ប្រទេសវៀតណាម ដែលនៅជាប់ភូមិផងរបងជាមួយកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ១៨ ក្នុងចំណោមប្រទេសអ្នកនាំចេញកំពូលៗរបស់ពិភពលោក ដោយការនាំចេញរបស់ប្រទេសនេះសម្រេចបានកំណើនជាង១៦% ក្នុងឆ្នាំ២០២៥ ជាមួយនឹងអតិរេកពាណិជ្ជកម្មជាង២០ពាន់លានដុល្លារអាម៉េរិក ដែលបានជួយគាំទ្រដល់ស្ថិរភាពសេដ្ឋកិច្ចប្រទេសនេះយ៉ាងរឹងមាំ។ ទិន្នន័យបានបង្ហាញថា ការនាំចេញសំខាន់ៗរបស់វៀតណាមរួមមានគ្រឿងអេឡិចត្រូនិក ទូរសព្ទ គ្រឿងចក្រ និងផលិតផលកសិកម្មដូចជាគ្រឿងសមុទ្រ កាហ្វេ និងឈើសម្រាប់សាងសង់ផ្ទះ និងគ្រឿងសង្ហារិមជាដើម។
នៅអាស៊ីប្រទេសចំនួន១១ បានជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសកំពូលទាំង៣០ រួមមានសិង្ហបុរី ជាប់ចំណាត់លេខ១៤, ម៉ាឡេស៊ី ជាប់ចំណាត់ថ្នាក់លេខ២៣, ថៃ ជាប់ចំណាត់ថ្នាក់លេខ២៥ និងឥណ្ឌូនេស៊ី ជាប់ចំណាត់ថ្នាក់លេខ៣០។ នៅទូទាំងពិភពលោក ចិន នៅតែជាអ្នកនាំចេញកំពូល ដែលការនាំចេញរបស់ប្រទេសនេះមានទំហំរហូតដល់ទៅ៣,៨ទ្រីលានដុល្លារអាម៉េរិក បន្ទាប់មកគឺសហរដ្ឋអាម៉រិក ជាប់ចំណាត់ថ្នាក់លេខ២ហើយប្រទេសអាល្លឺម៉ង់ ដែលជាបងធំរបស់អឺរ៉ុបជាប់ចំណាត់ថ្នាក់លេខ៣។
ទន្ទឹមនេះ ពាណិជ្ជកម្មសរុបរបស់វៀតណាម សម្រេចបានកំណើនយ៉ាងឆាប់រហ័សស្ទើរមិនគួរឱ្យជឿពីប្រមាណ១០០ពាន់លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០០៩ ឈានរហូតដល់ជិត៩៣០ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៥ហើយត្រូវបានព្យាករថា នឹងអាចឈានដល់១ទ្រីលានដុល្លារអាម៉េរិកក្នុងពេលឆាប់ៗខាងមុខ៕
ដោយ: តែម សុខុម