រដ្ឋមន្ត្រីហិរញ្ញវត្ថុអារ៉ាប៊ីសាអូឌីត បានប្រាប់ទូរទស្សន៍ CNBC ក្នុងទីក្រុងរីយ៉ាដថា ស្ថានភាពបំណុលអធិបតេយ្យកំពុងស្ថិតក្នុងស្ថានភាពអាក្រក់បំផុត ដែលចាំបាច់ត្រូវមានវិធានការជាសកល។ លោកយល់ថា មកទល់ពេលនេះ បញ្ហាហិរញ្ញវត្ថុពិភពលោកមានស្ថានភាពកាន់តែធ្ងន់ធ្ងរ ដែលទាមទារឱ្យភាគីពាក់ព័ន្ធត្រូវបង្កើនការយកចិត្តទុកដាក់ ជាពិសេសលើបញ្ហាបំណុល។
បើតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុខាងលើ នៅក្នុងឆ្នាំ២០២៣ កន្លងទៅបំណុលសាធារណៈជាសកលបានកើនឡើងដល់កំណត់ត្រារហូតដល់៩៧ទ្រីលានដុល្លារ ដូច្នេះអង្គការសហប្រជាជាតិគួរតែអំពាវនាវឱ្យមានការធ្វើកំណែទម្រង់ជាបន្ទាន់ដល់រដ្ឋាភិបាល និងប្រព័ន្ធហិរញ្ញវត្ថុជុំវិញពិភពលោក។ រដ្ឋមន្ត្រីរូបនេះបានចាត់ទុកបញ្ហាបំណុលរបស់ប្រទេសនីមួយៗ គឺជាការគំរាមកំហែងដ៏ធំមួយសម្រាប់ទីផ្សារពិភពលោកនាពេលអនាគតដ៏ខ្លី ហើយលោកបានបង្ហាញការព្រួយបារម្ភ ជាពិសេសចំពោះប្រទេសដែលមានប្រាក់ចំណូលទាប និងប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន ដែលមិនមានសារពើពន្ធដើម្បីពឹងផ្អែកលើក្នុងករណីមានការរំខាននៅក្នុងទីផ្សារ។
ក្រៅពី UN លោកសង្ឃឹមថា ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងក្រុមប្រទេសមានការរីកចម្រើនទាំង២០ (G20) នឹងជួយស្វែងរកដំណោះស្រាយ ហើយអារ៉ាប៊ីសាអូឌីត បានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការ ដើម្បីជួយគាំទ្រសេដ្ឋកិច្ចពិភពលោកក្នុងករណីមានបញ្ហាអ្វីកើតឡើងនៅក្នុងតំបន់ ហើយវាជាអ្វីដែលពិភពលោកត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការដោះស្រាយ។
តាមការព្រួយបារម្ភរបស់រដ្ឋមន្រ្តីរូបនេះ ទ្វីបអាហ្រ្វិក ជាកន្លែងដែលមានស្ថានភាពផុយស្រួយជាងគេ ព្រោះថា ចំនួនប្រទេសក្នុងទ្វីបអាហ្រ្វិក ដែលមានអត្រាបំណុលប៉ះពាល់ដល់ GDP លើសពី៦០% មានការស្ទុះឡើងខ្លាំងបំផុតនៅចន្លោះពីឆ្នាំ២០១៣ ដល់ឆ្នាំ២០២៣៕
ដោយៈ សរ សុជាតិ