គ្មានឡើយការវិនិយោគ នៅក្នុងគម្រោងវិនិយោគធ្យូងថ្មថ្មីៗ ហើយមហាយក្សចិន ក៏មិនមានការវិនិយោគថ្មីបន្ថែមនៅក្នុងប្រទេសរុស្ស៊ី អេហ្ស៊ីប និងស្រីលង្កានោះដែរ ពោលគឺចំណាយលើការវិនិយោគក្នុងប្រទេសទាំងនេះ បានធ្លាក់ចុះធ្លាក់ចុះដល់កម្រិតសូន្យតែម្ដងនៅរយៈពេល៦ខែដំបូងនៅឆ្នាំនេះ។ នេះបើតាមការស្រាវជ្រាវថ្មីបានបង្ហាញថ្មីៗមួយ របស់មជ្ឈមណ្ឌលហិរញ្ញវត្ថុ និងការអភិវឌ្ឍបៃតង (GFDC) ដែលមានមូលដ្ឋាននៅទីក្រុងស៊ាងហៃប្រទេសចិន។
ការស្រាវជ្រាវរបស់ស្ថាប័ន GFDC ដដែលនេះ បានឲ្យដឹងថា ប្រទេសអារ៉ាប៊ីសាអូឌីត គឺជាអ្នកទទួលបានការវិនិយោគដ៏ធំបំផុតនៃគម្រោងរបស់ប្រទេសចិន នៅក្នុងរយៈពេល៦ខែដំបូងនៅឆ្នាំនេះ ក្នុងទឹកប្រាក់ប្រហែល ៥បាន់៥រយលានដុល្លារ។
ការស្រាវជ្រាវបានបង្ហាញទៀតថា ការផ្តល់ហិរញ្ញប្បទាន និងការវិនិយោគសរុបនៅឆមាសទី១ឆ្នាំនេះ មានចំនួន ២៨ពាន់លានដុល្លារ ដោយបានធ្លាក់ចុះពីចំនួនជិត៣០ ពាន់លានដុល្លារ កាលពីឆមាសទី១ឆ្នាំមុន។ បើសរុបជារួម រាប់តាំងការដាក់ចេញគម្រោងផ្លូវមួយ និងខ្សែក្រវាត់មួយកាលពីឆ្នាំ២០១៣ មកទល់នឹងឆមាសទី១ឆ្នាំ២០២២ឃើញថា ប្រទេសចិនបានចំណាយទុនវិនិយោគសរុបដល់ប្រមាណ ៩៣២ ពាន់លានដុល្លារ។
គេនៅចាំបានថា លោកប្រធានាធិបតីចិន Xi Jinping បានចាប់ផ្តើមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវនេះនៅក្នុងឆ្នាំ២០១៣ក្នុងគោលបំណងទាញយកភាពខ្លាំងរបស់ប្រទេសចិនក្នុងផ្នែកហិរញ្ញវត្ថុ និងការសាងសង់ហេដ្ឋារចនាសម្ពន្ធដើម្បី«កសាងសហគមន៍ទូលំទូលាយនៃផលប្រយោជន៍រួម»មួយនៅទូទាំងតំបន់អាស៊ី អាហ្វ្រិក និងអាមេរិកឡាទីន។
ប៉ុន្តែ ប្រទេសមួយចំនួនបានពិនិត្យមើលបន្ទុកបំណុល ដែលប្រទេសចិនបានដាក់ទៅលើពួកគេឡើងវិញ ព្រមទាំងបញ្ហាផ្សេងទៀតៗដូចជាការខូចខាតបរិស្ថានជាដើម ហើយប្រទេសទាំងនោះក៏បានធ្វើការចរចាឡើងវិញពីគម្រោងវិនិយោគរបស់ពួកគេជាមួយប្រទេសចិនផងដែរដោយសារពួកគេហាក់ព្រួយបារម្ភពីហានិភ័យនៃបំណុលរបស់ពួកគេ។ ប្រទេសលោកខាងលិច ពិសេស អាមេរិក តែងតែហៅគម្រោងផ្លូវមួយខ្សែក្រវាត់មួយរបស់ចិននេះ ថាជាអន្ទាក់បំណុលសម្រាប់ប្រទេសក្រីក្រ ប៉ុន្ដែ ចិនជារឿយៗតែងតែចេញមុខច្រានចោលការចោទប្រកាន់នេះ។
យ៉ាងណាមិញ សម្រាប់ការចំណាយវិនិយោគក្នុងគម្រោងផ្លូវមួយ ខ្សែក្រវាត់មួយ នៅឆមាសទី១ឆ្នាំនេះ គឺគ្មានគម្រោងវិនិយោគទៅលើធ្យូងថ្មថ្មីណាមួយទទួលបានការគាំទ្រពីប្រទេសចិនឡើយ បន្ទាប់ពីលោក ស៊ី ជីនពីង បានធ្វើការសន្យានៅមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីខែកញ្ញាឆ្នាំមុន ដើម្បីបញ្ចប់ការផ្តល់ហិរញ្ញប្បទានសម្រាប់រោងចក្រធ្យូងថ្មនៅបរទេស។
ទោះជាយ៉ាងណា អ្នកអភិវឌ្ឍន៍ចិនម្នាក់បានឈ្នះការដេញថ្លៃដើម្បីសាងសង់រោងចក្រថាមពលធ្យូងថ្មនៅប្រទេសឥណ្ឌូនេស៊ីកាលពីខែកុម្ភៈ ហើយក៏រោងចក្រធ្យូងថ្មដែលមានថាមពលសរុប ១១.២ ជីហ្កាវ៉ាត់ ដែលទទួលបានហិរញ្ញប្បទានរួចមកហើយដែរ ទោះបីជាមិនទាន់ចាប់ផ្តើមសាងសង់ក៏ដោយ។ នេះបើតាមការស្រាវជ្រាវរបស់មជ្ឈមណ្ឌលហិរញ្ញវត្ថុ និអភិវឌ្ឍបៃតង (GFDC) ដែលជាផ្នែកមួយនៃសាកលវិទ្យាល័យ Fudan នៅទីក្រុងសៀងហៃ។
មជ្ឈមណ្ឌលនេះបានបន្ថែមថា ប្រទេសចិនបានបន្តផ្តល់ការគាំទ្រដល់គម្រោងឥន្ធនៈហ្វូ ស៊ីលផ្សេងទៀតនៅបណ្តាប្រទេសដែលមានគម្រោងខ្សែក្រវាត់ និងផ្លូវដោយប្រេង និងឧស្ម័នមានចំនួនប្រហែល ៨០% នៃការវិនិយោគថាមពលនៅក្រៅប្រទេសរបស់ប្រទេសចិន និង ចំនួន ៦៦% នៃកិច្ចសន្យាសាងសង់របស់ខ្លួន។
ក្នុងនោះ ការវិនិយោគចូលរួមនៅក្នុងគម្រោងឧស្ម័នមានចំនួន ៦ពាន់៧រយលានដុល្លារនៅក្នុងឆមាសទីមួយឆ្នាំនេះបើធៀបនឹងចំនួន ៩ពាន់៥រយលានដុល្លារ ក្នុងរយៈពេលពេញមួយឆ្នាំកាលពីឆ្នាំមុន។ ប្រតិបត្តិការថាមពលមិនប៉ះពាល់បរិស្ថាន និងវារីអគ្គិសនីវិញ បានធ្លាក់ចុះ ២២% បើធៀបនឹងឆ្នាំមុន ហើយការវិនិយោគបានកើនឡើងពី ៤០០ លានដុល្លារដល់ ១៤ ពាន់លានដុល្លារ ប៉ុន្តែការចំណាយសាងសង់ទាក់ទងនឹងថាមពលមិនប៉ះពាល់បរិស្ថានបានធ្លាក់ចុះមកនៅត្រឹម ១ពាន់៦រយលានដុល្លារ ដែលវាតិចជាងពាក់កណ្តាលបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕