បើយោងតាមរបាយការណ៍របស់អង្គការ FAO តម្លៃស្បៀងអាហារ បានកើនចំនួន៣% នៅក្នុងខែតុលា បើប្រៀបធៀបទៅនឹងខែកញ្ញា។ តម្លៃទំនិញ ស្បៀងអាហារ បានហក់ឡើងៗជាង ១៣៣ពិន្ទុ ជិតស្មើកម្រិតខ្ពស់បំផុត កាលពីខែកុម្ភៈឆ្នាំ២០១១ ដែលកាលនោះពិភពលោកជួបនឹងវិបត្តិស្បៀងអាហារសកល ខណៈតម្លៃក៏ឡើងខ្ពស់។
ដោយឡែក នៅក្នុងអំឡុងពេលមួយឆ្នាំចុងក្រោយ តម្លៃស្បៀងអាហារបានឡើងជាង ៣១%។ នេះបើយោងតាម លិខិតប្រកាសរបស់អង្គការស្បៀងអាហារ និងកសិកម្មពិភពលោក នៅថ្ងៃព្រហស្បតិ៍ ទី៤វិច្ឆិកាដដែល។
តើអ្វីជាមូលហេតុ រុញច្រានឲ្យតម្លៃស្បៀងអាហារសកលបន្តហក់ឡើងខ្ពស់ក្នុងពេលជាប់ៗគ្នាយ៉ាងដូច្នេះ?
បើតាមការបញ្ជាក់របស់អង្គការស្បៀងអាហារ និងកសិកម្មពិភពលោក កត្តាដែលជំរុញឲ្យតម្លៃស្បៀងអាហារសកលលោកឡើងថ្លៃ បណ្តាលមកពីការប្រមូល ទិន្នផលគ្រាប់ធញ្ញជាតិបានចុះថយខ្លាំង នៅតាមប្រទេសដាំដុះធញ្ញជាតិសំខាន់ៗមួយចំនួនដូចជាប្រទេសកាណាដា រុស្ស៊ី និង សហរដ្ឋអាមេរិកជាដើម។
ក្រៅពីតម្លៃធញ្ញជាតិ តម្លៃប្រេងឆា ដែលចម្រាញ់ពីគ្រាប់ធញ្ញជាតិ ក៏បានឡើងថ្លៃដូចគ្នាដែរ ពោលគឺឡើងថ្លៃចំនួនជិត១០% ក្នុងរវាងមួយខែចុងក្រោយ ដែលជាតម្លៃខ្ពស់បំផុតមិនធ្លាប់មាន។ រីឯតម្លៃទំនិញធ្វើពីទឹកដោះគោ បានឡើងថ្លៃ ចំនួនជាង២% ក្នុងរវាងមួយខែចុងក្រោយ និងជាង១៥% ក្នុងរវាងមួយឆ្នាំចុងក្រោយនេះ។
ដោយឡែក យោងតាមទិន្នន័យរបស់អង្គការ FAOដដែល តម្លៃសាច់សត្វ បានចុះថ្លៃ ប្រមាណជា០,៧% បើប្រៀបធៀបទៅខែកញ្ញា ពោលគឺបានធ្លាក់ចុះ ចំនួន៣ខែជាប់គ្នាហើយ។ ទោះយ៉ាងណាតម្លៃសាច់នៅតែខ្ពស់ បើធៀបនឹងតម្លៃឆ្នាំមុន ពោលគឺកើនឡើងចំនួនប្រមាណ ២២%។ យ៉ាងណាមិញ ហាងឆេងតម្លៃសាច់ជ្រូកបានធ្លាក់ចុះ ដោយសារតែតម្រូវការក្នុងប្រទេសចិន បានធ្លាក់ចុះ។
សូមជម្រាបថា អង្គការ FAO មិនរំពឹងថា តម្លៃស្បៀងអាហារពិភពលោក នឹងធ្លាក់ចុះមកវិញភ្លាមៗនោះទេ ដោយហេតុថា រដូវរងារនៅក្នុងប្រទេសជាច្រើនទូទាំងពិភពលោក កំពុងជិតចូលមកដល់ ដែលធ្វើឲ្យមានតម្រូវការស្បៀងអាហារកាន់តែច្រើន៕