អត្ថបទក្រុមហ៊ុន

ហេតុអ្វីសេដ្ឋីគ្រាក់ៗនៅកម្ពុជាគួរតែបង្វែរការវិនិយោគចេញពីអចលនទ្រព្យ មកផ្ដោតលើវិស័យសក្ដានុពលផ្សេងទៀត?


ស្របពេលវិស័យអចលនទ្រព្យនៅកម្ពុជាកំពុងស្ថិតនៅក្នុងស្ថានភាពមិនសូវល្អប្រសើរនាប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកឧកញ៉ា សៀ ឫទ្ធី អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន WorldBridge Group បានលើកទឹកចិត្តឲ្យសេដ្ឋីគ្រាក់ៗនៅកម្ពុជា ដែលកំពុងមានការវិនិយោគច្រើនតែលើវិស័យអចលនទ្រព្យ គួរងាកទៅចាប់ឱកាសនៅក្នុងការវិនិយោគលើវិស័យសក្ដានុពលផ្សេងៗទៀត ជាពិសេសវិស័យដឹកជញ្ជូនតែម្តង។
អ្នកឧកញ៉ា សៀ ឫទ្ធី អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន WorldBridge Group
ដោយ

ការជំរុញ និងលើកទឹកចិត្តបែបនេះ ក៏ដោយសារអ្នកជំនួញពហុវិស័យ ដែលកំពុងក្ដោបក្ដាប់ក្រុមហ៊ុនជាង៣០រូបនេះ មើលឃើញថា វិស័យដឹកជញ្ជូននៅកម្ពុជា នៅតែមានសក្តានុពលខ្ពស់សម្រាប់ការវិនិយោគ និងជាវិស័យសំខាន់មួយ សម្រាប់រួមចំណែកជួយជំរុញការធ្វើពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា។
អ្នកឧកញ៉ា សៀ ឫទ្ធី កត់សម្គាល់ឃើញថា វិស័យដឹកជញ្ជូននៅកម្ពុជានៅមួយរយៈចុងក្រោយនេះមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ប៉ុន្ដែវិស័យនេះ នៅតែជួបបញ្ហាការប្រកួតប្រជែង និងបញ្ហាប្រឈមមួយចំនួន ដែលទាមទារឲ្យរាជរដ្ឋាភិបាល និងវិស័យឯកជនត្រូវសហការគ្នាដោះស្រាយ ដើម្បីឲ្យធ្វើវិស័យដឹកជញ្ជូនកម្ពុជាកាន់តែមានភាពប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់ និងលើពិភពលោក។

ដោយមើលឃើញពីសារសំខាន់របស់វិស័យដឹកជញ្ជូនចំពោះសេដ្ឋកិច្ច អ្នកឧកញ៉ា សៀ ឫទ្ធី ក្នុងវេទិកាធុរកិច្ចកម្ពុជាឆ្នាំ២០២៣ ដែលរៀបចំដោយសមាគមឧកញ៉ាកម្ពុជា កាលពីពេលថ្មីៗ បានស្នើឲ្យសមាជិក សមាជិកនៃសមាគមឧកញ៉ាកម្ពុជា ដែលកំពុងវិនិយោគក្នុងវិស័យអចលនទ្រព្យ គួរសម្លឹងមើលឱកាសវិនិយោគក្នុងវិស័យដឹកជញ្ជូន ដ្បិតថា វាជាអាជីវកម្មមួយដែលអាចរកប្រាក់ចំណូលខ្ពស់ ហើយជាកតាលីករដ៏សំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។

បើតាមការគូសបញ្ជាក់របស់ជំនួញដ៏ល្បីល្បាញក្នុងវិស័យអចលនទ្រព្យ និងដឹកជញ្ជូនរូបនេះ វិស័យដឹកជញ្ជូន នាពេលបច្ចុប្បន្ន បានរួមចំណែកក្នុងថ្លៃដើមនៃផលិតកម្មរបស់រោងចក្រ សហគ្រាសចន្លោះពី១៥%ទៅ២០%។ ដូច្នេះ ប្រសិនបើប្រព័ន្ធដឹកជញ្ជូន និងខ្សែចង្វាក់ផ្គត់ផ្គង់នៅកម្ពុជាមិនមានភាពប្រកួតប្រជែង នោះវានឹងធ្វើឲ្យកម្ពុជាអាចបាត់បង់ឱកាសក្នុងការស្រូបទាញការវិនិយោគ និងការប្រកួតប្រជែងក្នុងការធ្វើពាណិជ្ជកម្មជាមួយបណ្តាប្រទេសក្នុងតំបន់ និងលើពិភពលោក។ ឆ្លើយតបនឹងបញ្ហានេះ អ្នកឧកញ៉ា សៀ ឫទ្ធី បានអះអាងថា ក្រុមហ៊ុនរបស់អ្នកឧកញ៉ា កំពុងសហការគ្នាជាមួយរាជរដ្ឋាភិបាល ដើម្បីបង្កើតជាមជ្ឈមណ្ឌលភស្ដុភារកម្ម និងដឹកជញ្ជូនដ៏សំខាន់មួយ សម្រាប់បម្រើដល់ការដឹកជញ្ជូនក្នុងតំបន់។

អ្នកឧកញ៉ា សៀ ឫទ្ធី បានគូសបញ្ជាក់ទៀតថា ការដឹកជញ្ជូនរបស់កម្ពុជាអាចមានតម្លៃចុះថោក និងភាពប្រកួតប្រជែងទៅបាន ក្រៅតែពីមានមជ្ឈមណ្ឌលភស្ដុភារកម្ម និងដឹកជញ្ជូនដែលអាចតភ្ជាប់ក្នុងតំបន់បានហើយនោះ វាក៏ចាំបាច់ត្រូវមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អ ដែលធ្វើឲ្យការដឹកជញ្ជូនចំណេញពេលវេលា។ អ្វីដែលពិសេសនោះ ការតភ្ជាប់នៃមធ្យោបាយដឹកជញ្ជូន ពីផ្លូវទឹក ទៅផ្លូវគោក និងផ្លូវអាកាសជាដើម។ ក្នុងនោះ អ្នកឧកញ៉ា សៀ ឫទ្ធី មើលឃើញថា ការវិនិយោគនៅក្នុងមធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹក ដូចជានៅតាមដងទន្លេជាដើម គឺនៅមានសក្ដានុពលខ្ពស់ណាស់សម្រាប់ការវិនិយោគ៕




អត្ថបទបន្ទាប់


ការនាំចេញត្បូងនិងគ្រឿងអលង្ការថៃមានតម្លៃ រហូតដល់ជាង៤ពាន់លានដុល្លារ

ការនាំចេញត្បូងនិងគ្រឿងអលង្ការមានតម្លៃលើកលែងមាស នៅក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ២០២៣ នេះមានតម្លៃសរុបជាង ៤ ពាន់លានដុល្លារ ។ តាមសេចក្តីរាយ…

អ្នកជំនាញវាយតម្លៃថាទីផ្សារសណ្ឋាគារនឹងឆ្អែតនៅ៤ឆ្នាំខាងមុខតម្រូវឲ្យអ្នកវិនិយោគមានការប្រុងប្រយ័ត្នខ្ពស់

ការវិនិយោគនៅក្នុងវិស័យសណ្ឋាគារដែលជាផ្នែកមួយបម្រើឲ្យវិស័យទេសចរណ៍ ឃើញថាមានការរីកចម្រើនគួរឲ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាក់ស្តែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ