ធនាគារកណ្ដាលចិន បានសម្រេចរក្សាទុកអត្រាការប្រាក់របស់ខ្លួនលើកម្ចីសំខាន់ៗឱ្យនៅដដែលហួសពីការរំពឹងទុក ដោយរក្សាអត្រាការប្រាក់ក្នុងរង្វង់៣,៣៥% សម្រាប់កម្ចីរយៈពេល១ឆ្នាំ និង៣,៨៥%សម្រាប់កម្ចីរយៈពេល៥ឆ្នាំ។ អត្រាការប្រាក់ទាំងនេះគ្របដណ្ដប់លើកម្ចីសាជីវកម្ម កម្ចីប្រើប្រាស់ផ្ទាល់ខ្លួន និងកម្ចីទិញផ្ទះ។
ការបញ្ចុះអត្រាការប្រាក់របស់ធនាគារកណ្ដាលអាម៉េរិក បានផ្តល់ភាពបត់បែនបន្ថែមទៀតសម្រាប់ឱ្យមហាយក្សចិន ផ្ដោតលើការបញ្ចុះអត្រាការប្រាក់ដែរ ដើម្បីសម្រាលបន្ទុកបំណុលលើពលរដ្ឋ និងអាជីវកម្មនានា ខណៈដែលខ្លួនកំពុងប្រឹងប្រែងជំរុញការវិនិយោគ និងការចំណាយ។
គួររំឭកដែរថា កាលពីអំឡុងខែកក្កដា កន្លងទៅ ប្រទេសចិន បានធ្វើឱ្យទីផ្សារពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីធនាគារកណ្ដាលចិន បានសម្រេចបញ្ចុះអត្រាការប្រាក់លើកម្ចីរយៈពេលខ្លី និងរយៈពេលវែង ដើម្បីជំរុញសេដ្ឋកិច្ចរបស់ខ្លួនដែលបាននិងកំពុងប្រឹងរើខ្លួនពីវិបត្តិអចលនទ្រព្យ ការធ្លាក់ចុះទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងអាជីវកម្ម។
កាលពីអំឡុងខែសីហា ការលក់រាយ ផលិតកម្មឧស្សាហកម្ម និងការវិនិយោគលើនគរូបនីយកម្មក្នុងប្រទេសចិន សម្រេចបានកំណើនយឺតជាងការរំពឹងទុក។ ទន្ទឹមនេះ អត្រាគ្មានការងារធ្វើនៅទីក្រុងបានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល៦ខែមកនេះ ហើយតម្លៃលំនៅឋានបានធ្លាក់ចុះក្នុងអត្រាលឿនបំផុតមិនធ្លាប់មានក្នុងរយៈពេល៩ឆ្នាំមកនេះ។
ស្ថិតក្នុងស្ថានភាពនេះ ធនាគារធំៗមួយចំនួនរបស់សហរដ្ឋអាម៉េរិក ដូចជាធនាគារ Bank of America និងធនាគារ Citigroup ជាដើមបានបន្ទាបការព្យាកររបស់ខ្លួនថា សេដ្ឋកិច្ចចិន នៅឆ្នាំ២០២៤ នេះនឹងសម្រេចបានកំណើនក្រោមកំណើនគោលដៅ៥% របស់រដ្ឋាភិបាលចិន៕
ដោយ: តែម សុខុម