ការអះអាងបែបនេះ ដោយសារតែសង្គ្រាមនៅអ៊ុយក្រែនកំពុងបន្ដអូសន្លាយ និងមានភាពតានតឹងកាន់តែខ្លាំង ហើយចំនួនអ្នកស្លាប់ និងរបួសកើតមានកាន់តែច្រើន ការំផ្លិចបំផ្លាញ និងវិបត្តិជនភៀសខ្លួនក៏កំពុងកើនឡើងដូចគ្នាដែរ។ បន្ថែមពីនេះ ទណ្ឌកម្មរបស់លោកខាងលិចដែលបានដាក់លើរុស្ស៊ី ក៏កំពុងបង្កជាផលវិបាកចំពោះខ្សែចង្វាក់ផ្គត់ផ្គង់សកលលោកផងដែរ និងកំពុងធ្វើឲ្យទំនិញលើទីផ្សារឡើងថ្លៃកាន់តែខ្លាំងឡើងៗ។
អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានចេញសេចក្ដីថ្លែងការណ៍មួយកាលពីចុងសប្ដាហ៍នេះថា សង្គ្រាមនៅអ៊ុយក្រែនបានធ្វើឲ្យតម្លៃថាមពល និងគ្រាប់ធុញ្ញជាតិបានកើនខ្ពស់ ហើយបានធ្វើឲ្យមានជនភៀសខ្លួនពីអ៊ុយក្រែនទៅកាន់ប្រទេសជិតខាងបានកើនដល់ជាង១លាន៥សែននាក់ហើយ ខណៈដែលទណ្ឌកម្មមិនធ្លាប់មានពីមុនមកនោះ ក៏បានទម្លាក់ផ្ទួនៗទៅលើរុស្ស៊ីផងដែរ។
នាយិការអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ លោកស្រី គ្រីស្ដាលីណា ចចជីវ៉ា បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ថ្មីចុងក្រោយមួយថា ខណៈដែលស្ថានភាពនៅតែបន្ដអាក្រក់ទៅៗ ហើយទស្សនវិស័យនៅតែស្ថិតនៅក្រោមភាពមិនច្បាស់លាស់ផងនោះ ផលវិបាកសេដ្ឋកិច្ចសកលនឹងមានកាន់តែធ្ងន់ធ្ងរ។ លោកស្រី បន្ថែមថា សង្គ្រាមបន្ដអូសបន្លាយ និងការចូលរួមដាក់ទណ្ឌកម្មនានាទៅលើរុស្ស៊ីក៏នឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរទៅដល់សេដ្ឋកិច្ចសកលលោកដូចគ្នា។
នាយិកាគ្រប់គ្រង IMF រូបនេះបន្ថែមថា បច្ចុប្បន្ន វិបត្តិកំពុងកើតឡើងអាក្រក់រួចទៅហើយ នៅក្នុងសកម្មភាពសេដ្ឋកិច្ច និងអតិផរណា នៅពេលដែលសម្ពាធថ្លៃចំណាយមានកាន់តែខ្ពស់ទៅៗនោះ។
ប្រធានធនាគារពិភពលោកលោក David Malpass ឯណោះវិញបានលើកឡើងដែរថា សង្គ្រាមនៅអ៊ុយក្រែនគឺជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៅក្នុងទីផ្សារសកល ហើយវានឹងកាត់បន្ថយកំណើនសេដ្ឋកិច្ចពិភពលោក។ លោកបានសង្កត់ធ្ងន់ថាការព្រួយបារម្ភដ៏ធំបំផុតរបស់លោកគឺ អំពីការបាត់បង់ជីវិតមនុស្សស្លូតត្រង់ដែលកំពុងកើតឡើង ដូចជា ជនស៊ីវិល និងទាហានរាប់ពាន់នាក់ត្រូវបានសម្លាប់ដោយការប្រយុទ្ធគ្នានៅក្នុងសង្គ្រាមនៅអ៊ុយក្រែន។
ជាមួយគ្នានេះ ផលប៉ះពាល់សេដ្ឋកិច្ចនៃសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន បានធ្វើឲ្យមានការកើនឡើងនៃតម្លៃថាមពលសកល និង តម្លៃអាហារជាខ្លាំង ដែលជាពិសេសបានប៉ះពាល់ដល់ជនក្រីក្រ។
លោក Malpass ចង្អុលបង្ហាញថា ទាំងរុស្ស៊ី និងអ៊ុយក្រែន ជាអ្នកផលិត និង ផ្គត់ផ្គង់ផលិតផលចំណីអាហារដ៏ធំមួយសម្រាប់ពិភពលោក។ ហើយការដាក់ទណ្ឌកម្មពីប្រទេសលោកខាងលិច គឺនឹងបន្ដធ្វើឲ្យប៉ះពាល់កាន់តែខ្លាំងទៀត ទៅដល់ខ្សែចង្វាកផ្គត់ផ្គង់សកល។ លោក Malpass បាននិយាយថា មិនមានវិធីដើម្បីកែតម្រូវឱ្យបានធូរស្រាលនោះទេ ចំពោះការបាត់បង់ការផ្គត់ផ្គង់ទំនិញពីអ៊ុយក្រែន និងពីប្រទេសរុស្ស៊ីទេ ដូច្នេះ គឺតម្លៃទំនិញនឹងនៅតែបន្តកើនឡើងថែមទៀត។
យ៉ាងណាក៏ដោយចុះ ធនាគារពិភពលោកក៏បានត្រៀមបែងចែកសាច់ប្រាក់បន្ទាន់ប្រមាណជាង៥០០លានដុល្លារអាមេរិក ទៅឲ្យប្រទេសអ៊ុយក្រែនផងដែរ ដើម្បីដោះស្រាយវិបត្តិដែលកំពុងកើតឡើងនៅក្នុងប្រទេសខ្លួន។
ជាមួយគ្នានេះ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិនៅដើមសប្ដាហ៍នេះក៏នឹងពិចារណាលើសំណើសុំសាច់ប្រាក់បន្ទាន់របស់អ៊ុយក្រែនផងដែរ ដោយប្រទេសនេះបានស្នើហិរញ្ញវត្ថុពី IMF ប្រមាណ ១ពាន់៤រយលានដុល្លារ។ បើតាមការបញ្ជាក់របស់ IMF អ៊ុយក្រែន ក៏នឹងនៅតែអាចទទួលបានហិរញ្ញប្បទានពី IMF ដល់ទៅ ២ពាន់២រយលានដុល្លារ រហូតដល់ខែមិថុនាខាងមុខ ក្រោមកិច្ចព្រមព្រៀងដែលមានស្រាប់នាពេលកន្លងមក៕