បើតាមធនាគារពិភពលោក បញ្ហាផលប៉ះពាល់នៃវិបត្តិសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ការដំឡើងអត្រាការប្រាក់កាន់តែខ្ពស់ឡើងនៅតាមធនាគារកណ្ដាលនៃប្រទេសជាច្រើន រួមទាំងសេដ្ឋកិច្ចរបស់ប្រទេសសេដ្ឋកិច្ចធំៗដែលជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចកំពុងមានទំនោរថមថយចុះនោះ គឺសុទ្ធសឹងកត្តាចម្បងៗដែលនឹងរុញទម្លាក់សេដ្ឋកិច្ចពិភពលោកឲ្យដាំក្បាលចូលទៅក្នុងវិបត្តិនៅឆ្នាំនេះ។
យោងតាមរបាយការណ៍ការព្យាករពីកំណើនសេដ្ឋកិច្ចសកល ដោយធនាគារពិភពលោក ដែលបានធ្វើឡើងកាលពីថ្ងៃអង្គារទី១០ខែមករាបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចនៅបណ្ដាប្រទេសជាច្រើនទូទាំងពិភពលោក មានទំនោរកំណើនថមថយចុះជាបន្ដបន្ទាប់ ខណៈដែលធនាគារកណ្តាលសម្រុកដំឡើងអត្រាការប្រាក់គោលយ៉ាងខ្ពស់ ស្របពេលដែលសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែននៅតែបន្ត ជិតគំរប់មួយឆ្នាំទៅហើយនោះ។
World Bank រំពឹងថាកំណើន GDP របស់ពិភពលោកនឹងមានប្រមាណ ១,៧%ប៉ុណ្ណោះនៅក្នុងឆ្នាំ ២០២៣ ដែលវាជាកំណើនមួយយឺតបំផុតនៅប៉ុន្មានឆ្នាំចុងក្រោយ។ ការរំពឹងចុងក្រោយរបស់ធនាគារពិភពលោក គឺបានបន្ទាបអស់ជិតពាក់កណ្តាល បើធៀបនឹងរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចសកល ដែលខ្លួនធ្លាប់បានបញ្ចេញកាលពីខែមិថុនាឆ្នាំ២០២២ ដែលកាលនោះ World Bank បានរំពឹងថា កំណើនសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៣នឹងកើនឡើងដល់ ៣%។
ជាមួយគ្នានេះ របាយការណ៍ថ្មីចុងក្រោយរបស់ធនាគារពិភពលោកដដែលនេះ បានព្យាករថា សម្រាប់ឆ្នាំ២០២៤ កំណើនសេដ្ឋកិច្ចសកល នឹងកើនឡើងមកដល់មកដល់ ២,៧% ខណៈកាលពីឆ្នាំមុនធ្លាប់បានប៉ាន់ស្មានថានឹងមានកំណើន២,៩%។ ការព្យាករណ៍បានបង្ហាញផងដែរ ថាកំណើនសេដ្ឋកិច្ចសកលជាមធ្យមសម្រាប់ចន្លោះឆ្នាំ ២០២០-២០២៤ នឹងស្ថិតនៅក្រោមរង្វង់២%ប៉ុណ្ណោះ ដែលនេះជាកំណើនតិចបំផុតសម្រាប់ចន្លោះពេល៥ឆ្នាំ បើគេគិតពីឆ្នាំ ១៩៦០មក។
ធនាគារពិភពលោកជឿថា ភាពរីកច្រើនយឺតនៃប្រទេសដែលជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចពិភពលោក ដូចជា ប្រទេសចិន សហរដ្ឋអាមេរិក និងតំបន់ចាយប្រាក់អឺរ៉ូ សុទ្ធតែកំពុងរុញឱ្យសេដ្ឋកិច្ចសកលទៅកៀកនឹងមាត់ជ្រុះនៃវិបត្តិ។ ជាក់ស្តែង World Bank បានកាត់បន្ថយកំណើនសេដ្ឋកិច្ចអាមេរិក និងតំបន់អឺរ៉ុប ០,៥%ដូចគ្នា ខណៈចិនកាលពីឆ្នាំមុនមានកំណើនត្រឹម ២,៧% ដែលវាជាកំណើនតិចបំផុតរាប់ចាប់ពីទសវត្សរ៍ឆ្នាំ១៩៧០មក។
បើតាមអ្នកជំនាញរបស់ធនាគារពិភពលោក ដោយសារតែលក្ខខណ្ឌសេដ្ឋកិច្ចពិភពលោកកំពុងផុយស្រួយ ដូចនេះការផ្លាស់ប្ដូរជាអវិជ្ជមានណាមួយក៏ដោយ គឺសុទ្ធតែអាចទាញឲ្យពិភពលោកធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចបានទាំងអស់ ឧទាហរណ៍ដូចជា អតិផរណាខ្ពស់ជាងការរំពឹងទុក ការកើនឡើងនៃអត្រាការប្រាក់គោលភ្លាមៗ ការរីករាលដាលនៃជំងឺកូវីដ១៩ ឬការកើនឡើងនូវភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយជាដើម។ នៅក្នុងលក្ខខណ្ឌសេដ្ឋកិច្ចមិនអំណោយផលបែបនេះ វានឹងប៉ះពាល់ខ្លាំងបំផុតសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ព្រោះប្រទេសទាំងនេះកំពុងរ៉ាប់រងបន្ទុកបំណុលដ៏ធ្ងន់ស្រាប់ទៅហើយ បូករួមនឹងការប្រែប្រួលនៃតម្លៃរូបិយប័ណ្ណថែមទៀត។
ឆ្លើយតបនឹងបញ្ហានេះ ធនាគារពិភពលោកបានអំពាវនាវឱ្យបង្កើនការគាំទ្រពីសហគមន៍អន្តរជាតិដើម្បីជួយប្រទេសដែលមានប្រាក់ចំណូលទាប ក្នុងការដោះស្រាយវិបត្តិស្បៀងអាហារ និងការកើនឡើងនៃវិបត្តិបំណុលជាដើម៕
អត្ថបទ ៖ សារៀម លក្ខិណា