ការដាក់ទណ្ឌកម្មរបស់លោកខាងលិច ជុំវិញការឈ្លានពានរបស់ទីក្រុងមូស្គូលើអ៊ុយក្រែនកាលពីដំបូង បានព្យាយាមធ្វើយ៉ាងណាជៀសវាងពីការផ្តោតគោលដៅលើវិស័យប្រេង និងឧស្ម័ននេះ ដើម្បីការពារកុំឱ្យមានការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ។ ហើយនេះក៏ជាក្តីបារម្ភសំខាន់មួយសម្រាប់លោក ចូ ប៉ៃដិន នៅពេលដែលអាមេរិកកំពុងតែប្រឈមមុខនឹងបញ្ហាអតិផរណា ដែលស្ថិតក្នុងកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៤ ទសវត្សរ៍ចុងក្រោយនេះផងដែរ។
បើទោះជាបែបនេះក្ដី លោក ចូ ប៉ៃដិន បាននិយាយក្នុងសុន្ទរកថាថា រដ្ឋាភិបាលអាមេរិកបាននិងកំពុងកំណត់គោលដៅ ក្នុងការកាត់ផ្ដាច់ដង្ហើមសេដ្ឋកិច្ចសំខាន់របស់រុស្ស៊ី តាមរយៈការហាមឃាត់ផ្សេងៗគ្របដែលដណ្តប់លើឧស្ម័នធម្មជាតិរាវ និងធ្យូងថ្ម រួមជាមួយនឹងប្រេង ក៏ដូចជាការវិនិយោគរបស់អាមេរិក ឬការផ្តល់ហិរញ្ញប្បទានដល់ក្រុមហ៊ុនផលិតថាមពលរុស្ស៊ីជាដើម។
ការប្រកាសរបស់អាមេរិកបែបនេះ គួបផ្សំនឹងការអូសបន្លាយូរនៃវិបត្តិនៅអ៊ុយក្រែន បានធ្វើឱ្យតម្លៃប្រេងឆៅពិភពលោកមានការកើនឡើងកាន់តែខ្ពស់។ ដោយគិតត្រឹមថ្ងៃទី៩ ខែមីនា ទីផ្សារប្រេងឆៅអង់គ្លេសបានកើនដល់ជាង ១៣០ ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅនៅអាមេរិកមានតម្លៃ ជិត១២៦ដុល្លារក្នុងមួយធុងបារ៉ែល។
មន្ត្រីជាន់ខ្ពស់ទីក្រុងម៉ូស្គូ បានចេញមុខអះអាងថ្មីៗនេះ ប្រសិនបើប្រទេសលោកខាងលិច ពិសេសអឺរ៉ុបហ៊ានតែដាក់ទណ្ឌកម្មមកលើរុស្ស៊ី តាមរយៈការហាមឃាត់ការនាំចូលប្រេង និងឧស្ម័ន ពីរុស្ស៊ីមែននោះ តម្លៃប្រេងឆៅពិភពលោកអាចនឹងកើនដល់ ៣០០ដុល្លារក្នុងមួយធុងបារ៉ែលជាក់ជាមិនខានឡើយ។
គួរជម្រាបថា ទីក្រុងវ៉ាស៊ីនតោនអាចបោះជំហានទៅកាត់ផ្ដាច់ការនាំចូលប្រេងពីរុស្ស៊ីនេះ ក៏ដោយសារតែប្រទេសរុស្ស៊ីមានចំណែកតូចមួយប៉ុណ្ណោះ នៃតម្រូវការថាមពលរបស់អាមេរិក។ ជាក់ស្ដែងទិន្នន័យពីរដ្ឋបាលព័ត៌មានថាមពលបង្ហាញថា សហរដ្ឋអាមេរិកទទួលបានប្រភពត្រឹមតែប្រហែល ៧% នៃការនាំចូលប្រេងឆៅ និងផលិតផលប្រេងពីប្រទេសរុស្ស៊ីកាលពីឆ្នាំមុន។ ដោយឡែក ចក្រភពអង់គ្លេស ដែលមិនសូវពឹងផ្អែកលើប្រេងឆៅរបស់រុស្ស៊ីដែរនោះ ក៏នឹងបញ្ឈប់ការនាំចូលប្រេង និងផលិតផលប្រេងពីប្រទេសរុស្ស៊ីនៅចុងឆ្នាំនេះផងដែរ។ តែផ្ទុយទៅវិញ ចំពោះប្រទេសអាល្លឺម៉ង់ បើទោះបីជាត្រូវបានគេរំពឹងថា នឹងមានការនាំចូលប្រេងពីភពផ្សេងៗបន្ថែមទៀតក្រៅពីរុស្ស៊ីក៏ដោយ ប៉ុន្ដែ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានឱ្យដឹងថាការនាំចូលថាមពលពីប្រទេសរុស្ស៊ីនៅតែចាំបាច់។
យ៉ាងណាមិញ ជុំវិញបញ្ហានេះ រដ្ឋបាល លោក ចូ ប៉ៃដិន មានគោលបំណងនាំយកប្រេងពីប្រទេសផ្សេងៗ ដើម្បីកាត់បន្ថយការកើនឡើងយ៉ាងខ្លាំងនៃតម្លៃប្រេងឥន្ធនៈ។ ក្នុងនោះ សហរដ្ឋអាមេរិកបានសម្លឹងមើលទៅប្រទេសអារ៉ាប៊ីសាអូឌីត និងបានឱ្យប្រទេសនេះបង្កើនទិន្នផលប្រេងរបស់ខ្លួន ហើយទំនងជាអាមេរិកនឹងនាំចូលប្រេងពីប្រទេសនេះជំនួសរុស្ស៊ីវិញ ទោះបីជាទំនាក់ទំនងរវាងភាគីទាំងពីរមិនសូវជាចុះសម្រុងនឹងគ្នាក៏ដោយ៕
អត្ថបទ ស៊ើង និមល់