
បើតាមការអះអាងរបស់មេផ្សារហ៊ុន ការជួញដូរភាគហ៊ុននៅកម្ពុជាពុំមានការប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេ ពោលគឺតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនខ្លះមានការកើនឡើង រីឯក្រុមហ៊ុនខ្លះធ្លាក់ចុះ។
ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃផ្សារមូលបត្រកម្ពុជាបានអះអាងថា ចាប់តាំងពីសហរដ្ឋអាម៉េរិក ក្រោមរដ្ឋបាលដឹកនាំរបស់លោក ដូណាល់ ត្រាំ ដាក់ចេញគោលនយោបាយពន្ធរួចមក ការជួញដូរភាគហ៊ុននៅកម្ពុជាមិនមានរងផលប៉ះពាល់ខ្លាំងគួរឱ្យកត់សម្គាល់ដូចបណ្ដាប្រទេសដទៃនោះទេ។ ប៉ុន្តែស្ថិតក្នុងស្ថានភាពនេះបានធ្វើឱ្យតម្លៃជួញដូរភាគហ៊ុនរបស់ក្រុមហ៊ុនមួយចំនួនបែរជាមានការកើនឡើងទៅវិញ។ ជាការកត់សម្គាល់របស់ថ្នាក់ដឹករូបនេះ ស្ថិតក្នុងស្ថានភាពបច្ចុប្បន្នអាជីវកម្មរបស់បណ្ដាក្រុមហ៊ុនដែលបានចុះបញ្ជីលក់ភាគហ៊ុន នៅពុំទាន់រងផលប៉ះពាល់ដោយសារឥទ្ធិពលពន្ធគយរបស់សហរដ្ឋអាម៉េរិកនៅឡើយទេ ខណៈដំណើរអាជីវកម្មនៅក្នុងឆ្នាំ២០២៥ នេះ ត្រូវបានរំពឹងថា នឹងនៅតែទទួលបានប្រាក់ចំណូលធម្មតា គួបផ្សំថវិការដែលវិនិយោគនៅផ្សារមូលបត្រ គឺស្ថិតនៅតែក្នុងប្រទេសកម្ពុជា និងពុំទាន់មានការផ្សារភ្ជាប់ជាមួយទីផ្សារបរទេសនោះទេ។
ដោយឡែក លោក Chen Henry នាយកប្រតិបត្តិក្រុមហ៊ុន ហ្រ្គេន ធ្វីន អ៊ិនធើណេសិនណល (GTI) បានអះអាងថា ក្រោយការចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជានាពេលកន្លងទៅ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន GTI បានកើនឡើងប្រមាណ២០០%។ ការកើនឡើងភាគហ៊ុននេះ ត្រូវបានអ្នកជំនួញរូបនេះអះអាងថា គឺដោយសារវិនិយោគិនមានទំនុកចិត្តលើក្រុមហ៊ុនរបស់លោក។ ជាក់ស្ដែង ចាប់តាំងពីអំឡុងវិបត្តិជំងឺកូវីដ-១៩ មកទល់បច្ចុប្បន្ន ក្រុមហ៊ុន GTI នៅតែវិវត្តខ្សែច្រវាក់ផលិតកម្មប្រកបដោយនិរន្តរភាព។
បើយោងតាមឯកឧត្តម ហុង សុហួរ នៅត្រីមាសទី១ ឆ្នាំ២០២៥ នេះ ទំហំជួញដូរភាគហ៊ុនជាមធ្យមមានក្នុងរង្វង់ប្រមាណ១០ម៉ឺនដុល្លារក្នុង១ថ្ងៃ ខណៈនៅឆ្នាំ២០២៤ ស្ថិតក្នុងរង្វង់ពី១០ ទៅ១៥ម៉ឺនដុល្លារក្នុង១ថ្ងៃ។ ជាមួយគ្នានេះ ការបើកគណនីជួញដូរមានក្នុងចន្លោះពី៦០០ ទៅ១ពាន់នាក់ក្នុង១ខែ ខណៈមកទល់ពេលនេះ មានគណនីជួញដូរសរុបជាង៦ម៉ឺនគណនី និងរំពឹងថា មានការកើនឡើងដល់៧ម៉ឺនគណនីនៅត្រឹមដំណាច់ឆ្នាំ២០២៥ នេះ។ គិតមកទល់ពេលនេះមានក្រុមហ៊ុនចំនួន២៥ បានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា ក្នុងនោះក្រុមហ៊ុនចំនួន១១ បានចុះបញ្ជីជាភាគហ៊ុន និងចំនួន១៤ក្រុមហ៊ុនទៀត បានចុះបញ្ជីជាសញ្ញាបណ្ណ និងបានគៀរករទុនពីទីផ្សារបានជាង៥៣៩លានដុល្លារ៕
អត្ថបទ៖ បូ ដូឡា,រូបភាព ប៉ុក វន្ថា