លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គមយល់ឃើញថា ប្រសិនបើរដ្ឋាភិបាលថៃនៅតែមានះលុបចោល MoU 2001 ពាក់ព័ន្ធតំបន់សមុទ្រត្រួតស៊ីគ្នាជាមួយកម្ពុជាដោយឯកតោភាគី នោះប្រទេសថៃនឹងត្រូវខាតបង់កេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិ ចំពោះការមិនគោរពកិច្ចព្រមព្រៀង។ លោកបានសង្កត់ធ្ងន់ថា មូលហេតុដែលថៃ ចង់លុប MoU ឆ្នាំ២០០១ ក៏ដោយសារតែគេមានចេតនាទុច្ចរិតចង់ឈ្លានពានដែនទឹករបស់កម្ពុជា ខណៈការមិនបង្ហាញចេតនាក្នុងការលុប MoU ឆ្នាំ២០០០ ស្ដីពីការបែកចែកខណ្ឌសីមាព្រំដែនគោក ក៏ដោយសាតែបច្ចុប្បន្នពួកគេកំពុងគ្រប់គ្រងលើដែនអធិបតេយ្យកម្ពុជារួចទៅហើយ។ អ្នកជំនាញរូបនេះបានផ្តល់ជាយោបល់ឱ្យកម្ពុជាដាក់ការតវ៉ា និងត្រៀមប្តឹងទៅកាន់ស្ថាប័នអន្តរជាតិ ប្រសិនបើមានការរំលោភបំពានណាមួយកើតឡើង។
ជាមួយគ្នានេះលោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយកត់សម្គាល់ឃើញថា ថៃកំពុងប្រើប្រាស់នូវនយោបាយទុច្ចរិត ខណៈមកដល់ពេលនេះ រដ្ឋាភិបាលថៃមិនបានគោរពច្បាប់អន្តរជាតិ ដើម្បីដោះស្រាយវិវាទព្រំដែនគោកជាមួយកម្ពុជានោះទេ។ ទន្ទឹមនេះអ្នកជំនាញរូបនេះយល់ថា មហិច្ឆតាចង់លុប MoU គឺជារបៀបវារៈនយោបាយកេងចំណេញលើក្រុមជាតិនិយមជ្រុលថៃ និងជាសង្រ្គាមចិត្តសាស្រ្តមកលើកម្ពុជា។ នៅក្នុងស្ថានភាពនេះ កម្ពុជា ត្រូវបង្កើនសមត្ថភាពការពារជាតិ និងធ្វើកំណែទម្រង់ប្រាកដនិយម និងការរួបរួមសាមគ្គីជាតិ ដើម្បីទប់ស្កាត់សកម្មភាពប្រមាថរបស់ថៃ។
ដោយឡែកក្នុងជ្រុងនៃយុទ្ធសាស្ត្រច្បាប់ និងកម្លាំងការពារវិញ លោកមេធាវី សុខ សំអឿន ប្រធានក្រុមអ្នកច្បាប់ និងទីប្រឹក្សាអមរិន្ទបានលើកជាគំនិតឱ្យត្រិះរិះថា បើប្តឹងឈ្នះនៅតុលាការអន្តរជាតិ តើអាចបានផលទេ ហើយអន្តរជាតិមានទ័ព មានប៉ូលិសមកអនុវត្តសាលក្រមតុលាការដែរអត់ បើភាគីបំពានមិនគោរពតាម? សម្រាប់អ្នកជំនាញច្បាប់រូបនេះ មានតែការជួយអន្តរាគមន៍ពីមហាអំណាចណាមួយទេទើបការអនុយន្តការនេះអាចមានប្រសិនភាព តែសំណួរសួរថា តើមហាអំណាចណាហ៊ានចេញមុខជួយអន្តរាគមន៍? ក្នុងពិភពលោកដែលប្រកាន់យកប្រយោជន៍និយម លោកបានសង្កត់ធ្ងន់លើយុទ្ធសាស្ត្រពឹងផ្អែកលើខ្លួនឯង ដោយប្រើវិធីសាស្ត្រចរចាបណ្ដើរ បង្កើនសកម្មភាពកាទូតបណ្ដើរ និងពង្រឹងកងទ័ពបណ្ដើរ។ លោកយល់ថា ការបំពាក់សព្វាវុធទំនើបៗ និងការត្រៀមថវិកាបម្រុងសង្គ្រាម គឺជាខ្នងបង្អែកដ៏រឹងមាំបំផុត សម្រាប់ការពារដែនអធិបតេយ្យ បើសិនជាវិវាទនេះឈានដល់ចំណុចមិនអាចត្រឡប់ក្រោយបាន។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមេសា ក្រុមប្រឹក្សាសន្តិសុខជាតិថៃ បានអនុម័តឱ្យលុបចោលអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ ឬ MoU 44 ដែលជាយន្តការដោះស្រាយបញ្ហាតំបន់សមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ ហើយគ្រោងងាកទៅប្រើប្រាស់អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)។ ការព្យាយាមជំនួស MoU នេះដោយអនុសញ្ញា UNCLOS របស់ថៃនៅពេលនេះ ត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងពង្រីកឥទ្ធិពល និងគ្រប់គ្រងធនធានប្រេង និងឧស្ម័នដ៏មហាសាលនៅបាតសមុទ្រកម្ពុជាតែម្នាក់ឯង៕
អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ