ក្រោយបញ្ចប់ដំណើរទស្សនកិច្ចពីរថ្ងៃនៅប្រទេសម៉ុងហ្គោលី ក្រោមក្រសែភ្នែកយកចិត្តទុកដាក់បំផុតពីអន្តរជាតិ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានធ្វើដំណើរត្រឡប់ទៅដល់ប្រទេសរុស្ស៊ីវិញប្រកបដោយសុវត្ថិភាពកាលពីយប់ថ្ងៃអង្គារសប្តាហ៍នេះ។ ដំណើរទស្សនកិច្ចរបស់លោក ពូទីន នេះ បានបន្សល់នូវចម្ងល់មួយចំនួនលើកឡើងថា តើហេតុអ្វីបានជាម៉ុងហ្គោលីហ៊ានល្មើសដីការបស់ ICC មិនចាប់ខ្លួនលោក ពូទីន ខណៈប្រទេសនេះជាសមាជិកមួយរបស់ ICC មួយដែរនោះ?
ទោះបី ម៉ុងហ្គោលី ដែលជាសមាជិកនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ត្រូវមានកាតព្វកិច្ចត្រូវគោរពតាមដីការបស់តុលាការនេះក៏ដោយ ប៉ុន្តែក៏មានករណីលើកលែងមួយចំនួនដែរ ដូចជាករណីរំលោភលើអភ័យឯកសិទ្ធិការទូតជាដើម ដូច្នេះហើយទស្សនកិច្ចរបស់លោក ពូទីន នេះ អាចស្ថិតនៅក្រោមបទប្បញ្ញត្តិនេះ ទើបប្រទេសនេះមិនអនុវត្តតាមដីការបស់ ICC។
តែទោះយ៉ាងណាក៏ដោយ មានហេតុផលសំខាន់ផ្សេងទៀត ដែលម៉ុងហ្គោលី មិនអាចចាប់ខ្លួនលោក ពូទីន តាមដីការបស់តុលាការនេះ នោះអាចដោយសារសេដ្ឋកិច្ចរបស់ម៉ុងហ្គោលី មានការពឹងផ្អែកខ្លាំងលើរុស្ស៊ី និងចិន ដែលហ៊ុព័ទ្ធជុំវិញប្រទេសនេះ។ ជាក់ស្តែង ម៉ុងហ្គោលី នៅតែពឹងផ្អែកលើប្រេង និងទិញអគ្គិសនីពីរុស្ស៊ី ដោយកាលពីឆ្នាំមុន ប្រទេសនេះបាននាំចូលប្រេងពីរុស្ស៊ី រហូតដល់២៦% ហើយនាំចូលប្រេងពីចិនចំនួន៤១% តាមរយៈក្រុមហ៊ុនបណ្ដាក់ទុនរួមគ្នារវាងរុស្ស៊ី និងម៉ុងហ្គោលី គឺក្រុមហ៊ុន UBTZ។
ទន្ទឹមនឹងនេះ ប្រទេសម៉ុងហ្គោលី ក៏បានរីករាយជាមួយកំណើនសេដ្ឋកិច្ចដ៏រឹងមាំ ដែលកើតចេញពីការបង្កើនការនាំចេញធ្យូងថ្មទៅកាន់ប្រទេសចិនផងដែរ ដោយកាលពីឆ្នាំមុន ម៉ុងហ្គោលី បាននាំចេញធ្យូងថ្មីទៅកាន់ប្រទេសចិន ចំនួន៩១% នៃការនាំចេញសរុបរបស់ខ្លួន។
ប្រភពពីមន្ត្រីរដ្ឋាភិបាលម៉ុងហ្គោលីម្នាក់ បានលួចបង្ហើបឱ្យដឹងថា ប្រទេសម៉ុងហ្គោលី ត្រូវបានព័ទ្ធជិតដោយមហាអំណាចធំៗទាំងពីរ គឺរុស្ស៊ី និងចិនទៅហើយ។ ដូច្នេះហើយចង់ឬមិនចង់ ម៉ុងហ្គោលី ត្រូវតែចុះសម្រុងគ្នាជាមួយនឹងមហាអំណាចទាំងពីរនេះ បើមិនអ៊ីចឹងទេ ម៉ុងហ្គោលី ច្បាស់ជាមិនអាចរស់បានឡើយ៕
អត្ថបទ៖ សុខ មង្គល