ប្រធានក្រុមធនាគារពិភពលោក លោក ដាវីដ ម៉ាលផាស (David Malpass) និងលោកស្រី គ្រីស្តាលីណា ចចជីអ៊ីវ៉ា (Kristalina Georgieva) អគ្គនាយិកាអង្គការមូលនិធិរូបិវត្ថុអន្តរជាតិបានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍រួមគ្នាមួយ ទៅកាន់ក្រុមប្រទេសឧស្សាហកម្មរីកច្រើន G7 ថា «ការរាតត្បាតនៃមេរោគកូវីដ-១៩ នឹងមិនបញ្ចប់នោះទេ ដរាបណាមនុស្សគ្រប់រូបមិនបានទទួលការចាក់វ៉ាក់សាំង រួមទាំងប្រជាជនក្នុងប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ»។
សេចក្ដីថ្លែងការណ៍ដដែលនេះ បានគូសបញ្ជាក់ទៀតថា «ការទទួលបានវ៉ាក់សាំងនៅទូទាំងពិភពលោក គឺជាការផ្ដល់ក្ដីសង្ឃឹមល្អបំផុត ដើម្បីបញ្ចប់មេរោគរាតត្បាត ជួយសង្គ្រោះអាយុជីវិត និងការស្ដារមូលដ្ឋានសេដ្ឋកិច្ចឲ្យមានការស្ទុះងើបឡើងវិញ»។
ថ្នាក់ដឹកនាំ ធនាគារពិភពលោក និងអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានគូសបញ្ជាក់ថា អង្គការសុខភាពពិភពលោក និងអង្គការពាណិជ្ជកម្មពិភពលោក រួមទាំងធនាគារពិភពលោក និងអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិផង បានទទូចឲ្យមានការគាំទ្រជាអន្តរជាតិ នូវហិរញ្ញប្បទាន ៥០ពាន់លានដុល្លារអាមេរិក ក្នុងគោលបំណងធ្វើយ៉ាងណាឲ្យមានទទួលបានវ៉ាក់សាំងប្រកបដោយសមភាព និងដើម្បីឈានទៅបញ្ចប់ការរីករាលដាលនៃមេរោគកូវីដ-១៩នៅគ្រប់ទីកន្លែង។
ក្រុមធនាគារពិភពលោក និង IMF អំពាវនាវឲ្យប្រទេសនានា ដែលរំពឹងទទួលបានការផ្គត់ផ្គង់វ៉ាក់សាំងច្រើនលើសតម្រូវការជាក់ស្ដែងនៅប៉ុន្មានខែខាងមុខនេះ គួរតែបញ្ចេញវ៉ាក់សាំងដែលលើសនោះ មកឲ្យប្រទេសកំពុងអភិវឌ្ឍន៍តាមដែលអាចធ្វើទៅបានប្រកបដោយតម្លាភាព។
ធនាគារពិភពលោក នឹង IMF ក៏កំពុងជំរុញឲ្យក្រុមហ៊ុនផលិតវ៉ាក់សាំងបង្កើនការផលិតថែមទៀត ដើម្បីជួយបង្កើនលទ្ធភាពកាន់តែច្រើន សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការទទួលបានវ៉ាកសាំងផងដែរ។
តាមការប៉ាន់ស្មានរបស់ IMF ការចាក់វ៉ាក់សាំងបានកាន់តែលឿន អាចនឹងជួយចាក់បញ្ជូលសាច់ប្រាក់ប្រមាណ ៩ទ្រីលានដុល្លារអាមេរិក ទៅក្នុងសេដ្ឋកិច្ចសាកលឆ្នាំ២០២៥ ដោយសារតែវានឹងធ្វើឲ្យតម្រូវការប្រើប្រាស់ ដែលជាសកម្មភាពសេដ្ឋកិច្ចដ៏សំខាន់នោះ នឹងមានការកើនឡើងលឿនរហ័សឡើងវិញ៕