លោក Ajay Banga ប្រធានធនាគារពិភពលោក ឬ World Bank បានថ្លែងនៅឯវេទិកាអភិវឌ្ឍន៍ចិន (China Development Forum) កាលពីព្រឹកថ្ងៃអាទិត្យ ទី២៤ ខែមីនា ថា ធនាគារពិភពលោកកៀរគរមូលធនឯកជនបានចំនួន៤១ពាន់លានដុល្លារអាម៉េរិក សម្រាប់បណ្ដាទីផ្សារដែលកំពុងរីកចម្រើនឆាប់រហ័ស និងរៃអង្គាសប្រាក់បានចំនួន៤២ពាន់លានដុល្លារអាម៉េរិក ផ្សេងទៀតពីវិស័យឯកជន សម្រាប់ការបោះផ្សាយសញ្ញាបណ្ណ ឬមូលបត្របំណុលកាលពីឆ្នាំមុន។
ទោះជាយ៉ាងណា លោកបានបញ្ជាក់ថា ធនាគារពិភពលោកត្រូវការមូលធន ឬការវិនិយោគបន្ថែមទៀត ហើយធនាគារនេះកំពុងចាត់វិធានការមួយចំនួន ដើម្បីជម្នះឧបសគ្គរារាំងការវិនិយោគផ្នែកឯកជនដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។
លោកបានបន្ថែមថា កំណើនសេដ្ឋកិច្ចបានថមថយនៅក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ដោយកំណើនបានធ្លាក់ចុះពី៦% មកនៅត្រឹម៤% ក្នុងរយៈពេល២ទសវត្សរ៍មកនេះ ហើយលោកបានកត់សម្គាល់ថា ការធ្លាក់ចុះកំណើនសេដ្ឋកិច្ចក្នុង១% បានធ្វើឱ្យមនុស្សរហូតដល់ទៅ១០០លាននាក់ ធ្លាក់ចូលក្នុងភាពក្រីក្រ ខណៈដែលកម្រិតបំណុលកំពុងកើនឡើង។
ប្រធានធនាគារពិភពលោករូបនេះបានបន្តថា បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ក៏ប្រឈមមុខនឹងគម្លាតយ៉ាងធំធេងមួយផងដែរ នោះគឺយុវជនរហូតដល់ទៅ១,១ពាន់លាននាក់ ត្រូវបានរំពឹងថា នឹងចូលទីផ្សារការងារនៅទសវត្សរ៍ក្រោយ ការងារដែលគេរំពឹងថា នឹងត្រូវបង្កើតឡើងក្នុងរយៈពេលនោះ គឺមានត្រឹមតែ៣២៥លានកន្លែងប៉ុណ្ណោះ។
លោក Ajay Banga អះអាងថា ចាប់ពីសប្តាហ៍ក្រោយទៅ ធនាគារពិភពលោក និងសម្ព័ន្ធស្ថាប័នអភិវឌ្ឍន៍ក៏នឹងចាប់ផ្តើមចេញផ្សាយទិន្នន័យស្ដីពីការងើបឡើងវិញ នៃវិស័យឯកជនតាមកម្រិតប្រាក់ចំណូលរបស់ប្រទេសនីមួយៗផងដែរ ដើម្បីទទួលបានទំនុកចិត្តពីវិនិយោគិន។
ដោយ: តែម សុខុម