ជាក់ស្តែងសម្រាប់កម្ពុជា ដែលជាប្រទេសផលិតស្បៀងមួយដែរនោះ នឹងទទួលបានឱកាសមួយចំនួនដែរពីវិបត្តិនេះ តាមរយៈការកើនឡើងតម្រូវការបញ្ជាទិញ និងតម្លៃកសិផល ដែលនេះគឺជាឱកាសសម្រាប់វិនិយោគិនក្នុងវិស័យកែច្នៃ និងជំរុញការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិ។ ការលើកកម្ពស់វិស័យកសិកម្មនៅតែជាគោលនយោបាយអាទិភាពសម្រាប់អាណត្តិទី៧នេះ ខណៈឯកឧត្តម ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីថ្មីនៃកម្ពុជា បានអះអាងថា ឯកឧត្តមនៅតែបន្តយកចិត្តទុកដាក់ទៅលើវិស័យកសិកម្ម ជាពិសេសការលើកកម្ពស់តម្លៃកសិផល និងជំរុញឱកាសទីផ្សារកសិផលតាមរយៈការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
យើងសង្កេតឃើញថា នៅមួយរយៈចុងក្រោយនេះតម្លៃអង្ករ នៅតាមប្រទេសមួយចំនួនក្នុងតំបន់ហាក់មានការកើនឡើងគួរឲ្យកត់សម្គាល់ បន្ទាប់ពីប្រទេសឥណ្ឌា ដែលជាប្រទេសនាំអង្ករចេញច្រើនជាងគេលើពិភពលោក បានហាមមិនឲ្យមានការនាំចេញអង្ករមួយចំនួន ក្នុងគោលបំណងរក្សានូវសន្តិសុខស្បៀងនៅក្នុងប្រទេសរបស់ខ្លួន។ ដោយឡែក សម្រាប់កម្ពុជាដែលជាប្រទេសផលិតស្រូវ ក្នុងចំណោមបណ្ដាប្រទេសផលិតកសិផលជាច្រើនទៀតនោះ ក៏មានការកើនឡើងតម្លៃកសិផល ឡើងគួរឲ្យកត់សម្គាល់ផងដែរ។ អ្នកឧកញ៉ា ហ៊ុន ឡាក់ អ្នកជំនាញក្នុងវិស័យកសិកម្ម និងជាអ្នកជំនួញក្នុងការនាំចេញកសិផលម្នាក់ផងនោះយល់ឃើញថា ស្ថិតក្នុងវិបត្តិស្បៀងអាហារពិភពលោក សម្រាប់កម្ពុជានៅតែទទួលឱកាសខ្ពស់ពីវិបត្តិនេះ។ ទោះយ៉ាងណាអ្នកឧកញ៉ាកត់សម្គាល់ឃើញថា កម្ពុជានៅមានកម្រិតនៅឡើយ ទាក់ទងនឹងខ្សែចង្វាក់ផលិតកម្ម ដែលធ្វើឲ្យប្រទេសក្បែរខាង ដូចជាវៀតណាម និងថៃ ជាដើម មានឱកាសខ្ពស់ជាងកម្ពុជា ដោយប្រមូលទិញកសិផលពីកម្ពុជា សម្រាប់កែច្នៃ នាំចេញបន្តទៅទីផ្សារអន្តរជាតិ ជាពិសេសអង្ករតែម្ដង។ យ៉ាងណាក៏ដោយ អ្នកជំនាញរូបនេះបន្តអំពាវនាវនិងស្នើដល់អ្នកដែលមានធនធានគ្រប់គ្រាន់ ងាកមកចាប់អារម្មណ៍វិនិយោគក្នុងវិស័យកែច្នៃ ដើម្បីជួយលើកកម្ពស់វិស័យកសិកម្មកម្ពុជា។
ជាមួយគ្នានេះលោក ច័ន្ទ សុផល នាយកមជ្ឍមណ្ឌលសិក្សាគោលនយោបាយបានគូសបញ្ជាក់ថា វិបត្តិស្បៀងអាហារពិភពលោក ដែលបណ្ដាលមកពីបញ្ហាអាកាសធាតុ និងវិបត្តិសាកលនានា នឹងជះឥទ្ធិពលអវិជ្ជមានលើផលិតផលកសិកម្មទូទាំងពិភពលោករួមទាំងកម្ពុជាដែរ។ សម្រាប់កម្ពុជាវិញ អ្នកជំនាញរូបនេះ យល់ឃើញថា ផលិតផលកសិកម្មនាំចេញទំនងជាធ្លាក់ចុះជាបន្តទៀត ប្រសិនបើកម្ពុជា ជួបគ្រោះរាំងស្ងួត ភ្លៀងខ្លាំងបំផ្លាញដំណាំមួយចំនួន ទឹកជំនន់ ឬការកើនកំដៅខ្លាំង ជាដើម។ បញ្ហានេះ វាក៏អាចនាំឱ្យមានការឡើងនូវថ្លៃកសិផល ជាស្បៀងអាហារផងដែរ។ លោកបន្ថែមថា ការណ៌នេះ អាចនាំឱ្យកសិករផលិតស្បៀងដូចជាស្រូវទទួលបានប្រាក់ចំណេញខ្ពស់ជាងមុន ប្រសិនបើថ្លៃដើមផលិតមិនកើនឡើងខ្លាំង ឬផលិតកម្មរបស់គេមិនខូចខាត ដោយបញ្ហាអាកាសធាតុ។ ក៏ប៉ុន្ដែ ការឡើងថ្លៃម្ហូបអាហារ នឹងធ្វើឱ្យមានការលំបាកកាន់តែខ្លាំងដល់ប្រជាជនក្រីក្រ ដែលទិញម្ហូបអាហារ ជាពិសេសនៅតាមបណ្ដាប្រទេសដែលកំពុងជួបនូវវិបត្តិស្បៀងអាហារ។
ដោយឡែក លោក អួន ស៊ីឡូត ប្រធានសមាគមស្វាយចន្ទីកម្ពុជា យល់ឃើញថា វិបត្តិស្បៀងអាហារពិភពលោក ហាក់មិនសូវជះឥទ្ធិពលអ្វីឡើយ សម្រាប់ទីផ្សារស្វាយចន្ទីនៅកម្ពុជា ព្រោះស្វាយចន្ទីមិនមែនជាដំណាំយុទ្ធសាស្រ្ត ដូចដំណាំផ្សេងនោះទេ។ ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី សម្រាប់លោក អួន ស៊ីឡូត នៅតែមានសុទិដ្ឋិនិយមចំពោះវិស័យស្វាយចន្ទីនៅកម្ពុជា អំឡុងវិបតិ្តស្បៀងអាហារពិភពលោកនេះ ដ្បិតថានៅតាមបណ្ដាប្រទេសមួយចំនួនដូចជា ឥណ្ឌា និងអារ៉ាប់ ជាដើម ក៏មានតម្រូវការគ្រាប់ស្វាយចន្ទីសម្រាប់ធ្វើជាគ្រឿងផ្សំក្នុងម្ហូបអាហារ ដើម្បីទទួលទានផងដែរ។
ជុំវិញស្ថានភាពនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ នៅរយៈពេល៧ខែឆ្នាំនេះវិញត្រូវបានលោកជំទាវ អ៉ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ កត់សម្គាល់ឃើញថា ថ្វីត្បិតតែការនាំចេញកសិផលទៅទីផ្សារក្រៅប្រទេសមាននិន្នាការថយចុះ បន្តិចមែន ប៉ុន្តែបើធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២៣ ឃើញថាមានកំណើនជាង៣% ដែលនេះជាសញ្ញាណវិជ្ជមានមួយឈានទៅរកការកើនឡើងនាពេលខាងមុខ។ ការបង្ហាញក្ដីរំពឹងរបស់អ្នកនាំពាក្យរូបនេះ ដោយសារបច្ចុប្បន្ននេះ ប្រទេសឥណ្ឌា បានប្រកាសបិទការនាំចេញអង្ករ ដើម្បីរក្សាសន្តិសុខស្បៀងក្នុងប្រទេសរបស់ខ្លួន ដែលជាមូលហេតុធ្វើឲ្យតម្លៃអង្ករលើទីផ្សារអន្តរជាតិកំពុងតែហក់ឡើង។ យ៉ាងណាមិញកម្ពុជាកំពុងតែសិក្សាអំពីយុទ្ធសាស្ត្រដែលអាចទាញយកផលប្រយោជន៍ខាងសេដ្ឋកិច្ចពីព្រឹត្តិការណ៍នេះ តាមរយៈការបង្កើនសមត្ថភាពឱ្យរោងម៉ាស៊ីនក្នុងស្រុកប្រមូលទិញស្តុកទុក បង្កើនការកែច្នៃ និងនាំចេញផ្ទាល់ទៅកាន់ទីផ្សារអន្តរជាតិ។
សូមបញ្ជាក់ថា នៅក្នុងរយៈពេល៧ខែឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញកសិផលទៅក្រៅប្រទេស ក្នុងបរិមាណសរុបជាង ៤លាន៥សែនតោន គិតជាទំហំទឹកប្រាក់សរុបជាង ២ពាន់៦រយលានដុល្លារ។ ក្នុងនោះ កម្ពុជាបាននាំចេញអង្ករជាង ៣៦ម៉ឺនតោន ដែលស្មើនឹងទឹកប្រាក់ជាង ៣០០លានដុល្លារ និងនាំចេញស្រូវ ជាង ១លាន៥សែនតោន ដែលស្មើនឹងទឹកប្រាក់ជាង ៥០០លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ៕