ធនាគារពិភពលោក

ធនាគារពិភពលោកជំរុញឱ្យកម្ពុជាកសាងទ្រនាប់សារពើពន្ធឡើងវិញ និងកែលម្អបរិយាកាសធុរកិច្ច ដើម្បីអាចឈានទៅសម្រេចកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព


ធនាគារពិភពលោកកត់សម្គាល់ឃើញថា ទោះបីជាតម្រូវការក្នុងស្រុកបានធ្លាក់ចុះ តែសកម្មភាពសេដ្ឋកិច្ចរបស់កម្ពុជាហាក់មានការកើនឡើងនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ក្រោយមានការជំរុញពីការងើបឡើងវិញនៃវិស័យសេវាកម្ម និងការនាំចេញទំនិញ។ កត្តានេះបានជំរុញឱ្យស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមួយនេះបានបង្កើនការព្យាករកំណើនសេដ្ឋកិច្ចរបស់កម្ពុជាពី៥,៦%ទៅ៥,៨%នៅឆ្នាំនេះ ហើយអាចបន្តប្រសើរបន្ថែមទៀតដល់កម្រិត៦,១%នៅឆ្នាំ២០២៥។
ធនាគារពិភពលោក
ដោយ

តែយ៉ាងណាសេដ្ឋវិទូជាន់ខ្ពស់ប្រចាំស្ថាប័នរូបនេះអះអាងថា សេដ្ឋកិច្ចកម្ពុជាអាចនឹងបន្តប្រឈមនឹងបញ្ហាមួយចំនួន ដែលទាមទារឱ្យកម្ពុជាបន្តបង្កើនការយកចិត្តទុកដាក់ និងកែប្រែចំណុចខ្វះខាតមួយចំនួន ដើម្បីអាចឈានទៅសម្រេចគោលដៅកំណើនសេដ្ឋកិច្ចរបស់ខ្លួន។

នាពិធីផ្សព្វផ្សាយរបាយការណ៍ស្តីពី«វិស័យនាំចេញទំនិញ និងសេវាកម្មរបស់កម្ពុជាបានជំរុញឱ្យមានសកម្មភាពសេដ្ឋកិច្ច»នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ធនាគារពិភពលោកបានបង្កើនការព្យាករកំណើនសេដ្ឋកិច្ចរបស់កម្ពុជាពីកម្រិត៥,៦%ក្នុងឆ្នាំ២០២៣ ទៅ៥,៨% នៅឆ្នាំ២០២៤ ហើយអាចប្រសើរឡើងបន្ថែមទៀតដល់កម្រិត៦,១% នៅឆ្នាំ២០២៥ និង៦,៤% នៅឆ្នាំ២០២៦។ ធនាគារពិភពលោកប្រចាំកម្ពុជាបានចាត់ទុកការកសាងទ្រនាប់សារពើពន្ធឡើងវិញ និងការការពារស្ថិតរភាពហិរញ្ញវត្ថុ គឺកិច្ចការសំខាន់ដែលកម្ពុជាត្រូវធ្វើ ដើម្បីរក្សាកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

លោក លី សុដេត អ្នកសេដ្ឋកិច្ចជាន់ខ្ពស់នៃធនាគារពិភពលោកប្រចាំនៅកម្ពុជាបានគូសបញ្ជាក់ថា កត្តាដែលជំរុញឱ្យធនាគារពិភពលោកបង្កើនការព្យាករកំណើនសេដ្ឋកិច្ចរបស់កម្ពុជា គឺក្រោយស្ថាប័ននេះមើលឃើញពីភាពល្អប្រសើរឡើងវិញលើការនាំចេញវិស័យកាត់ដេរ ទំនិញធ្វើដំណើរ និងស្បែកជើង រួមទាំងការងើបឡើងវិញនៃការមកដល់របស់ភ្ញៀវទេសចរ។

កត្តាដែលធ្វើឱ្យការនាំចេញទំនិញរបស់កម្ពុជាមានភាពល្អប្រសើរ គឺដោយសារតម្រូវការប្រើប្រាស់នៅប្រទេសជាដៃគូ ជាពិសេសសហរដ្ឋអាម៉េរិក ដែលជាទីផ្សារនាំចេញទំនិញធំជាងគេរបស់កម្ពុជាមានភាពល្អប្រសើរ។ តែយ៉ាងណាសេដ្ឋកិច្ចកម្ពុជាអាចនឹងបន្តប្រឈមនឹងបញ្ហាមួយចំនួន ជាពិសេសការថមថយកំណើនសេដ្ឋកិច្ចពិភពលោក ជាពិសេសប្រទេសដៃគូពាណិជ្ជកម្មធំៗរបស់កម្ពុជា។

យ៉ាងណាក៏ដោយដើម្បីអាចឈានទៅសម្រេចបានគោលដៅកំណើនសេដ្ឋកិច្ចដូចអ្វីដែលបានព្យាករ លោក លី សុដេត ជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជាកែលម្អបរិយាកាសធុរកិច្ច ជាពិសេសពាក់ព័ន្ធនឹងនីតីវិធីនៃការស្នើសុំការវិនិយោគ ដោយសារបច្ចុប្បន្នការស្នើសុំវិនិយោគនៅកម្ពុជាហាក់មានរយៈពេលយូរជាងបណ្តាប្រទេសក្នុងតំបន់។

ជាមួយគ្នានេះលោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជាបានគូសបញ្ជាក់ថា ដើម្បីរក្សាបានកំណើនសេដ្ឋកិច្ចបន្ត កម្ពុជាត្រូវរក្សាស្ថិរភាពម៉ាក្រូហិរញ្ញវត្ថុ ដោយការស្ដារឡើងវិញនូវលំហសារពើពន្ធ និងការការពារវិស័យហិរញ្ញវត្ថុរបស់ខ្លួន។ សម្រាប់អ្នកជំនាញរូបនេះ កម្ពុជាអាចពង្រឹងភាពប្រកួតប្រជែងរបស់ខ្លួនតាមរយៈការកែលម្អបរិយាកាសធុរកិច្ច សម្រួលនីតិវិធីពាណិជ្ជកម្មនៅតាមព្រំដែន ធ្វើឱ្យការផ្គត់ផ្គង់ថាមពលកាន់តែអាចទុកចិត្តបាន និងពង្រឹងវិស័យអប់រំ។

ទន្តឹមនឹងនេះ នៅក្នុងរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចរបស់ធនាគារពិភពលោកប្រចាំនៅកម្ពុជាមានផ្នែកមួយផ្ដោតពិសេសទៅលើការពិនិត្យមើលរបៀប ដែលកម្ពុជាអាចពង្រឹងប្រព័ន្ធអប់រំរបស់ខ្លួន ដើម្បីបង្កើនពលកម្មដែលមានជំនាញ និងបង្កើនផលិតភាព។ ក្នុងនោះស្ថាប័នហិរញ្ញវត្ថុនេះជំរុញឱ្យកម្ពុជាបង្កើនការវិនិយោគលើការអប់រំកុមារតូច និងនៅបឋមសិក្សា លើកកម្ពស់ប្រសិទ្ធភាពគ្រូបង្រៀន និងធ្វើឲ្យការបែងចែកធនធានកាន់តែមានសមធម៌។

បើយោងតាមរបាយការរបស់ធនាគារពិភពលោកប្រចាំនៅកម្ពុជា ការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិមានការប្រសើរឡើងនៅក្នុងត្រីមាសទី១ ដែលឈានដល់កម្រិត៨៤% នៃការមកដល់មុនពេលមានជំងឺរាតត្បាតកូវីដ-១៩។ ការនាំចេញសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និងស្បែកជើង បានស្ទុះងើបឡើងវិញ ខណៈដែលការនាំចេញទំនិញមិនមែនសម្លៀកបំពាក់ ជាពិសេសទំនិញកសិកម្ម នៅតែមានភាពធន់។ ទោះជាយ៉ាងណាក៏ដោយ ក៏សកម្មភាពក្នុងវិស័យសំណង់នៅតែមានតិចតួច ខណៈដែលទីផ្សារអចលនទ្រព្យនៅតែបន្តធ្លាក់ចុះ។ ជាលទ្ធផល កំណើនឥណទានក្នុងស្រុកបានធ្លាក់ចុះយ៉ាងខ្លាំង បណ្ដាលឱ្យមានការកាត់បន្ថយការចំណាយឯកជន និងប៉ះពាល់ដល់ការប្រមូលចំណូលក្នុងស្រុក៕

None



អត្ថបទបន្ទាប់


សម្តេចធិបតីអះអាងថា គម្រោងព្រែកជីកហ្វូណនតេជោដែលបើកការដ្ឋានសាងសង់នៅដើមខែសីហា ខ្មែរក្តោបក្តាប់ភាគហ៊ុន៥១%

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានអះអាងថា គម្រោងព្រែកជីកហ្វូណនតេជោនឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីបញ្ចប់កុំឱ្យ…

ក្រុមហ៊ុន អ៊ីដតខូ (ខេមបូឌា) ខូ អិលធីឌី បានផ្តល់ភាពរីករាយចំពោះការសិក្សាដល់សិស្សានុសិស្សនៅសាលាបឋមសិក្សា តាមរយៈសកម្មភាពសប្បុរសធម៌

ភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី៧ ខែមិថុនា ឆ្នាំ ២០២៤ - ក្រុមហ៊ុន អ៊ីដតខូ (ខេមបូឌា) ខូ អិលធីឌី ដែលជាក្រុមហ៊ុនផ្តល់ សេវាហេដ្ឋារចនាសម្ព័ន្ធទូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ