ពាក់ព័ន្ធការធ្លាក់ចុះសម្ទុះគាំទ្រក្នុងវិស័យដីឡូតិ៍នេះ ត្រូវបានអ្នកជំនាញក្នុងវិស័យអចលនទ្រព្យមើលឃើញថា គឺដោយសារគម្រោងដីឡូតិ៍ដែលបានពុះពីមុនៗមួយចំនួន គ្មានការអភិវឌ្ឍដូចអ្វីដែលម្ចាស់គម្រោងបានសន្យាពេលបើកគម្រោងដំបូង។ មួយវិញទៀត ការបើកគម្រោងដីឡូតិ៍ពីមុនៗ មិនបានគិតគូពីបញ្ហាហេដ្ឋាចរនាសម្ព័ន្ធ និងការផ្តល់ជូននូវទីធ្លារសាធារណៈ ដែលធ្វើឲ្យអ្នកទិញហាក់រារែកចិត្តក្នុងការសង់លំនៅឋាន និងពិបាកក្នុងការលក់ចេញបន្ត។ ការយឺតយ៉ាវក្នុងការរត់ប្លង់ និងមានបញ្ហាពេលចេញប្លង់ជាមូលហេតុមួយ ដែលធ្វើឲ្យពលរដ្ឋលែងសូវចាប់អារម្មណ៍ទិញដីឡូតិ៍ផងដែរ។
ឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CPL បានបង្ហាញហេតុផលមួយចំនួន ដែលធ្វើឲ្យវិស័យពុះដីឡូតិ៍ហាក់នៅទ្រឹង និងបាត់បង់ប្រជាប្រិយភាពនៅប៉ុន្មានឆ្នាំក្រោយ។ អ្នកជំនាញរូបនេះបានគូសបញ្ចាក់ថា កត្តាដែលធ្វើឲ្យវិស័យដីឡូតិ៍ហាក់បាត់បង់ការគាំទ្រ គឺដោយសារម្ចាស់គម្រោងពុះដីឡូតិ៍មួយចំនួនមិនបានគិតគូពីហេដ្ឋារចនាសម្ព័ន្ធដូចជាប្រព័ន្ធលូ ទឹក ភ្លើង និងទីធ្លាសាធារណៈ។ ការមិនទទួលបានប្រាក់ចំណេញ ដូចអ្វីដែលម្ចាស់គម្រោង ឬភ្ញាក់ងារលក់អះអាងពេលបើកលក់គម្រោងដំបូង ក៏ជាមូលហេតុធ្វើប្រជាពលរដ្ឋបាត់បង់ទំនុកចិត្តលើវិស័យនេះផងដែរ។ ព្រោះជាធម្មតាអ្នកទិញដីឡូតិ៍តែងតែចង់បានប្រាក់ចំណេញ និងចង់ឃើញនៅតំបន់នោះមានការអភិវឌ្ឍដូចអ្វី ដែលអ្នកលក់អះអាងបានបង្ហាញដល់ខ្លួន។
ជាមួយគ្នានេះលោកស្រី អាន សុធីតា នាយិកាគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ PropNex យល់ឃើញស្រដៀងគ្នាដែរថា ការធ្លាក់ប្រជាប្រិយភាពរបស់វិស័យពុះដីឡូតិ៍ គឺដោយសារអតិថិជនហាក់មានការរារែកចិត្ត បន្ទាប់ពីអ្នកទិញដីឡូតិ៍ពីមុនៗជួបបញ្ហាមានភាពយឺតយ៉ាវក្នុងការទទួលបានប្លង់ គូបផ្សំគម្រោងខ្លះគ្មានហេដ្ឋារចនាសម្ព័ន្ធ ដែលធ្វើឲ្យពួកគេមានការលំបាកក្នុងការសាងសង់លំនៅឋាន។ អ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា ចរន្តទិញលក់ក្នុងវិស័យដីឡូតិ៍មានការធ្លាក់ចុះអស់រយៈពេល៣ឆ្នាំមកហើយ បើទោះបីគម្រោងដីឡូតិ៍បច្ចុប្បន្នមានតម្លៃថោកជាងមុខក៏ដោយ។
អ្នកជំនាញមានបទពិសោធន៍ជាង២០ឆ្នាំក្នុងវិស័យអចលនទ្រព្យឧកញ៉ា ចេង ខេង ជឿជាក់ថា ក្រុមហ៊ុនពុះដីឡូតិ៍នឹងមិនអាចរស់បានឡើយ បើម្ចាស់គម្រោងបន្តពុះដីឡូតិ៍តាមរបៀបចាស់ដោយគ្មានការសិក្សាពីចំណង់ចំណូលចិត្តរបស់អតិថិជន និងច្បាប់ដែលដាក់ចេញដោយស្ថាប័នមានសមត្ថកិច្ច។ អ្នកជំនាញរូបនេះបានផ្តល់ជាគំនិតយោបល់ថា បើសិនចង់ឲ្យវិស័យដីឡូតិ៍អាចដំណើរការបាន គឺក្រុមហ៊ុនពុះដីឡូតិ៍ទាំងអស់ត្រូវចេះ បទបែនតាមកាលៈទេសៈ ព្រោះមនុស្សពីមួយជំនាន់ទៅមួយជំនាន់មានការគិតខុសៗគ្នា។
គួររំលឹកថា កាលពី៤ទៅ៥ឆ្នាំមុនវិស័យពុះកីឡូលក់មានភាពផុសផុល និងទទួលបានការគាំទ្រយ៉ាងខ្លាំងមែនទែនពីអតិថិជន ជាពិសេសនៅតំបន់ជាយរាជធានីភ្នំពេញតែម្តង។ ប៉ុន្តែប៉ុន្មានឆ្នាំក្រោយ ពោលគឺបន្ទាប់ពីកម្ពុជាទទួលរងនូវការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ចរន្តទិញលក់ក្នុងវិស័យនេះ ត្រូវបានអ្នកជំនាញមើលឃើញមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ ហើយគម្រោងពុះដីឡូតិ៍ថ្មៗ ក៏ពុំសូវមានភាពផុសផុលដូចពីផងដែរ៕