លោក យក់ សុធីរិទ្ធ នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនវើលប្រ៊ីដហូមបានបញ្ជាក់ពីគោលបំណងនៃការរៀបចំកម្មវិធីផ្ទះខ្ញុំស្អាតថា គឺដើម្បីលើកកម្ពស់សុខមាលភាព សោភ័ណភាព សណ្តាប់ធ្នាប់ និងសេចក្តីថ្លៃថ្នូរក្នុងការរស់នៅរបស់ប្រជាពលរដ្ឋ។ លោករំពឹងថា ប្រជាពលរដ្ឋដែលរស់នៅក្នុងគម្រោងលំនៅទីក្រុងរណបសិរីមង្គលនឹងយកម្ចាស់ជ័យលាភីក្នុងកម្មវិធីផ្ទះខ្ញុំស្អាតធ្វើជាគំរូក្នុងការផ្លាស់ប្តូរការរស់នៅរបស់ពួកគេឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។
ជាមួយគ្នានេះឯកឧត្តម ប្រាក់ អង្គារ៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋានលំនៅឋាននៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានគូសបញ្ជាក់ថា កម្មវិធីផ្ទះខ្ញុំស្អាតមិនត្រឹមតែជួយលើកកម្ពស់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងគម្រោងលំនៅឋានទីក្រុងរណបសិរីមង្គលប៉ុណ្ណោះទេ តែវាក៍នឹងរួមចំណែកជួយលើកកម្ពស់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងសង្គមទាំងមូលផងដែរ។
គួរបញ្ជាក់ថាកម្មវិធី «ផ្ទះខ្ញុំស្អាត» នៃគម្រោងលំនៅឋានតម្លៃសមរម្យក្នុងទីក្រុងរណបសិរីមង្គលរបស់អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនវើលប្រ៊ីដគ្រុបបានរកឃើញម្ចាស់ជ័យលាភីហើយ បន្ទាប់ពីឆ្លងកាត់ការវាយតម្លៃយ៉ាងល្អិតល្អន់ចំនួន៣ជុំ ពីគណៈកម្មការជំនាញនៃអគ្គនាយកដ្ឋានលំនៅឋាន នៃក្រសួងរៀបចំដែនដី នគរូបនីយដ្ឋាន និងសំណង់។ ក្នុងនោះម្ចាស់ជ័យលាភីលេខ១ទទួលបាន ថវិកាលើកទឹកចិត្តចំនួន៨លានរៀល លេខ២បាន៦លានរៀល លេខ៣ចំនួន៤លានរៀល ខណៈលេខ៤និងលេខ៥ទទួលបានម្នាក់១លានរៀល។
គម្រោងលំនៅឋានទីក្រុងរណបសិរីមង្គល ជាគម្រោងលំនៅឋានតម្លៃសមរម្យធំជាងគេ និងដំបូងគេនៅកម្ពុជា។ គម្រោងនេះបាន និងកំពុងអភិវឌ្ឍលំនៅឋានតម្លៃសមរម្យចំនួន២,៤៥៧ល្វែង អមជាមួយផ្សារសហគមន៍ និងសួនច្បារសាធារណៈនៅលើផ្ទៃដីជាង២៣ហិកតាស្ថិតនៅក្នុងតំបន់កំពុងមានការអភិវឌ្ឍខ្លាំងប្រកបដោយសក្តានុពលទាំងឱកាសការងារ និងអាជីវកម្ម ពោលគឺនៅទល់មុខនឹងទីតាំងគម្រោងបណ្តុំសហគ្រាសធុនតូច និងមធ្យម Worldbridge ៤.០ តាមបណ្តោយផ្លូវជាតិលេខ២១ ភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ជិតផ្លូវក្រវ៉ាត់ក្រុងទី៣ និងមានចម្ងាយប្រមាណ៧គីឡូម៉ែត្រពីប្រលានយន្តហោះភ្នំពេញថ្មី៕