ភាពយឺតយ៉ាវក្នុងការចុះបញ្ជីនេះ គឺដោយសារក្រុមហ៊ុន ដែលមានបំណងចង់ចុះបញ្ជីទាំងនោះមិនទាន់បញ្ចប់នីតិវិធីលើការរៀបចំខ្លួន គួបផ្សំមានការព្រួយបារម្ភពីការឡើងថ្លៃទំនិញ ដែលបង្កឡើងដោយវិបត្តិសង្គ្រាមនៅអ៊ុយក្រែន។ ទោះយ៉ាងណា ថ្នាក់ដឹកនាំ CSX រំពឹងទទួលបានក្រុមហ៊ុនចុះបញ្ជីថ្មី២ទៅ៣ក្រុមហ៊ុនបន្ថែមទៀតឆមាសទីពីរឆ្នាំ២០២២។
ការចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុនរបស់ក្រុមហ៊ុនថ្មីៗក្នុងផ្សារមូលបត្រកម្ពុជានៅឆមាសទី១ឆ្នាំ២០២២ មិនបានបង្ហាញសញ្ញាវិជ្ជមានគួរឲ្យកត់សម្គាល់នោះទេ បើទោះបីបច្ចុប្បន្នស្ថានភាពនៃការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ នៅកម្ពុជាមានភាពធូរស្បើយយ៉ាងណាក្តី។ បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា ក្នុងរយៈពេល ៦ខែកន្លងមកនេះ CSX ទទួលបានក្រុមហ៊ុនចុះបញ្ជីថ្មីតែ១ប៉ុណ្ណោះ គឺក្រុមហ៊ុនអចលនទ្រព្យ ជេអេស លែន។
ក្រុមហ៊ុនអចលនទ្រព្យ ជេអេស លែន បានក្លាយជាក្រុមហ៊ុនដំបូងគេនៅឆ្នាំ២០២២ បន្ទាប់ពីក្រុមហ៊ុននេះបានចុះបញ្ជីបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើទីផ្សារមូលបត្រកម្ពុជាកាលពីអំឡុងខែកុម្ភៈ កន្លងទៅ។ សម្រាប់ការចុះបញ្ជីដំបូងរបស់ខ្លួន ជេអេស លែន បានបោះផ្សាយលក់ភាគហ៊ុនចំនួន ២៥លានភាគហ៊ុន ដោយមួយភាគហ៊ុនជួញដូរក្នុងតម្លៃ១ពាន់៩រយរៀលសម្រាប់ការបោះផ្សាយលក់ដំបូង។
ការទទួលបានក្រុមហ៊ុនចុះបញ្ជីថ្មីតែមួយខាងលើ វាហាក់ខុសពីអ្វី ដែលថ្នាក់ដឹកនាំ CSX បានដាក់ក្តីរំពឹងកន្លងមក ដោយកាលណោះឯកឧត្តម ហុង សុហួរ បានដាក់ក្តីរំពឹងថា ផ្សារមូលបត្រកម្ពុជានឹងអាចទាក់ទាញក្រុមហ៊ុនយ៉ាងណាស់៨ឲ្យចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុននៅឆ្នាំនេះ។ ទោះយ៉ាងណា ថ្នាក់ដឹកនាំរូបនេះនៅតែរំពឹងថា CSX នឹងទទួលបានក្រុមហ៊ុនចុះបញ្ជីថ្មីពី២ទៅ៣បន្ថែមទៀតនៅក្នុងរយៈពេល៦ខែខាងមុខនេះ។
បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំ CSX រូបនេះ មានកត្តាមួយចំនួន ដែលធ្វើឲ្យមានការរាំងស្ទះដល់ការចុះបញ្ជីរបស់ក្រុមហ៊ុនថ្មីនៅលើផ្សារមូលបត្រកម្ពុជា។ កត្តាទាំងនោះរួមមានក្រុមហ៊ុន ដែលមានបំណងចង់ចូលរួមបោះផ្សាយលក់ភាគហ៊ុនទាំងនេះមិនទាន់បានរៀបចំនីតិវិធីរួចរាល់ក្នុងការចូលទីផ្សារ គួបផ្សំពួកគេមានការព្រួយបារម្ភពីភាពមិនច្បាស់លាស់នៃការកើនឡើងតម្លៃទំនិញ ដោយសារឥទ្ធិពលនៃសង្គ្រាមនៅអ៊ុយក្រែន។
យ៉ាងណាក៏ដោយចុះ ឯកឧត្តម ហុង សុហួរ បានកត់សម្គាល់ឃើញថា ទីផ្សារជួយដូរភាគហ៊ុននៅកម្ពុជាបានបង្ហាញវិជ្ជមានគួរឲ្យកត់សម្គាល់នៅ៥ខែឆ្នាំ២០២២ កន្លងមកនេះ ហើយការបង្កើតគណនីជួញដូរក៏មានរង្វង់រាប់រយនាក់ក្នុង១ខែផងដែរ។ ជាក់ស្តែងចាប់ពីដើមឆ្នាំ២០២២ ដល់បច្ចុប្បន្នទំហំជួញដូរភាគហ៊ុននៅកម្ពុជាជាមធ្យមអាចឈានដល់៧០ទៅ៨០ម៉ឺនដុល្លារក្នុង១ថ្ងៃ ខណៈកាលពីឆ្នាំ២០២១ ទំហំជួញដូរខ្ពស់បំផុតជិត៣០ម៉ឺនដុល្លារក្នុង១ថ្ងៃ។
សូមបញ្ជាក់ថា បច្ចុប្បន្នផ្សារមូលបត្រកម្ពុជាទទួលបានក្រុមហ៊ុនចុះបញ្ជីចំនួន១៦ក្រុមហ៊ុន ក្រោយដាក់ឲ្យដំណើរការអស់រយៈពេល១០ឆ្នាំកន្លងមកនេះ។ ក្នុងចំណោមក្រុមហ៊ុនទាំងនេះមានក្រុមហ៊ុនចំនួន៩បានចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុន និង៧ចុះផ្សាយលក់សញ្ញាបណ្ណ ឬបណ្ណបំផុត។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំនីតិវិធីក្នុងការបោះផ្សាយលក់មូលបត្ររដ្ឋ ដែលមានតម្លៃប្រមាណ៣០០លានដុល្លារក្នុងផ្សារភាគហ៊ុនកម្ពុជានៅឆ្នាំនេះផងដែរ៕