ប្រទេសស្រីលង្កាបានទទួលរងនូវវិបត្តិសេដ្ឋកិច្ចដែលមិនធ្លាប់មានពីមុននោះឡើយ ហើយជាមួយនឹងប្រជាជនចំនួន ២២ លាននាក់របស់ខ្លួន ពេលនេះ ស្រីលង្កា កំពុងនឹងស៊ូទ្រាំនៃការខ្វះខាតស្បៀងអាហារ និងប្រេងឥន្ធនៈជាច្រើនខែ ព្រមទាំងការដាច់ចរន្តអគ្គិសនី និងអតិផរណាលើកខ្ពស់ផងដែរ។
ប្រទេសដែនកោះមួយនេះបានជំពាក់បំណុលបរទេសសរុបចំនួន ៥១ ពាន់លានដុល្លារ ហើយការតវ៉ាប្រឆាំងរដ្ឋាភិបាលនៅខែមិថុនានេះ បានបង្ខំឱ្យប្រធានាធិបតីលោក Gotabaya Rajapaksa ភៀសខ្លួនចេញពីប្រទេសហើយលាលែងពីតំណែងតែម្តង។
ស្របពេលដែល ប្រទេសកំពុងផុងជាប់ក្នុងវិបត្តិ ស្រីលង្កាក៏បានព្យាយាមសុំជំនួយពីអន្តរជាតិ ដើម្បីយកមកទល់ពេលដែរ ប៉ុន្ដែ ថ្មីៗនេះ ធនាគារពិភពលោកក៏បានបញ្ជាក់ថា «ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីផលប៉ះពាល់នៃវិបត្តិមកលើប្រជាជនរបស់ប្រទេសស្រីលង្កា ប៉ុន្តែអង្គការអន្តរជាតិមួយនេះសង្កត់ធ្ងន់ថា ខ្លួននឹងមិនផ្តល់មូលនិធិថ្មីទៀតទេ បើរដ្ឋាភិបាលនៃប្រទេសនេះមិនព្រមធ្វើកំណែទម្រង់ដែលចាំបាច់»។
តំណាងអ្នកផ្តល់ប្រាក់កម្ចីរបស់អង្គការធនាគារពិភពលោក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃសុក្រថា «ធនាគារពិភពលោកមិនមានគម្រោងផ្តល់ហិរញ្ញប្បទានថ្មីដល់ប្រទេសស្រីលង្កាទេ រហូតទាល់តែក្របខ័ណ្ឌនៃគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេសត្រូវបានដាក់ឱ្យដំណើរការដោយមានការកែប្រែ»។
អ្នកតំណាងបានបន្ថែមថា "គោលនយោបាយនោះទាមទារឱ្យមានកំណែទម្រង់រចនាសម្ព័ន្ធស៊ីជម្រៅដែលផ្តោតលើស្ថិរភាពសេដ្ឋកិច្ចរយៈពេលវែង ក៏ដូចជាការដោះស្រាយទៅលើ ឬសគល់ដែលបង្កើតវិបត្តិសេដ្ឋកិច្ចដ៏រាំរ៉ៃនៃប្រទេសផងដែរ»។
គួរជម្រាបថា ធនាគារពិភពលោកបានបង្វែរប្រាក់ចំនួន ១៦០ លានដុល្លាររួចហើយពីប្រាក់កម្ចីដែលមានស្រាប់ ដើម្បីផ្តល់ហិរញ្ញប្បទានដល់ការទិញថ្នាំពេទ្យ ហ្គាស និងស្បៀងអាហារដែលជាសម្ភារៈត្រូវការជាបន្ទាន់ សម្រាប់ស្រីលង្កា។
ទោះជាយ៉ាងណា បច្ចុប្បន្នប្រទេសនេះ កំពុងពិភាក្សាជំនួយថវិកាបន្ថែមជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិដែរ ប៉ុន្តែមន្ត្រី IMF និយាយថា ដំណើរការនេះអាចនឹងចំណាយពេលច្រើនខែ។
គួររំលឹកត្រួសៗថា ប្រទេសស្រីលង្កាបានជួបប្រទះនឹងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ហើយបើយោងតាមទិន្នន័យពីសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់របស់កូឡុំបូ (CCPI) ដែលបានចេញផ្សាយចុងក្រោយនេះ បង្ហាញថា អតិផរណាប្រទេសនេះបានកើនឡើងជិតដល់ ៦១% នៅក្នុងខែកក្កដា ខណៈដែលប្រាក់រូពីរបស់ស្រីលង្កាបានបាត់បង់តម្លៃជាងពាក់កណ្តាលធៀបនឹងប្រាក់ដុល្លារអាមេរិកនៅឆ្នាំនេះ៕