វិធានការបិទខ្ទប់-ស្បៀងអាហារ

តើកម្ពុជាអាចប្រឈមនឹងការខ្វះខាតស្បៀងដែរទេ នៅអំឡុងពេលមានវិធានការបិទខ្ទប់?


ក្រសួងពាណិជ្ជកម្ម បានអះអាងថា កម្ពុជាមានស្បៀងគ្រប់គ្រាន់ ក្នុងការផ្គត់ផ្គង់តម្រូវការប្រើប្រាស់ជូនពលរដ្ឋ ក្នុងអំឡុងពេលនៃការអនុវត្តវិធានការណ៍បិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និង ក្រុងតាខ្មៅ។ ជាមួយគ្នានេះ ក្រសួងក៏បានដាក់ចេញវិធានការណ៍មួយចំនួន ដើម្បីគ្រប់គ្រង និងធានាអតិផរណាតម្លៃទំនិញនៅលើទីផ្សារកុំឲ្យឡើងថ្លៃក្នុងអំឡុងពេលនេះផងដែរ ខណៈដែលកន្លងមក ទំនិញលើទីផ្សារត្រូវបានពលរដ្ឋរអ៊ូរទាំងថាបានឡើងថ្លៃខ្ពស់ជាងមុន នៅអំឡុងពេលមានការបិទខ្ទប់នេះ។
អាជ្ញាធរអនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញ ដោយដាក់រនាំងហាមឃាត់ការធ្វើដំណើរនៅតាមដកផ្លូវ រូបភាព៖ Xinhua
ដោយ

ឯកឧត្តម ស៊ា​ង ថៃ រដ្ឋលេខាធិការ និង ជា​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បាន​អះអាង​ប្រាប់​ខេ​ម​បូ​ណូ​មី​ស ថា បរិមាណ​ស្បៀង​មិន​បាន​ចោទ​ជា​បញ្ហា​នោះ​ទេ ពោល​គឺ​កម្ពុជា​មាន​ស្បៀង​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​ប្រើប្រាស់​សម្រាប់​ប្រជាពលរដ្ឋ​ក្នុងអំឡុងពេល​នៃ​ការ​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ​រយៈពេល​១៤​ថ្ងៃនេះ​។ ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​ចោទ​នៅ​ពេល​នេះ គឺ​ការ​ដឹក​ជញ្ជូន​ទំនិញ ដោយសារ​បច្ចុប្បន្ន​មានការ​រឹត​បន្តឹង​ខ្លាំង​។

ឯកឧត្តម​បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ខេ​ម​បូ​ណូ​មី​ស​យ៉ាង​ដូច្នេះ​ថា​៖«​បញ្ហា​ស្បៀងអាហារ ត្រី​សាច់​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​គ្រប់គ្រាន់​សម្រាប់​បម្រើ​តម្រូវការ​របស់​ប្រជាជន​យើង តែ​បញ្ហា​ដែល​ត្រូវ​ដោះស្រាយ គឺ​ធ្វើ​យ៉ាងណា​ឲ្យ​ទំនិញ​ទាំងនោះ​បាន​ទៅ​ដល់​ដៃ​ប្រជាពលរដ្ឋ​ដោយ​រលូន​ក្នុង​ពេល​បិទ​ខ្ទប់​នេះ​»​។

អ្នកនាំពាក្យ​រូប​នេះ​បាន​បន្ត​ទៀត​ថា ក្រសួងពាណិជ្ជកម្ម​បាន និង​កំពុង​រៀបចំ​បែបបទ​ផ្សេង​ៗ​ក្នុង​ការ​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​ដែនដី ដើម្បី​ដឹក​ទំនិញ​ពី​តាម​ខេត្ត​ចូល​មក​រាជធានី​ភ្នំពេញ ជា​ពិសេស​សហការ​ជាមួយ​ក្រុមហ៊ុន​ធំ​ៗ​មួយ​ចំនួន ដើម្បី​ដឹក​ទំនិញ​ចល័ត​លក់​នៅ​តាម​តំបន់ ដែល​មាន​ប្រជាជន​រស់នៅ​ច្រើន​។

ជាក់ស្តែង ក្រសួងពាណិជ្ជកម្ម បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ហ្គ្រី​ន​ត្រេ​ដ និង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ដើម្បី​ជួ​យស​ម្រូ​ល​ក្នុង​ការ​លក់​អង្ករ និង​គ្រឿង​ឧបភោគបរិភោគ​ជូន​ប្រជាពលរដ្ឋ​ក្នុង​តម្លៃ​សមរម្យ ក៏​ដូច​ជា​បញ្ចុះតម្លៃ​ជាដើម​។ បើ​តាម​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា មក​ទល់​ពេល​នេះ ក្រុមហ៊ុន​ជា​សមាជិក​យ៉ាងតិច​៧​ហើយ ដែល​បាន​លក់​អង្ករ​បញ្ចុះតម្លៃ​ជូន​ពលរដ្ឋ ដែល​ស្ថិត​នៅ​ក្នុង​តំបន់​បិទ​ខ្ទប់​។ ក្រុមហ៊ុន​ទាំងនោះ បាន​លក់​បញ្ចុះតម្លៃ​ពី​១​ម៉ឺន​រៀល ទៅ​២​ម៉ឺន​រៀល​នៃ​តម្លៃ​គោល​អង្ករ​១​បាវ ទម្ងន់​៥០​គីឡូក្រាម​។

ក្រោយ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ដាក់​ចេញ​វិធានការ​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ​រយៈពេល​១៤​ថ្ងៃ គេ​សង្កេត​ឃើញ​ថា មាន​ក្រុម​អាជីវករ​ឆ្លៀតឱកាស​មួយ​ចំនួន បាន​លក់ទំនិញ​ឡើងថ្លៃ​មួយ​គុណ​នឹង​ពីរ បន្ទាប់​ពី​ឃើញ​ពលរដ្ឋ​សម្រុក​នាំ​គ្នា​ទៅ​ទិញ​ទំនិញ​ដើម្បី​ស្តុក​ទុក​ក្នុងអំឡុងពេល​ពួក​គេ​ជាប់​បម្រាម​ហាម​មិន​ឲ្យ​ចេញ​ក្រៅ​ផ្ទះ​។

ភ្លាម​ៗ​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ស្នើ​ឲ្យ​អាជីវករ​ទាំងអស់​កុំ​តម្លើង​ថ្លៃ​ទំនិញ និង​បាន​ដាក់​ចេញ​វិធាន​ការណ៍​ក្តៅ​ដោយ​ព្រមាន​ដាក់​ពិន័យ​ដល់​អាជីវករ​ណា ដែល​លក់ទំនិញ​ឡើងថ្លៃ​ខ្ពស់​ខុស​ពី​តម្លៃ​ទីផ្សារ​ខ្លាំង​ផង​ដែរ​។ ជាមួយ​គ្នា​នេះ​ក្រសួងពាណិជ្ជកម្ម​បាន​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច​គ្រប់គ្រង និង​តាមដាន​តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ ដើម្បី​ជួយ​សម្រួលការ​ផ្គត់ផ្គង់​ចំណីអាហារ​ឲ្យ​បាន​ទាន់​ពេល និង​ដោះស្រាយ​សំណូមពរ​របស់​ពលរដ្ឋ​ជាដើម​។

អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម ឯកឧត្តម ស៊ា​ង ថៃ បាន​បញ្ជាក់​អះអាង​ថា ក្រោយ​ក្រុមការងារ​ចំពោះ​កិច្ច​ចុះ​សិក្សា​ស្រាវ​ពី​តម្លៃ​ទំនិញ​នៅ​តាម​ផ្សារ​ចំនួន​៣០​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​បាន​បង្ហាញ​ថា តម្លៃ​ទំនិញ​រួម​មាន​សាច់​ជ្រូក សាច់​មាន់ សាច់​គោ ពងមាន់ ពង​ទា និង​គ្រឿង​ឧបភោគបរិភោគ​មានការ​ឡើងថ្លៃ​តិចតួច​ប៉ុណ្ណោះ​៕

ចុច Like Facebook Page  របស់​ខេម​បូ​ណូ​មីស​ និងចូល​រួម​​ក្នុង ​​Telegram ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​លឿនរ​ហ័សមុនគេ: https://t.me/cambonomist

None



អត្ថបទបន្ទាប់


ជប៉ុនចិញ្ចឹមត្រីនៅកម្ពុជាប្រកាសលក់ត្រី១គីឡូ ៥០០០រៀល

កសិដ្ឋានចិញ្ចឹមត្រីមួយកន្លែងនៅព្រែកក្តាម ដែលមានថៅកែជាជនជាតិជប៉ុន បានប្រកាសលក់ត្រីអណ្តែងជូនពលរដ្ឋក្នុងតម្លៃ ៥ពាន់រៀលក្នុង១គីឡូក្រាម ក្នុងអំឡ…

អ្នកជំនាញ៖វិធានការបិទខ្ទប់មិនបានធ្វើឲ្យរង្គោះរង្គើប្រេះស្រាំដល់ផ្សារមូលបត្រខ្លាំងនោះទេ

ក្រុមអ្នកជំនាញផ្សារភាគហ៊ុននៅកម្ពុជា អះអាងថា សកម្មភាពនៃការជួញដូរនៅក្នុងផ្សារមូលបត្រកម្ពុជានៅតែមានសកម្មភាពជាធម្មតា នៅក្រោយចូលឆ្នាំខ្មែរ ទោះប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ