ការប្តេជ្ញាចិត្តថ្មីរបស់អាមេរិកចំពោះអាស៊ាន

សហរដ្ឋអាមេរិកបង្ហាញការប្តេជ្ញាចិត្តខ្ពស់មិនធ្លាប់មាន ចំពោះទំនាក់ទំនងជាមួយអាមេរិក-អាស៊ាន?


មុនដំណើរទស្សនកិច្ចក្នុងតំបន់អាស៊ាន សហរដ្ឋអាមេរិកក្រោមរដ្ឋបាល ប្រធានាធិបតី ចូ បៃឌិនបានបង្ហាញការប្តេជ្ញាចិត្តថ្មីមួយ ក្នុងការភ្ជាប់ទំនាក់ទំនងរវាងអាមេរិក និងអាស៊ាន។ ការប្តេជ្ញាចិត្តថ្មីនេះ ត្រូវបានក្រុងវ៉ាស៊ីតោនអះអាងថា មិនធ្លាប់មានពីមុនមកនោះទេ។ នេះបើតាមមន្ត្រីការទូតជាន់ខ្ពស់ ក្រុងវ៉ាស៊ីនតោន ទទួលបន្ទុកតំបន់អាស៊ីបូព៌ា ប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ការប្តេជ្ញាចិត្តថ្មីរបស់អាមេរិកចំពោះអាស៊ាន

ការ​ប្តេជ្ញា​ចិត្ត​នេះ បាន​កើតឡើង ស្រប​ពេល​ដែល​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក លោក អាន់​តូ​នី ប្លី​ង​ខេន បាន​ចាប់ផ្ដើម​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ចំនួន​៣ នៃ​តំបន់​អាស៊ាន ចាប់ពី​ថ្ងៃ​ទី​០៩ ដល់ ១៧ ខែធ្នូ​ឆ្នាំ​២០២១ ក្នុង​នោះ​រួម​មាន ប្រទេស​ឥណ្ឌូ​នេ​ស៊ី ម៉ា​ឡេ​ស៊ី និង ប្រទេស​ថៃ​។

លោក ដា​នី​ញ៉េ​ល គ្រី​ធេ​ន​ប្រ៊ី​ង (Daniel Kritenbrink) ឧបការី​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ា បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ការ​ធ្វើ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្លី​ង​ខេន នឹង​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​សន្តិសុខ​ក្នុង​តំបន់ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​គំរាមកំហែង របស់​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។

ការ​លើក​ឡើង​បែប​នេះ ស្រប​ពេល​ដែល​ចិន និង​សហរដ្ឋអាមេរិក កំពុង​មាន​ភាព​តានតឹង ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង និង​ច្រក​សមុទ្រ​កោះ​តៃវ៉ាន់ ដែល​ចិន​បាន​ហៅ​សកម្មភាព​របស់​អា​មេ​រិ​កថា ជា​ការ​គម្រាមកំហែង​សន្តិសុខ​តំបន់ ប៉ុន្តែ​អា​មេ​រិ​កថា ខ្លួន​ធ្វើ​តាម​ទម្លាប់ និង​ស្រប​តាម​ច្បាប់​នាវាចរ​អន្តរជាតិ​។

លោក ដា​នី​ញ៉េ​ល បាន​បន្ត​ថា ប្រធានាធិបតី​អា​មេ​រិ​ក បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​លើកកម្ពស់ ការ​ចូលរួម​រវាង​សហរដ្ឋអាមេរិក និង​អាស៊ាន​ឲ្យ​ដល់​កម្រិត​មួយ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ព្រមទាំង​ពង្រីក​ការ​ចូលរួម​ជាមួយ​គ្នា ក៏​ដូច​ជា​កិច្ច​សហប្រតិបត្តិការ​ផ្លូវការ តាម​រយៈ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី ស្តី​ពី​អាកាសធាតុ និង​បរិស្ថាន វិបត្តិ​ថាមពល សុខាភិបាល ការ​ដឹក​ជញ្ជូន សមភាព​យេ​ន​ឌ័​រ និង​ការ​ពង្រឹង​សិទ្ធិ​អំណាច​របស់​ស្ត្រី​ជាដើម​។

ឧបការី​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ា​រូប​នេះ ថែម​ទាំង​បាន​សង្កត់ធ្ងន់​ថា សហរដ្ឋអាមេរិក នឹង​មិន​ស្នើ​សុំ​ឲ្យ​អាស៊ាន​ជ្រើសរើស​ឈរ​នៅ​ខាង​ណាមួយ​នោះ​ទេ អា​មេ​រិ​ក​គ្រាន់តែ​ចង់​ឲ្យ អាស៊ាន​មាន​លទ្ធភាព​ធ្វើការ​សម្រេចចិត្ត​ដោយ​ខ្លួនឯង មិន​ស្ថិត​ក្រោម​សម្ពាធ​ប៉ុណ្ណោះ​។

គួរ​កត់​សម្គាល់ថា ទស្សនកិច្ច​ជា​បន្តបន្ទាប់​ពី​ភាគី​អា​មេ​រិ​កមក​កាន់​តំបន់​អាស៊ាន ស្តែង​ចេញពី​ការ​បង្កើន​ការ​យកចិត្តទុកដាក់​លើ​តំបន់​មួយ​នេះ បន្ទាប់​ពី​ការ​សន្យា​របស់​ប្រធានាធិបតី​ចូ បៃ​ឌិន ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​កាលពី​ចុងខែ​តុលា​។ គ្រានោះ លោក ចូ បៃ​ឌិន បាន​ប្រកាស​ពី​ការ​ផ្តល់​ថវិកា​ជាង ១០០​លាន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​ភាព​ជា​ដៃគូ​រវាង​សហរដ្ឋអាមេរិក និង​អាស៊ាន​ផង​ដែរ​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើលោក ចូ ប៉ៃដិន នឹងបន្តយកពន្ធនាំចូលលើគ្រឿងបន្ទះសូឡាដែរ ឬទេ?

ព័ត៌មាន
ទីភ្នាក់ងារពាណិជ្ជកម្មអាមេរិក ជំរុញឱ្យប្រធានាធិបតី លោក ចូ ប៉ៃដិន គួរតែបន្តការយកពន្ធ លើគ្រឿងបន្ទះសូឡាដែលនាំចូលពីក្រៅប្រទេស បន្តទៀត ខណៈដែល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ