វិបត្តិនៅអង់គ្លេស

តើលោក Rishi Sunak នឹងអាចដោះស្រាយវិបត្តិនៅអង់គ្លេសបានដែរ ឬយ៉ាងណា?


លោក Rishi Sunak នឹងក្លាយជានាយករដ្ឋមន្ត្រីអង់គ្លេសវ័យក្មេងដំបូងគេក្នុងប្រវត្តិសាស្ត្រ២០០ឆ្នាំចុងក្រោយរបស់អង់គ្លេស។ ជាងនេះទៀត លោកក៏នឹងជានាយករដ្ឋមន្ត្រីមិនមែនស្បែកស ដំបូងគេរបស់អង់គ្លេសផងដែរ បន្ទាប់ពីលោកបានឈ្នះការប្រណាំងប្រជែង ដើម្បីក្លាយជាអ្នកដឹកនាំគណបក្សអភិរក្សនិយម ដែលទទួលភារកិច្ចដឹកនាំស្រោចស្រង់អង់គ្លេស ដែលបានបែកបាក់ ដោយសារការលំបាកផ្នែកសេដ្ឋកិច្ចដែលកំពុងអូសបន្លាយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិជាច្រើន។
នាយករដ្ឋមន្ត្រីអង់គ្លេសថ្មីលោក Rishi Sunak!

អង់គ្លេសនឹងមាននាយករដ្ឋមន្ត្រីថ្មី ដែលជាអ្នកទីបី​ហើយ​ក្នុងពេល​មិនដល់២ខែផង។ លោក Rishi Sunak ក្នុងវ័យ៤២ឆ្នាំ នឹងត្រូវចូលគាល់មហាក្សត្រអង់គ្លេស ស្តេច ឆាល ដើម្បីបង្កើតរដ្ឋាភិបាលថ្មី មានលោកជានាយករដ្ឋមន្ត្រី។ អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុរូបនេះ នឹងចូលខ្លួនមក​ដោះស្រាយបញ្ហាជាច្រើន ពិសេសអស្ថិរភាពទាំងនយោបាយ និងសេដ្ឋកិច្ចនៅអង់គ្លេស ក្នុងគ្រាមួយដែលសេដ្ឋកិច្ចប្រទេសត្រូវបានគេចាត់ទុកថា​មានស្ថានការណ៍​អាក្រក់បំផុតមួយក្នុងប្រវត្តិសាស្ត្រ។ លោកនឹងមកជំនួសតំណែងលោកស្រី Liz Truss ដែលអង្គុយក្នុងកៅអីនាយករដ្ឋមន្ត្រីបាន ត្រឹមតែ ៤៤ថ្ងៃប៉ុណ្ណោះ មុនពេលលោកស្រីលាលែងពីតំណែង។

បុរសដែលមានទឹកចិត្តដ៏ក្លៀវក្លានេះ ប្រាប់សមាជិកសភាកាលពី​ថ្ងៃចន្ទថា បច្ចុប្បន្នអង់គ្លេសប្រឈមមុខនឹងវិបត្តិដែលមានស្រាប់​ដដែល​មិនទាន់ដោះស្រាយបាន ហើយគេត្រូវតែរួបរួមគ្នា បើមិនដូច្នេះនឹងត្រូវស្លាប់ទាំងអស់គ្នា។ លោក​ Sunak អះអាងថា លោកនឹងចូលមក​ប្រឈម​មុខ​​នឹងការលំបាក​ផ្នែក​សេដ្ឋកិច្ច​ដ៏​ខ្លាំងក្លា​ក្នុងប្រវត្តិសាស្ត្រសម័យទំនើបនេះ​មុនគេ ព្រោះប្រជាជនអង់គ្លេស​ត្រូវការ​ស្ថិរភាព និងឯកភាព ហើយលោកនឹង​ធ្វើឱ្យវាជា​អាទិភាពបំផុត ដើម្បីនាំ​គណបក្ស និងប្រទេសអង់គ្លេស​រួមគ្នា​ឡើងវិញ។

ចំណាត់ការដំបូងរបស់ អតីតរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​រូបនេះ​ពេលក្លាយជានាយករដ្ឋមន្ត្រី​ត្រូវបានគេរំពឹងថា ជាការកាត់បន្ថយចំណាយដ៏ច្រើនក្រែល​របស់រដ្ឋាភិបាល។ ក្រៅពីនោះ លោក Sunnak បាននិយាយជាសាធារណៈ​តិចតួចណាស់អំពីរបៀប​ដែលលោកគ្រប់គ្រងប្រទេស និងរបៀបលោកនឹងដោះស្រាយវិបត្តិសេដ្ឋកិច្ច និងនយោបាយជាច្រើន។ នេះគេប្រហែល​ត្រូវរង់ចាំ​រហូតដល់លោកចូលកាន់តំណែងជាផ្លូវការសិន។

ក្រៅពីបញ្ហាសេដ្ឋកិច្ច លោក Sunnak ក៏នឹងត្រូវខិតខំប្រឹងប្រែងរៀបចំគណបក្សនយោបាយ​ដ៏លេចធ្លោរបស់ចក្រភពអង់គ្លេស គឺបក្សអភិរក្សនិយម ឱ្យរួមគ្នាឡើងវិញដែរ បន្ទាប់ពីសមាជិកខ្លះបានចោទប្រកាន់មិនពេញចិត្តរូបលោក ដោយចោទថា លោកក្បត់ជាតិកាលពីដើមឆ្នាំ២០២២នេះ គ្រាដែលលោក Sunak បានលាលែងពីគណៈរដ្ឋមន្ត្រី​ក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី Boris Johnson ហើយ​លោក​ក៏ជា​កត្តា​មួយ​បណ្តាលលោក Johnson លាលែងពីដំណែងដែរ។

គួរជម្រាបថា​ លោក Rishi Sunak នឹងក្លាយជានាយករដ្ឋមន្ត្រី​មិនមែនស្បែកសដំបូងគេរបស់អង់គ្លេស ដោយរូបលោកមានដើម​កំណើត​​ឥណ្ឌា ជា​កូនរបស់​​គ្រួសារ​អន្តោប្រវេសន៍​មក​ដល់​​ទឹកដីអង់គ្លេស​នៅ​ឆ្នាំ​១៩៦០។ ចូលប្រឡូកក្នុងឆាកនយោបាយ​តាំងពីឆ្នាំ ២០១៥ ដោយបានក្លាយជាតំណាងរាស្ត្រអង្គុយក្នុងសភា បាន​ក្លាយ​ជា​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​​របស់​​រដ្ឋាភិបាល​​​លោក​បូរីស ចន​សុន នៅ​ឆ្នាំ​២០២០ ក្នុង​វ័យ​មិន​ទាន់​៤០​ឆ្នាំ​ស្រួលបួល​ផង តែក៏​​ជា​រដ្ឋមន្ត្រី​ដំបូងគេម្នាក់​ដែល​លាលែង​ចេញ​ពី​រដ្ឋាភិបាល​​ដដែល​នោះ នៅ​ខែកក្កដា ២០២២ ពោល​គឺ​ថ្ងៃ​មុន​ការ​លាលែង​ពី​តំណែងនាយករដ្ឋមន្ត្រី​​របស់​លោកបូរីស​ចនសុន។

ដោយមានឈាមជ័រជាជនជាតិឥណ្ឌានេះ នាយករដ្ឋមន្រ្តីឥណ្ឌា និរិន្រ្ទា ម៉ូឌី បានអបអរសាទរលោក Sunak ដោយចាត់ទុកអនាគត​នាយករដ្ឋមន្រ្តីអង់គ្លេសរូបនេះថា ជាស្ពានពង្រឹងទំនាក់ទំនង​រវាងប្រជាជនឥណ្ឌា និងអង់គ្លេស ខណៈប្រទេសទាំងពីរកំពុងផ្លាស់ប្តូរពីទំនាក់ទំនង​បែបប្រវត្តិសាស្រ្តទៅ​ជាដៃគូតាមបែបយុទ្ធសាស្រ្តសម័យទំនើបវិញ៕




អត្ថបទបន្ទាប់


ក្រោយបិទបញ្ចប់សមាជបក្សកុម្មុយនីស្តលើកទី២០ ចិនប្រកាសពីកំណើនសេដ្ឋកិច្ចលើសការរំពឹងទុក

ស្ថានភាពសេដ្ឋកិច្ចក្នុងប្រទេសចិន ហាក់មានភាពប្រសើរឡើងវិញ ហើយថែមទាំងល្អជាងការរំពឹងទុកទៅទៀត សម្រាប់ត្រីមាសទី៣ឆ្នាំនេះ ពោលគឺបើគេគិតពីខែកក្ក…

មេទីភ្នាក់ងារថាមពលអន្តរជាតិថា ពិភពលោកកំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃវិបត្តិថាមពលហើយ

ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បាននិយាយនៅថ្ងៃអង្គារទី ២៥តុលានេះថា ការរឹតបន្តឹងទីផ្សារសម្រាប់ឧស្ម័នធម្មជាតិរាវ (LNG) នៅទូទាំងពិភ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ