ធនាគារពិភពលោក នៅក្នុងរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាសម្រាប់ខែមិថុនាដែលមានចំណងជើងថា «ដំណើរឆ្ពោះទៅការងើបឡើងវិញ» ដែលបានចេញផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី ១៧មិថុនា បានគូសបញ្ជាក់ថា ទោះបីសេដ្ឋកិច្ចកម្ពុជានៅ២០២១ ត្រូវបានគេព្យាករកន្លងមកថា នឹងងើបឡើងវិញ ៤% ក៏ពិតមែន ប៉ុន្តែកំណើននេះមានលក្ខណៈមិនស្មើគ្នានោះទេ។ មិនស្មើគ្នា គឺនៅត្រង់ថា វិស័យខ្លះបានរុញច្រានសេដ្ឋកិច្ចកម្ពុជាឲ្យមានការរីកចម្រើន ផ្នែកខ្លះទៀត ហាក់បីដូចជានៅទ្រឹងដដែល។
ជាក់ស្តែងវិស័យ ម្ហូបអាហារ ភោជនីយដ្ឋាន សេវាកម្ម ការស្នាក់នៅសណ្ឋាគារផ្ទះសំណាក់ និង វិស័យដឹកជញ្ជូននៅតែប៉ះពាល់ រងគ្រោះខ្លាំងពី អវត្តមាននៃភ្ញៀវទេសចរបរទេស និង មួយចំនួន នៃទេសចរក្នុងស្រុក។
ជុំវិញបញ្ហានេះ ឯកឧត្តម ឈុន មករា ប្រធាននាយកដ្ឋានគ្រប់គ្រងទីភ្នាក់ងារទេសចរណ៍ នៃក្រសួងទេសចរណ៍ បានប្រាប់ក្រុមការងារខេមបូណូមីសកាលពីពេលថ្មីៗនេះថា ក្រសួងទេសចរណ៍បាននិងកំពុងរៀបចំឯកសារស្នើទៅកាន់រាជរដ្ឋាភិបាល ដើម្បីសម្រួលដល់ភ្ញៀវទេសចរបរទេស ដែលបានចាក់វ៉ាក់សាំងរួច អាចមកកំសាន្តនៅកម្ពុជាចាប់ពីត្រឹមត្រីមាសទី៤ឆ្នាំនេះហើយ ដែលវាគឺជាក្ដីសង្ឃឹមថ្មីសម្រាប់ដង្ហើមវិស័យទេសចរណ៍។
ងាកទៅមើលការនាំចេញវិញ នៅ៤ខែដំបូងនៅឆ្នាំ២០២១ ការនាំចេញទំនិញរបស់កម្ពុជា ក្រៅពីការនាំចេញមាស មានការកើនឡើងក្នុងតួលេខពីរខ្ទង់ គឺជាង១២%។ ក្នុងនោះដែរ បើទោះបីជា ការដឹកជញ្ជូនមានការឡើងថ្លៃ ប៉ុន្ដែ ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ ដែលបានធ្លាក់ចុះនៅខែមករា បានចាប់ផ្ដើមកើនឡើងវិញជាបណ្ដើរៗ នៅរយៈពេលប៉ុន្មានខែចុងក្រោយនេះ។
យ៉ាងណាមិញ របាយការណ៍របស់ World Bank កត់សម្គាល់ពីភាពវិជ្ជមានរបស់វិស័យផ្សេងទៀតដូចជា វិស័យកសិកម្មដែលរក្សាបាននូវភាពធន់គួរសម ខណៈវិស័យឧស្សាហកម្ម អាជីវកម្មបោះដុំ និងលក់រាយបានរើបឡើងវិញជាបណ្តើរៗ ខណៈការវិនិយោគផ្ទាល់ពីបរទេសនៅតែបន្តហូរចូលមកកម្ពុជាដដែល។ ក្នុងនោះការវិនិយោគផ្ទាល់ពីប្រទេសចិនតំណាងឲ្យជាង៥០%នៃការវិនិយោគផ្ទាល់ពីបរទេសទាំងអស់របស់កម្ពុជា។ នេះបើតាមរបាយការណ៍របស់ធនាគារពិភពលោក។
ថ្វីត្បិតតែវិស័យជាច្រើននៅកម្ពុជាកំពុងបង្ហាញពីសញ្ញាប្រសើរឡើងក៏ពិតមែន ប៉ុន្តែ ធនាគារពិភពលោក បានព្រមានដែរថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅតែប្រឈមនឹងភាពមិនប្រាកដប្រជាខ្លាំង។ មិនប្រាកដប្រជាខ្លាំង ដោយសារតែបញ្ហាជំងឺកូវីដ១៩ដែលកំពុងមានវត្តមាន រីករាលដាលឆ្លងនៅក្នុងប្រទេសនៅឡើយ។
ទាក់ទងនឹងចំណុចនេះ កន្លងមករដ្ឋាភិបាលក៏មានលទ្ធភាពផ្ដល់ជំនួយបន្ថែម ផ្នែកសារពើពន្ធ និង រូបិយវត្ថុ នៅអំឡុងពេលមេរោគរាតត្បាតកើនឡើងខ្លាំងដែរ។ តួយ៉ាង បើតាមធនាគារពិភពលោកបានបញ្ជាក់ក្នុងរបាយការណ៍ថា ថវិកាសម្រាប់ជំនួយសង្គ្រោះ និង ស្ដារសេដ្ឋកិច្ចឡើងវិញនេះ នៅឆ្នាំ២០២១មានប្រមាណជិត ៧២០លានដុល្លារ ខណៈ ដែលកាលពីឆ្នាំ២០២០ មានជាង៨២០លានដុល្លារ។
ការងើបឡើងវិញឲ្យបានរឹងមាំនៃសេដ្ឋកិច្ចកម្ពុជា គឺអាស្រ័យស្ទើរតែទាំងស្រុងទៅលើការគ្រប់គ្រងស្ថានភាពឆ្លងកូវីដ១៩ និង ទៅលើល្បឿននៃការចាក់វ៉ាក់សាំងបង្ការតែប៉ុណ្ណោះ។ ក្នុងករណីដែលមានសេណារីយ៉ូអាក្រក់បំផុតកើតឡើង តួយ៉ាងកូវីដ១៩ អាចរាលដាលខ្លាំងម្តងទៀត ហើយនឹងមានវិធានការណ៍បិទខ្ទប់ម្តងទៀត ឬ មួយយុទ្ធនាការចាក់វ៉ាក់សាំងមានភាពយឺតយ៉ាវដោយប្រការណាមួយនោះ ច្បាស់ណាស់ សេដ្ឋកិច្ចកម្ពុជា នឹងមានកំណើនតែ ១% ប៉ុណ្ណោះក្នុងឆ្នាំ២០២១។
យ៉ាងណាមិញ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានអះអាងកាលពីពេលថ្មីៗនេះថា បច្ចុប្បន្នយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ កំពុងមានល្បឿនលឿនជាងការគ្រោងទុក ដូចនេះកម្ពុជាអាចនឹងសម្រេចការចាក់វ៉ាក់សាំងទូទាំងប្រទេស ដល់ពលរដ្ឋបានតាមការគ្រោងទុកទាំង១០លាននាក់ នៅត្រឹមត្រីមាសទី១ឆ្នាំ២០២២ខាងមុខ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៦ខែមិថុនា យុទ្ធនាការចាក់វ៉ាក់សាំងនៅកម្ពុជាសម្រេចបាន ជាង៣១%ហើយ ធៀបនឹងចំនួនប្រជាជនគោលដៅ ១០លាននាក់៕