របាយការណ៍ដដែលបង្ហាញថា កំណើនសេដ្ឋកិច្ចនេះគឺមកពីកត្តាការស្ទុះឡើងវិញក្នុងវិស័យនាំចេញវាយនភណ្ឌនិងសម្លៀកបំពាក់ ការងើបឡើងនៃវិស័យទេសចរណ៍ និងកំណើនលើវិស័យកសិកម្មដោយសារតែការពង្រីកផ្ទៃដីធ្វើស្រូវនិងចម្ការកៅស៊ូនិងការងើបឡើងវិញបន្ដិចម្ដងៗនៃតម្លៃកសិផល។ លើសពីនេះ វិស័យសំណង់ក៏មានការកើនឡើង ដែលវាជាចលករសំខាន់មួយនាំឲ្យមានកំណើន និងរួមចំណែកដល់ការបង្កើតការងារនិងរក្សាបានកម្រិតមធ្យមដដែល។
របាយការណ៍នេះបានសរសេរបន្ថែមថា បើទោះបីសេដ្ឋកិច្ចកម្ពុជា នឹងមានកំណើនខ្ពស់ជាងឆ្នាំ២០១៧ក៏ដោយ ប៉ុន្ដែ ស្ថានភាពសេដ្ឋកិច្ចកម្ពុជាក៏មានហានិភ័យផងដែរ ដូចជា ការបាត់បង់បន្ដិចម្ដងៗនូវភាពប្រកួតប្រជែងដោយសារតែការកើនឡើងយ៉ាងរហ័សនូវបៀវត្សរ៍ជាក់ស្ដែងរបស់កម្មករ ពំនូនគរនៃភាពងាយរងគ្រោះដែលមានជាយូរមកហើយនៅក្នុងកំណើននៃវិស័យអចលនទ្រព្យនិងសំណង់ ភាពមិនច្បាស់លាស់ដែលអាចកើនឡើងជុំវិញការបោះឆ្នោត ភាពរញ្ជូយម្ដងម្កាលបណ្ដាលមកពីការគាំពារនិយម និងភាពតានតឹងខ្លាំងឡើងនៅក្នុងវិវាទរវាងបណ្ដាប្រជាជាតិធ្វើពាណិជ្ជកម្មធំៗជាងគេលើពិភពលោក។
លោកស្រី អ៊ិនហ្គូណា ដូប្រាចា នាយិកាគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា បានប្រសាសន៍ថា៖ «ដើម្បីរក្សាឲ្យបានកំណើនសេដ្ឋកិច្ចរឹងមាំ ប្រទេសកម្ពុជាសំខាន់ណាស់ ត្រូវវិនិយោគថែមទៀតទៅលើវិស័យអប់រំនិងបណ្ដុះបណ្ដាលជំនាញ ហើយស្របពេលគ្នានោះដែរ ត្រូវប្រឹងរកដំណោះស្រាយដល់ឧបសគ្គនានា ដែលធុរកិច្ចធុនតូចនិងមធ្យមកំពុងជួបប្រទះ។ ការវិនិយោគលើមនុស្សជាជម្រើសដ៏ប្រសើរបំផុតសម្រាប់ឈានទៅកាន់អនាគតមួយកាន់តែចម្រុងចម្រើន»។
របាយការណ៍ខាងលើ បានកត់សម្គាល់ថា កំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែមានភាពចម្រុះជាងមុន និងបង្កើតការងារបានកាន់តែច្រើនថែមទៀត គឺដោយសារតែការកាត់បន្ថយការចំណាយរបស់ក្រុមហ៊ុនលើដំណើរការបំពេញបែបបទបង្កើតក្រុមហ៊ុនទៅលើផ្នែកប្រិតបត្តិការនិងទៅលើការធ្វើហិរញ្ញប្បទាន។
របាយការណ៍នេះ ក៏បានផ្តល់នូវអនុសាសន៍ឲ្យកម្ពុជាឃ្លាំមើលឲ្យបានដិតដល់លើដំណើរស្ទុះឡើងក្នុងវិស័យសំណង់និងអចលនទ្រព្យ និងរៀបចំគោលនយោបាយដោយមានការប្រុងប្រយ័ត្នជាលក្ខណៈម៉ាក្រូ ដែលនឹងជួយបន្ថយវិសាលភាពរបស់សកម្មភាពកេងយកចំណេញនៅក្នុងវិស័យទាំងនេះ៕