មូលនិធិរូបិយវត្ថុអន្តរជាតិ IMF កាលពីសប្តាហ៍មុន បាននិយាយថា ការស្ទុះងើបឡើងវិញដ៏រឹងមាំនៃនិន្នាការសេដ្ឋកិច្ចក្នុងតំបន់អាស៊ីដែលបានចាប់ផ្តើមកាលពីដើមឆ្នាំ២០២២ បានថមថយសន្ទុះទៅវិញ បណ្តាលមកពីកត្តា៣យ៉ាងធំៗគឺ ការដំឡើងអត្រាការប្រាក់គោល សង្គ្រាមនៅអ៊ុយក្រែន និង ភាពយឺតយ៉ាវក្នុងសកម្មភាព និងកំណើនសេដ្ឋកិច្ចរបស់ចិន ដែលជាយក្សសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក។
ប៉ុន្តែ IMF នៅតែជឿជាក់ថា តំបន់អាស៊ីនេះនឹងបន្តជាកន្លែងមានស្ថានការណ៍សេដ្ឋកិច្ចល្អប្រសើរជាងគេ ស្របពេលដែលកន្លែងដទៃជួបការលំបាក។ នេះបើតាមរបាយការណ៍ចុងក្រោយរបស់ IMF ស្តីអំពី សេដ្ឋកិច្ចតំបន់អាស៊ីប្រឈមមុខនឹងបញ្ហាអាក្រក់ធំៗទាំង៣។
ស្ថាប័នរូបិយវត្ថុអន្តរជាតិ បានព្យាករណ៍សេដ្ឋកិច្ចអាស៊ី និងអាស៊ីប៉ាស៊ីហ្វិកថា នឹងមានកំណើន៤%ក្នុងឆ្នាំនេះ និង៤,៣%នៅឆ្នាំក្រោយ។ ទោះមានភាពល្អប្រសើរជាងតំបន់ផ្សេងៗក៏ពិតមែន តែបើធៀបនឹងកំណើនដែលតំបន់នេះធ្លាប់មានកាលពីពេលមុន គឺនៅទាបជាងអត្រា ៥,៥% ជាមធ្យម។
យ៉ាងណាក៏ដោយកំណើននេះ ខ្ពស់ជាងតំបន់អឺរ៉ុប ដែលត្រូវបាន IMF ព្យាករណ៍ថាមានកំណើនត្រឹម ៣,១%នៅឆ្នាំនេះ និង ០,៥%នៅឆ្នាំក្រោយ ខណៈសហរដ្ឋអាមេរិកត្រូវបាន IMF បន្ទាបកំណើនមកនៅសល់ត្រឹម ១,៦% នៅឆ្នាំ២០២២ និងធ្លាក់មកនៅកំណើន ១%ប៉ុណ្ណោះ នៅឆ្នាំក្រោយឆ្នាំ២០២៣។
អ្នកជំនាញប្រចាំតំបន់អាស៊ីមួយរូបទៀតគឺលោក តោហ្សា វ៉ាង បានអះអាងដែរថា មាគ៌ាសេដ្ឋកិច្ចរបស់អាស៊ីនិយាយជារួម នឹងខុសប្លែកពីប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនជាច្រើនដូចជាអឺរ៉ុប ដោយសារតែកំរិតប្រឈមបញ្ហារបស់អាស៊ី មានតិចតួចជាងតំបន់អឺរ៉ុបក្នុងពេលបច្ចុប្បន្ននេះ។ ក្នុងនោះយើងអាចសង្កេតបានថា តំបន់អាស៊ីនៅមានចន្លោះសម្រាប់សេដ្ឋកិច្ចលូតលាស់បាន ដោយហេតុថា អតិផរណាក្នុងតំបន់នេះ នៅមានទាបជាងតំបន់ផ្សេងៗនៃពិភពលោក ដែលមានអតិផរណាខ្ពស់ ហើយកំពុងបង្ខំឱ្យធនាគារកណ្តាលរឹតបន្តឹងលក្ខខណ្ឌហិរញ្ញវត្ថុ។ នេះបើតាមការបញ្ជាកពីអ្នកជំនាញដដែល។
គួរកត់សម្គាល់ថា អាស៊ីអាគ្នេយ៍កំពុងមានសេដ្ឋកិច្ចរឹងមាំខ្លាំងណាស់។ ជាក់ស្តែង វៀតណាមកំពុងពង្រីកខ្លួនឱ្យក្លាយជាចំណុចកណ្តាលនៃការធ្វើពិពិធកម្មខ្សែចង្វាក់ផ្គត់ផ្គង់ ខណៈដែលហ្វីលីពីន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ទំនងនឹងមានកំណើនសេដ្ឋកិច្ចចន្លោះពី ៤% ទៅ ៦%។
ដោយឡែក ប្រទេសរកចំណូលបានពីវិស័យទេសចរណ៍ដូចកម្ពុជា និងថៃ សុទ្ធសឹងតែមើលឃើញពីការងើបឡើងវិញនៃវិស័យមួយនេះ។ រហូតមកដល់ពេលនេះ ការនាំចេញពីប្រទេសតំបន់អាស៊ានធំៗទាំង៦ ដែលរួមមានប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម បានដំណើរការប្រសើរជាងតំបន់អាស៊ីខាងជើង និងតំបន់ផ្សេងទៀត។ នេះបើយោងរបាយការណ៍ពីធនាគារ DBS ។ តម្លៃទំនិញឡើងថ្លៃ និងការរំខានការផ្គត់ផ្គង់នៅតំបន់ដទៃបានជួយដល់ក្រុមហ៊ុននាំចេញនៅអាស៊ី ឱ្យបង្កើនការនាំចេញមិនតិចនោះទេ ដូចជាប្រទេសឥណ្ឌូនេស៊ី ជាដើមដែលកំពុងរីករាយជាមួយពាណិជ្ជកម្មក្រៅប្រទេសរបស់ខ្លួន៕