តម្លៃស្បៀងពិភពលោកធ្លាក់ចុះដល់កម្រិតទាបបំផុត

តម្លៃស្បៀងពិភពលោកធ្លាក់ចុះដល់កម្រិតទាបបំផុតកាលពីខែឧសភា


ទីភ្នាក់ងារស្បៀងអាហាររបស់អង្គការសហប្រជាជាតិ គឺអង្គការស្បៀងអាហារនិងកសិកម្ម (FAO) បានអះអាងថា តម្លៃស្បៀងអាហារពិភពលោកបានធ្លាក់ចុះដល់កម្រិតទាបរយៈពេល២ឆ្នាំកាលពីខែឧសភា ដោយសារការធ្លាក់ចុះនៃសន្ទស្សន៍តម្លៃប្រេងបន្លែ ធញ្ញជាតិ និងអាហារផលិតពីទឹកដោះគោ ទោះបីជាតម្លៃស្ករនិងសាច់ឡើងថ្លៃគួរឲ្យកត់សំគាល់យ៉ាងណាក៏ដោយចុះ។ សន្ទស្សន៍តម្លៃស្បៀងនៅខែឧសភាធ្លាក់ដល់កម្រិត ១២៤ ខណៈដែលខែមីនា គឺនៅក្នុងកម្រិត ១២៨។
តម្លៃស្បៀងពិភពលោកធ្លាក់ចុះដល់កម្រិតទាបបំផុតកាលពីខែឧសភា
ដោយ

សន្ទស្សន៍តម្លៃស្បៀងពិភពលោករបស់ទីភ្នាក់ងារស្បៀងអាហារនិងកសិកម្ម (FAO) របស់អង្គការសហប្រជាជាតិ បានធ្លាក់ចុះនៅក្នុងខែឧសភាដល់កម្រិតទាបបំផុតក្នុងរយៈពេលពីរឆ្នាំ ដោយសារការធ្លាក់ចុះនៃតម្លៃប្រេងបន្លែ ធញ្ញជាតិ និងអាហារ ដែលផលិតពីទឹកដោះគោ ខណៈដែលតម្លៃស្ក និងសាច់ផ្សេងៗឡើងថ្លៃ។ នេះបើតាមសេចក្តីរាយការណ៍របស់រ៉យទ័រ ដែលចុះផ្សាយនៅលើសារព័ត៌មាន Inquirer ។

ទីភ្នាក់ងារនេះបាននិយាយកាលចុងសប្តាហ៍មុនថា សន្ទស្សន៍តម្លៃស្បៀងរបស់អង្គការស្បៀងអាហារនិងកសិកម្មដែលជាអ្នកតាមដានតម្លៃទំនិញជាម្ហូបអាហារនៅលើទីផ្សារទូទាំងពិភពលោក ស្ថិតនៅក្នុងកម្រិតប្រមាណជា ១២៤ ពិន្ទុ ស្របពេលដែលតម្លៃនៅខែមីនាគឺនៅក្នុងកម្រិតប្រហាក់ប្រហែល ១២៨ពិន្ទុ។

កម្រិតនៃតម្លៃស្បៀងដែលបានកត់ត្រានៅក្នុងខែឧសភា គឺជាកម្រិតសន្ទស្សន៍នៃតម្លៃស្បៀងដែលទាបបំផុតចាប់តាំងពីខែមេសា ឆ្នាំ២០២១ ហើយប្រសិនបើធៀបនឹងពេលដែលតម្លៃស្បៀងស្ទុះឡើងខ្លាំងបំផុត កាលពីខែមីនា ឆ្នាំ២០២២ ឃើញថា តម្លៃនេះគឺក្រោមតម្លៃដែលគេបានកត់ត្រា ប្រមាណជា ២២ ភាគរយ ចាប់តាំងពីរុស្ស៊ីបានបើកការលុកលុយអ៊ុយក្រែន ។

សន្ទស្សន៍តម្លៃធញ្ញជាតិរបស់អង្គការស្បៀងអាហារនិងកសិកម្មបានធ្លាក់ចុះជិត ៥ ភាគរយ ក្នុងខែឧសភា ធៀបនឹងខែមេសា ដោយសារប្រភពនៃការផ្គត់ផ្គង់មានច្រើន និងការបន្តអនុវត្តគំនិតផ្តួចផ្តើមនាំចេញគ្រាប់ធញ្ញជាតិតាមសមុទ្រខ្មៅ ដែលរុស្ស៊ីបើកផ្លូវឲ្យនាំចេញស្បៀងពីអ៊ុយក្រែន។

អង្គការស្បៀងអាហារនិងកសិកម្មបាននិយាយថា សម្រាប់តម្លៃអង្ករនៅទីផ្សារអន្តរជាតិបានបន្តកើនឡើងក្នុងខែឧសភា ដែលបញ្ហានេះមួយផ្នែកគឺបណ្តាលមកពីការផ្គត់ផ្គង់កាន់តែតឹងរ៉ឹងដោយក្រុមប្រទេសនាំចេញមួយចំនួន។

ទីភ្នាក់ងារនេះបាននិយាយថា សន្ទស្សន៍តម្លៃប្រេងបន្លែបានធ្លាក់ចុះជិត ៩ ភាគរយ ដែលឆ្លុះបញ្ចាំងពីភាពខ្សោយនៃការផ្គត់ផ្គង់និងតម្រូវការប្រេងបន្លែ ខណៈដែលតម្លៃទឹកដោះគោក្នុងពិភពលោកបានធ្លាក់ចុះជាង ៣ ភាគរយ ចំពេលមានការកើនឡើងតាមរដូវកាលនៃទិន្នផលទឹកដោះគោនៅអឌ្ឍគោលខាងជើង។ ប៉ុន្តែផ្ទុយទៅវិញ តម្លៃស្ករបានបង្ហាញពីការកើនឡើង ៥,៥ ភាគរយ ពីខែមេសា ពោលគឺវាបានឡើង ៤ ដងជាប់ៗគ្នា ដោយសារការព្រួយបារម្ភអំពីបាតុភូតអាកាសធាតុអេលនីណូ និងហានិភ័យនៃការផ្គត់ផ្គង់សកល។

នៅក្នុងរបាយការណ៍ដាច់ដោយឡែកមួយស្តីពីការផ្គត់ផ្គង់និងតម្រូវការធញ្ញជាតិ, អង្គការស្បៀងអាហារនិងកសិកម្ម បានព្យាករណ៍ថា ផលិតកម្មធញ្ញជាតិលើពិភពលោកនៅឆ្នាំនេះមានចំនួន ៣ ពាន់ប៊ីលានតោន កើនឡើង ១ ភាគរយ ហើយស្តុកធញ្ញជាតិសកលក្នុងរដូវកាលនៃឆ្នាំ២០២៣ និងឆ្នាំ២០២៤ ត្រូវបានព្យាករណ៍ថានឹងកើនឡើងជិត ២ ភាគរយ ពោលគឺដល់ចំនួនប្រមាណជា ៨៧៣ លានតោន៕




អត្ថបទបន្ទាប់


ក្រុមប្រទេសផលិតប្រេងប្រកាសកាត់បន្ថយផលិតកម្មប្រេងបន្ថែមទៀតចាប់ពីខែកក្កដាតទៅ

អារ៉ាប៊ីសាអូឌីតបានប្រកាសកាត់បន្ថយផលិតកម្មប្រេងដ៏សម្បើមនៅក្នុងខែកក្កដា ខណៈដែលប្រទេសផ្សេងទៀតនៅក្នុងចំណោមក្រុមប្រទេសនាំចេញប្រេងធំៗ ដែលហៅកាត់…

អ្នកជំនាញលើកទឹកចិត្តឲ្យអ្នកចង់ទិញអចលនទ្រព្យ ពឹងពាក់អ្នកជំនាញ ដើម្បីបញ្ជៀសហានិភ័យ

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យលើកទឹកឲ្យប្រជាពលរដ្ឋ ដែលចង់វិនិយោគក្នុងវិស័យអចលនទ្រព្យតែគ្មានជំនាញស្វែងរកការពឹងពាក់អ្នកជំនាញ បើមិនចង់ជួបបញ្ហា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ