គណៈកម្មការពាណិជ្ជកម្មអន្តរជាតិរបស់សហរដ្ឋអាមេរិក (ITC) កំពុងណែនាំឱ្យរដ្ឋបាលលោក ចូ ប៉ៃដិន បន្តយកពន្ធរយៈពេល ៤ ឆ្នាំទៀត លើការនាំចូលបន្ទះសូឡាពីក្រៅប្រទេស ប៉ុន្តែការយកពន្ធនាំចូលត្រូវទម្លាក់អត្រាចុះទាបប្រមាណ ០,២៥% ជារៀងរាល់ឆ្នាំ ក្នុងរយៈពេល ៤ ឆ្នាំខាងមុខនេះ ដោយគិតចាប់ពីខែកុម្ភៈ ឆ្នាំ២០២២តទៅ។ ការណែនាំនេះ កើតឡើងប៉ុន្មានសប្តាហ៍ បន្ទាប់ពីអាមេរិកបានកំណត់ថា ការនាំចូលបន្ទះថាមពលពន្លឺព្រះអាទិត្យ ឬបន្ទះសូឡា នៅតែជាការគំរាមកំហែងដល់ក្រុមហ៊ុនផលិតក្នុងស្រុករបស់សហរដ្ឋអាមេរិក។
ការលើកកម្ពស់ការប្រើប្រាស់ថាមពលស្អាត ឬថាមពលបៃតង គឺជាគោលបំណងនៃគោលនយោបាយដ៏សំខាន់មួយរបស់ លោក ចូ ប៉ៃដិន ហើយលោក ក៏កំពុងខិតខំជំរុញសេដ្ឋកិច្ច រួមទាំងការងារផលិតក្នុងស្រុកផងដែរ។ បើទោះបីជា ពន្ធនាំចូលផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុនផលិតបន្ទះសូឡានៅសហរដ្ឋអាមេរិកក៏ពិតមែន ប៉ុន្តែ ពួកគេក៏ត្រូវបន្ថែមការចំណាយដល់ក្រុមហ៊ុនដំឡើងបន្ទះសូឡានាំចូលទាំងនោះផងដែរ។គួរជម្រាបថា បន្ទះសូឡាភាគច្រើនដែលប្រើនៅអាមេរិក គឺនាំចូលពីប្រទេសថៃ ម៉ាឡេស៊ី និងវៀតណាម។
សូមរំឭកថា អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់កាតព្វកិច្ច ពន្ធនាំចូលលើបន្ទះសូឡាចាប់ពីនៅឆ្នាំ ២០១៨ មកម្ល៉េះ ខណៈដែលអំឡុងពេលនោះ កំណើនក្នុងការផលិតថាមពលពន្លឺព្រះអាទិត្យរបស់សហរដ្ឋអាមេរិកមានតិចតួចប៉ុណ្ណោះ។ ប៉ុន្ដែ អ្វីដែលអាមេរិកបារម្ភនោះ គឺថាប្រទេសចិននៅតែជាក្រុមហ៊ុនផលិតបន្ទះសូឡាដ៏ធំបំផុតរបស់ពិភពលោក ខណៈដែលកន្លងមក អាមេរិកក៏មានបានបើកការស៊ើបអង្កេតទៅលើក្រុមហ៊ុនចិនមួយចំនួន ដែលបានប្រើប្រាស់ឈ្មោះក្រុមហ៊ុននៅប្រទេសថៃ វៀតណាម និងម៉ាឡេស៊ីជាខែលរកស៊ី នាំចូលបន្ទះសូឡាទៅអាមេរិក ដើម្បីរួចពន្ធ៕
អត្ថបទ ស៊ើង និមល់