ការសម្រេចលាលែងពីតំណែងនេះ បន្ទាប់ពីក្រុមហ៊ុន Toyota រងការរិះគន់ថា មានភាពយឺតយ៉ាវខ្លាំងក្នុងការអភិវឌ្ឍរថយន្តអគ្គិសនី ពោលគឺកន្លងមកទើបតែបានបញ្ចេញលក់រថយន្តអគ្គិសនីតែ១ម៉ូឌែលប៉ុណ្ណោះ ខណៈក្រុមហ៊ុនអាមេរិកTesla និងក្រុមហ៊ុនចិនBYD កំពុងនាំមុខគេលើទីផ្សាររថយន្តអគ្គិសនីក្នុងពិភពលោក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗ។
ក្រុមហ៊ុន Toyota Motor បានប្រកាសនៅថ្ងៃទី២៦ខែមករាឆ្នាំ២០២៣ ថា លោក Akio Toyoda នឹងចុះចេញពីតំណែងប្រធាន និងនាយកប្រតិបត្តិ Toyota នៅថ្ងៃទី១ខែមេសាខាងមុខនេះ ខណៈអ្នកដែលនឹងឡើងមកកាន់តំណែងបន្ត គឺលោក Koji Sato ដែលជាប្រធានប្រតិបត្តិម៉ាករថយន្ដ Lexus ដែលជាម៉ាករថយន្ដប្រណីតមួយនៅក្រោមក្រុមហ៊ុន Toyota។ ក្នុងវ័យ៦៦ឆ្នាំលោក Toyoda ដែលជាកូនចៅជំនាន់ក្រោយនៃស្ថាបនិក Toyota នឹងឡើងជាប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុននេះជំនួសវិញ ក្រោយលាលែងពីតំណែងប្រធាន និងនាយកប្រតិបត្តិ។
ការផ្លាស់ប្តូរប្រធានក្រុមហ៊ុន Toyota ជាលើកដំបូងក្នុងរយៈពេល១៤ឆ្នាំនេះ គឺធ្វើឡើងខណៈដែលក្រុមហ៊ុនរថយន្តយក្សជប៉ុនមួយនេះ បានត្រាំត្រែងស្ថិតនៅក្នុងស្ថានភាពនៃការធ្លាក់ចុះ បណ្តាលមលពីវិបត្តិកូវីដ១៩ និងការកើនឡើងនូវការប្រកួតប្រជែងទីផ្សាររថយន្តអគ្គិសនី ព្រមទាំងបច្ចេកវិទ្យាដទៃទៀត។ Toyota រងការរិះគន់ថា មានភាពយឺតយ៉ាវក្នុងការសម្របខ្លួនងាកទៅរកការផលិតរថយន្តអគ្គិសនី ដូចជា Tesla និង BYDជាដើម។
ក្នុងសន្និសីទកាសែតដែលប្រកាសពីការផ្លាស់ប្តូរមុខតំណែងនេះ លោក Toyoda បានសង្កត់ធ្ងន់ពីតម្រូវការសម្រាប់ក្រុមហ៊ុន ក្នុងការមានគណៈគ្រប់គ្រង ដែលដឹកនាំដោយក្រុមវ័យក្មេង ដើម្បីនាំផ្លូវក្រុមហ៊ុនឱ្យកាន់តែឆ្ពោះទៅមុខ។
លោក Toyoda និយាយថា លោក Koji Sato ដែលមានវ័យ៥៣ឆ្នាំនោះ គឺជាបុរសម្នាក់ដែលប្រឹងប្រែងធ្វើការយ៉ាងខ្លាំងលើទស្សនៈដឹកនាំ បច្ចេកទេស និងរបៀបរបបរបស់ក្រុមហ៊ុន Toyota ក្នុងវិស័យនៃការផលិតរថយន្ត។ គួរឱ្យដឹងថា ឧស្សាហកម្មយានយន្តបានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលលោក Toyoda បានហៅថា វាជាការផ្លាស់ប្តូរក្នុង១សតវត្សរ៍។
លោក Toyoda និយាយថា ចំពោះឧស្សាហកម្មរថយន្តនេះ គឺខ្លួនលោកចាស់ណាស់ហើយ ដើរមិនទាន់សភាពការណ៍ដែលបានប្រែប្រួលខ្លាំងនេះទេ ដូច្នេះការចុះចេញពីតំណែងរបស់លោក គឺចាំបាច់ណាស់សម្រាប់ Toyota ចូលក្នុងយុគសម័យថ្មី។
លោក Toyoda បានលើកឡើងដោយសំដៅទៅកាន់លោក Sato ថា ប្រធានក្រុមហ៊ុនថ្មីមិនគួរព្យាយាមគ្រប់គ្រងក្រុមហ៊ុនតែឯងនោះទេ ពោលគឺត្រូវធ្វើការជាក្រុម ហើយបេសកកម្មរបស់ក្រុមដឹកនាំថ្មីនេះ គឺត្រូវធ្វើយ៉ាងណាកែរូបរាងរបស់ Toyota ឡើងវិញ ឱ្យទៅជាក្រុមហ៊ុនចល័តកាន់តែលឿន។ ជារួម លោក Toyoda ចង់ឱ្យក្រុមដឹកនាំថ្មីនេះផ្តោតសំខាន់លើការផលិតរថយន្តអគ្គិសនី និងរថយន្តដែលបំពេញតាមតម្រូវការអ្នកប្រើប្រាស់។
សូមជម្រាបថា លោក Toyoda បានក្លាយជាប្រធានក្រុមហ៊ុន Toyota នៅក្នុងខែមិថុនា ឆ្នាំ២០០៩ ហើយលោកក៏ជាមនុស្សទីមួយដែលកាន់តំណែងនេះ ដោយមានប្រភពចេញពីគ្រួសារស្ថាបនិកក្រុមហ៊ុន បានរហូតដល់១៤ឆ្នាំ។ ចំណែកលោក Sato បានចូលរួមជាមួយ Toyota ក្នុងឆ្នាំ១៩៩២ និងបានក្លាយជាប្រធានម៉ាករថយន្ដ Lexus អន្តរជាតិ ក្នុងឆ្នាំ២០២០ ហើយនៅឆ្នាំបន្ទាប់ ត្រូវបានតែងតាំងបន្ថែមជាប្រធាន Brand និងប្រធានប្រតិបត្តិការ មកដល់បច្ចុប្បន្ន៕