វិបត្តិសេដ្ឋកិច្ចសកល

ធនាគារពិភពលោកព្រមានវិបត្តិសេដ្ឋកិច្ចសកលអាចកើតឡើងនៅឆ្នាំ២០២៣, តើបណ្ដាលមកពីកត្តាអ្វី?


ធនាគារពិភពលោក World Bank កាលពីពេលថ្មីៗនេះបានបញ្ចេញរបាយការណ៍ថ្មីមួយ ព្រមានថាសេដ្ឋកិច្ចសកលអាចនឹងជួបវិបត្តិនៅឆ្នាំក្រោយនេះ។ ពិភពលោកអាចនឹងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចនៅឆ្នាំ២០២៣ ដែលបណ្តាលមកពីរលកដ៏ខ្លាំងក្លានៃការរឹតបន្តឹងគោលនយោបាយហិរញ្ញវត្ថុនៅតាមប្រទេសនានា ពិសេសគឺការបន្តដំឡើងអត្រាការប្រាក់គោលកាន់តែខ្ពស់ទៅៗ ដើម្បីទប់ស្កាត់អតិផរណាដែលមានខ្ពស់។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ធនាគារពិភពលោកព្រមានវិបត្តិសេដ្ឋកិច្ចសកលនៅឆ្នាំ២០២៣!
ដោយ

ក្នុងរបាយការណ៍ដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី១៥កញ្ញា ធនាគារពិភពលោកបានអំពាវនាវដល់​អ្នកបង្កើតគោលនយោបាយរូបិយវត្ថុ​​ក្នុងប្រទេស​ដែល​​មានសេដ្ឋកិច្ចធំៗ សហការ និងសម្របសម្រួលសកម្មភាពរបស់ពួកគេ ធ្វើយ៉ាងណាកុំមាន​ការរឹតបន្តឹង​គោលនយោបាយខ្លាំងពេក។

ត្រូវបានដឹកនាំ​ដោយធនាគារកណ្តាលនៃ​​រដ្ឋសហព័ន្ធ​អាមេរិក ធនាគារ​កណ្តាលប្រទេសនានា បានចាប់ផ្តើមដំឡើងអត្រាការប្រាក់ជាបន្តបន្ទាប់ក្នុងមួយរយៈពេលចុងក្រោយ​នៃ​ឆ្នាំ២០២២នេះ ក្នុងគោលបំណងដើម្បីទប់ទល់​នឹងអតិផរណា។ អតិផរណាដែលកំពុង​រីកប៉ោងខ្លាំង ហើយមានខ្លះកើនដល់តួលេខពីរខ្ទង់ នៅក្នុងប្រទេសមានសេដ្ឋកិច្ចជឿនលឿន​មួយចំនួនផងដែរ។ ដោយឡែក តម្លៃថាមពល និងអាហារ​បានកើនខ្ពស់ដូចគ្នា បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន​កាលពីចុងខែកុម្ភៈ ដែលបណ្តាល​ឲ្យ​ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជួបវិបត្តិ។

ដើម្បីជៀសវាងការធ្វើឱ្យអតិផរណាបន្តកើនឡើងឥតឈប់ ការដំឡើងអត្រាការប្រាក់គោលខ្ពស់ពេកមិនមែនជាជម្រើស​ល្អនោះទេ។ ធនាគារពិភពលោកបានជំរុញឱ្យរដ្ឋាភិបាល​ផ្តល់ជំនួយសង្គ្រោះដល់ក្រុមគ្រួសារនិងបុគ្គល​ដែលងាយរងគ្រោះជំនួសវិញ។

ប្រធានធនាគារពិភពលោក លោក David Malpass បាននិយាយថា សន្ទុះសេដ្ឋកិច្ចពិភពលោកកំពុងធ្លាក់ចុះ ហើយប្រទេសជា​ច្រើនទៀត​កំពុងធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចរួចទៅហើយ។ លោកបានបន្ថែមថា ការព្រួយបារម្ភ​យ៉ាងខ្លាំង​របស់លោក គឺនិន្នាការទាំងនេះនឹងបន្តកើតមានជាមួយនឹងផលវិបាកយូរអង្វែង បំផ្លិចបំផ្លាញដល់ប្រជាជននៅក្នុងប្រទេសនិងទីផ្សារដែលកំពុងរីកចម្រើន ក៏ដូចជាប្រទេសកំពុងអភិវឌ្ឍន៍នៅឡើយ។ លោកបានអំពាវនាវឱ្យមានសកម្មភាព​បន្ថែមទៀតក្នុងការជំរុញផលិតកម្ម ដើម្បីបន្ធូរបន្ថយសម្ពាធអតិផរណា ជាជាងការផ្តោតសំខាន់លើការទប់ស្កាត់​ការចំណាយ។ ការបង្កើនការវិនិយោគនឹងធ្វើឲ្យ​ប្រសើរឡើង​នូវផលិតភាព និងការបែងចែក​មូលធន ដែលជាកត្តា​សំខាន់​សម្រាប់កំណើន និងការកាត់បន្ថយ​ភាពក្រីក្រ។

​ទោះយ៉ាងណា ធនាគារពិភពលោក​មិនបានព្យាករថ្មី​សម្រាប់​សេដ្ឋកិច្ច​ពិភពលោកទេ ប៉ុន្តែបានកត់សម្គាល់ថា ទស្សនវិស័យសេដ្ឋកិច្ចសម្រាប់ឆ្នាំក្រោយឆ្នាំ២០២៣ បានធ្លាក់ចុះ ដោយសារតែទាំងប្រទេសអ្នកមាន និងប្រទេសក្រីក្រ សុទ្ធតែបានឆ្លើយតប​នឹងអតិផរណាខ្ពស់នៅឆ្នាំ​នេះតាមរយៈការរិតត្បិតលើការចំណាយ។

គួរជម្រាបថា ធនគារកណ្តាលអាមេរិក​នឹងដំឡើងអត្រាការប្រាក់គោល ០,៧៥%បន្ថែមទៀតនៅសប្តាហ៍ក្រោយ ខណៈធនាគាកណ្តាលអង់គ្លេសក៏គ្រោងនឹងដំឡើង ០,៥%ទៀតដូចគ្នាដែរ។​ ប្រសិនបើកម្រិតនៃអតិផរណានៅតែមានខ្ពស់ ហើយធនាគារកណ្តាលនៅតែបន្តដំឡើងអត្រាការប្រាក់ នោះកំណើនសេដ្ឋកិច្ចពិភពលោកនឹងធ្លាក់ចុះមកត្រឹម ០,៥% នៅឆ្នាំ ២០២៣ ពោលគឺវានឹងធ្លាក់ចូលក្នុងវិបត្តិតែម្តង។ នេះបើយោងតាមធនាគារពិភពលោក៕




អត្ថបទបន្ទាប់


និយ័តករបរធនបាលកិច្ច ចុះអនុស្សរណៈយោគយល់គ្នានឹងក្រុមហ៊ុន ហ្សីលាននាម លើការពង្រឹងការយល់ដឹង និងជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ចកម្ពុជា

ក្រោមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធា…

រុស្ស៊ីព្រមានអាមេរិក «ពីការឆ្លងបន្ទាត់ក្រហម» បើនៅតែបន្តផ្តល់មីស៊ីលររយៈចម្ងាយឆ្ងាយឲ្យអ៊ុយក្រែន

ក្រសួងការបរទេសរុស្ស៊ីបានរំលឹកឡើងវិញកាលពីថ្ងៃព្រហស្បតិ៍ ទី ១៥ ខែ កញ្ញាថា ប្រសិនបើសហរដ្ឋអាមេរិកហ៊ានសម្រេចចិត្តផ្គត់ផ្គង់ឲ្យទីក្រុងកៀវ (Kyiv)…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ