កម្ពុជាសម្រេចផ្ទេរវ៉ាក់សាំង១៥លានដូស ដែលមិនទាន់ដឹកមកកម្ពុជាឲ្យទៅចិនវិញ

ហេតុអ្វីរាជរដ្ឋាភិបាលកម្ពុជាសម្រេចផ្ទេរវ៉ាក់សាំង១៥លានដូស ដែលមិនទាន់ដឹកមកកម្ពុជាឲ្យទៅចិនវិញ?


រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្ទេរវ៉ាក់សាំងចំនួន ១៥លានដូស ដែលមិនទាន់ដឹកមកកម្ពុជាឲ្យទៅប្រទេសចិនវិញ ដើម្បីឲ្យចិនយកវ៉ាក់សាំងទាំងនោះ ទៅចែកឲ្យប្រទេសដទៃដែលកំពុងខ្វះខាតវ៉ាក់សាំង។ ម្យ៉ាងវិញទៀត រហូតមដល់ពេលនេះចំនួនចាក់វ៉ាក់សាំងរបស់ប្រជាពលរដ្ឋកម្ពុជា ក៏មានការថយចុះ គួបផ្សំនឹងកម្ពុជាក៏មានវ៉ាក់សាំងគ្រប់គ្រាន់ផងដែរ។ នេះបើតាមការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងពិធីបិទសន្និបាតលើកទី៤២ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣។
កម្ពុជាសម្រេចផ្ទេរវ៉ាក់សាំង១៥លានដូស ដែលមិនទាន់ដឹកមកកម្ពុជាឲ្យទៅចិនវិញ

ថ្លែងនៅក្នុងពិធីបិទសន្និបាតលើកទី៤២ «បូកសរុបសមិទ្ធផលសុខាភិបាល រយៈពេល ៥ឆ្នាំ ឆ្នាំ២០១៨-២០២២ និងទិសដៅឆ្នាំ២០២៣ និងឆ្នាំបន្ត» នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ថា សម្ដេចបានអនុម័តរួចហើយក្នុងការសម្រេចផ្ទេរវ៉ាក់សាំង ១៥លានដូសទៅចិនវិញ។ យ៉ាងណាក៏ដោយ សម្ដេចក៏បានបញ្ជាក់ផងដែរពីមូលហេតុដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្ទេរវ៉ាក់សាំងទៅឲ្យប្រទេសចិនវិញ ដោយសម្ដេចបានអះអាងថា នៅពេលនេះកម្ពុជា មានវ៉ាក់សាំងគ្រប់គ្រាន់ ហើយចំនួនចាក់វ៉ាក់សាំងរបស់ប្រជាពលរដ្ឋ ក៏មានការថយចុះផងដែរ។ ដូច្នេះ សម្ដេចសម្រេចផ្ទេរវ៉ាក់សាំងនេះ ទៅឲ្យមិត្តចិនវិញ ពីព្រោះថាបើសិនជាទុកវ៉ាក់សាំងរយៈពេលយូរវាអាចនឹងហួសសុពលភាព។ ម្យ៉ាងវិញទៀត សម្ដេចចង់ឲ្យប្រទេសចិន យកវ៉ាក់សាំងទាំង ១៥លានដូសនោះ ទៅចែកជូនដល់បណ្ដាប្រទេសដទៃដែលកំពុងខ្វះខាត និងមានតម្រូវការវ៉ាក់សាំង ផងដែរ។ ខណៈបច្ចុប្បន្ន កម្ពុជា នៅសល់វ៉ាក់សាំងកូវីដ១៩ ក្នុងស្ដុកប្រមាណ ៦លានដូស នៅឡើយ។

សូមបញ្ជាក់ថា ចាប់តាំងពីមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្រៅតែពីវ៉ាក់សាំងដែលទទួលបានពីជំនួយយន្ដការកូវ៉ាក់របស់អង្គការសុខភាពពិភពលោក ចិនគឺជាប្រទេសទី១ ដែលបានផ្ដល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មកដល់កម្ពុជា។ បន្ទាប់ពីប្រទេសចិន ក៏មានប្រទេសអ្នកមានធំៗ ចំនួន៣ទៀត បានផ្ដល់និងកំពុងផ្ដល់វ៉ាក់សាំងឲ្យកម្ពុជា ជាបន្ដបន្ទាប់ ផងដែរ ដូចជា ជប៉ុន អាមេរិក និងអង់គ្លេស។ គិតត្រឹមថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា សម្រេចបានជាង ៩៥% ហើយ នៃចំនួនប្រជាជនសរុប ១៦លាននាក់។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល៕




អត្ថបទបន្ទាប់


ធនាគារ SME ថា មូលនិធិ១៥០លានដុល្លារនឹងបញ្ចេញអស់នៅត្រឹមឆ្នាំនេះ ខណៈបច្ចុប្បន្នបញ្ចេញបានជាង៤៦លានដុល្លារហើយ

ថ្នាក់ដឹកនាំធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា អះអាងថា បើទោះបីជាការបញ្ចេញឥណទាននៃកញ្ចប់ថវិកា ១៥០លានដុល្លារ សម្រាប់ស្តារអាជីវកម្មទេសចរណ…

ទីបំផុត ស្រីលង្កានឹងចុះហត្ថលេខាទទួលថវិកាជិត ៣ពាន់លានដុល្លារពី IMF បន្ទាប់ពីរង់ចាំទាំងត្រដាបត្រដួស

ប្រទេសស្រីលង្កា ដែលកំពុងជួបនូវវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរមិនធ្លាប់មាននោះ មើលទៅទំនងជានឹងបិទបញ្ចប់ការចុះហត្ថលេខាដើម្បីទទួលបានកញ្ចប់ថវិកាជួយស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ