មេដឹកនាំកូរ៉េខាងត្បូង

តើហេតុអ្វីបានជាប្រធានាធិបតីកូរ៉េខាងត្បូង ប្រកាសដាក់ប្រទេសនៅក្នុងច្បាប់អាជ្ញាសឹក?


ប្រធានាធិបតីកូរ៉េខាងត្បូងបានធ្វើឱ្យប្រទេសក្នុងតំបន់  និងលើពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយលោកបានប្រកាសដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹកជាលើកដំបូងក្នុងរយៈពេលជិត៥០ឆ្នាំកន្លងមកនេះ។ ការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ននេះបានធ្វើឱ្យសាធារណៈមតិប្រតិកម្មយ៉ាងខ្លាំង និងទាមទារឲ្យលោកលាលែងចេញពីតំណែង។ នេះបើយោងតាមការចុះផ្សាយារបស់សារព័ត៌មានធំៗជាច្រើន។
មេដឹកនាំកូរ៉េខាងត្បូង
ដោយ

សារព័ត៌មានធំៗនៅពិភពលោកកំពុងដាក់ការតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះសភាពការណ៍ដែលកំពុងកើតមានឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូង ក្រោយលោក យូន ស៊ុកយុល ប្រធានាធិបតីប្រទេសនេះបានសម្រេចចិត្តប្រកាសតាមកញ្ចក់ទូរទស្សន៍ទាំងយប់ ដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹកដោយលើកឡើងពីកង្វល់នៃការប្រឆាំងរបស់កម្លាំងប្រឆាំងរដ្ឋ និងការគំរាមកំហែងពីកូរ៉េខាងជើង។ ភ្លាមៗក្រោយការប្រកាសក្រុមសមាជិកសភាមកពីគណបក្សប្រឆាំង ដែលមានសំឡេងភាគច្រើននៅក្នុងសភាបានបោះឆ្នោតប្រឆាំងនឹងច្បាប់អាជ្ញាសឹក ដែលប្រកាសដោយលោកប្រធានាធិបតី ហើយលោកក៏បានសម្រេចចិត្តថា នឹងដកច្បាប់នោះចេញវិញ។

ពាក់ព័ន្ធនឹងស្ថានភាពនេះ ក្រុមអ្នកសង្កេតការណ៍បានប្រាប់ BBC ថា ការសម្រេចចិត្តរបស់លោក យូន ស៊ុកយុល គឺហាក់ដូចជាលោកកំពុងតែស្ថិតនៅក្រោមសម្ពាធរបស់គណបក្សប្រឆាំងរហូតដល់លោកបានប្រកាសច្បាប់អាជ្ញាសឹក ដើម្បីដាក់សម្ពាធក្រុមប្រឆាំង ប៉ុន្តែពួកគេចាត់ទុកថា នេះគឺជាការសម្រេចចិត្តដ៏ខុសឆ្គងមួយនៅក្នុងប្រវត្តិនៃប្រទេសកូរ៉េខាងត្បូង។

ក្រោយការប្រកាសទាហាន និងកងកម្លាំងប្រដាប់ដោយអាវុធ ត្រូវបានដាក់ពង្រាយនៅអគាររដ្ឋសភាជាតិ បន្ទាប់មកនៅម៉ោង១១យប់ថ្ងៃទី៣ ខែធ្នូ កងកម្លាំងបានចេញបទបញ្ជាហាមឃាត់ការធ្វើតវ៉ា និងបិទសភា រួចហើយដាក់ប្រព័ន្ធផ្សព្វផ្សាយនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល ប៉ុន្តែអ្នកនយោបាយកូរ៉េខាងត្បូង បានហៅការប្រកាសរបស់លោក យូន ស៊ុកយុល ថា ខុសច្បាប់ និងរំលោភរដ្ឋធម្មនុញ្ញ។ មេដឹកនាំគណបក្សប្រជាធិបតេយ្យសេរី ដែលជាគណបក្សប្រឆាំងដ៏ធំនៅប្រទេសនេះ គឺលោក លី ជេ មីយុន ( Lee Jae-myung ) បានស្នើឱ្យសមាជិកសភាចូលប្រជុំ ហើយបានបោះឆ្នោតច្រានចោលច្បាប់អាជ្ញាសឹកនេះ។

ដោយមានការគាំទ្រពីមហាជន នៅម៉ោងប្រមាណជា១រំលងអធ្រាត្រឈានចូលថ្ងៃពុធ សភារបស់ប្រទេសកូរ៉េខាងត្បូង ដែលមានសមាជិកចំនួន១៩០នាក់ ក្នុងចំណោម៣០០នាក់ បានបោះឆ្នោតទម្លាក់ចោលច្បាប់អាជ្ញាសឹកនេះ ដែលជាវិធានការពលរដ្ឋកូរ៉េខាងត្បូង បានឃើញចុងក្រោយបង្អស់កាលពីឆ្នាំ១៩៧៩ នៅពេលដែលមេដឹកនាំផ្តាច់ការយោធារបស់ប្រទេសនេះ លោក ផាក ជុងហេ (Park Chung-hee ) ត្រូវបានគេធ្វើឃាត។

លោក យូន ស៊ុកយុល បានក្លាយជាប្រធានាធិបតី កាលពីអំឡុងខែឧសភា ឆ្នាំ២០២២ ប៉ុន្តែលោកត្រូវស្ថិតនៅក្រោមសម្ពាធនយោបាយរបស់គណបក្សប្រឆាំង ដែលមានសំឡេងភាគច្រើននៅក្នុងសភា ដែលលោកជួបការលំបាកសព្វបែបយ៉ាង រួមទាំងច្បាប់ថវិកាជាតិ តាំងពីខែមេសា ឆ្នាំ២០២៤ មក នៅពេលគណបក្សប្រឆាំងឈ្នះការបោះឆ្នោតសភាភ្លូកទឹកភ្លូកដី។

នៅពេលនេះពិភពលោកកំពុងដាក់ក្រសែភ្នែកតាមដានស្ថានភាពនៅក្នុងប្រទេសនេះយ៉ាងយកចិត្តទុកដាក់បំផុត ខណៈផ្សារហ៊ុនកូរ៉េ បានធ្លាក់ចុះ២% នៅពេលបើកប្រតិបត្តិការជួញដូរនៅព្រឹកថ្ងៃពុធ។ នៅក្នុងស្ថានភាពនេះ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានរាយការណ៍ថា ក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង បានប្រកាសថា ខ្លួននឹងចាត់វិធានការចាំបាច់ ដើម្បីរក្សាស្ថិរភាពទីផ្សារហិរញ្ញវត្ថុ និងរូបិយប័ណ្ណ បរទេស រួមទាំងការផ្តល់សាច់ប្រាក់ងាយស្រួលគ្មានដែនកំណត់។ ជាមួយគ្នានេះ និយ័តករហិរញ្ញវត្ថុរបស់ប្រទេសនេះ បាននិយាយថា ខ្លួនបានត្រៀមខ្លួនជាស្រេចក្នុងការចាក់បញ្ចូលទឹកប្រាក់ជាង៧ពាន់លានដុល្លារទៅក្នុងទីផ្សារភាគហ៊ុន ដើម្បីរក្សាស្ថិរភាព ប្រសិនបើចាំបាច់៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីវៀតណាម ដាក់គោលដៅជំរុញកំណើនសេដ្ឋកិច្ចឱ្យឡើងដល់៨% នៅឆ្នាំ២០២៥

រដ្ឋសភាជាតិរបស់ប្រទេសវៀតណាម បានអនុម័តលើការកំណត់គោលដៅនៃកំណើនផលិតផលក្នុងស្រុកក្នុងរង្វង់៧% នៅឆ្នាំ២០២៥។ ប៉ុន្តែនាយករដ្ឋមន្ត្រីវៀតណាម លោក …

តើមានកត្តាអ្វីជំរុញឱ្យការបញ្ជាទិញស្ករត្នោតកំពង់ស្ពឺ ដែលជាផលិតផល GI មានការកើនឡើងទ្វេដងនៅឆ្នាំ២០២៥?

ស្ករត្នោតកំពង់ស្ពឺ ដែលផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រ (GI) កំពុងទទួលបានការពេញនិយម និងទទួលបានការបញ្ជាទិញពីក្រុមហ៊ុននានាយ៉ាងច្រើនសម្រាប់នាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ