុតទី១ របស់ពិភពលោក៕
ដោយ: តែម សុខុម