ក្នុងការផ្តល់បទសម្ភាសន៍ជាមួយ សារព័ត៌មានជប៉ុន Nikkie Asia អំឡុងពេលដំណើរទស្សនកិច្ចនៅកោះហ្វីជី និងអូស្ត្រាលី លោកស្រីCindy McCain ប្រធានប្រតិបត្តិនៃកម្មវិធីស្បៀងអាហារពិភពលោក បាននិយាយចោទប្រកាន់រុស្ស៊ីថា«កំពុងប្រើប្រាស់ស្បៀងជាអាវុធសម្រាប់សង្គ្រាម»។ លោកស្រីថា ជាលទ្ធផលក្រោយការចាកចេញរបស់រុស្ស៊ីមិនត្រឹមតែបង្ហាញពីការខ្វះខាតស្បៀងនៅលើពិភពលោកប៉ុណ្ណោះទេ ថែមទាំងបណ្តាលឱ្យមានកង្វះអាហារូបត្ថម្ភ និងភាពអត់ឃ្លានពេញសាកលលោក។
បើយោងតាមកម្មវិធីស្បៀងអាហារពិភពលោក (WFP) ក្នុងចំណោមចំនួនប្រជាជន៣៤៥លាននាក់ ដែលខ្វះខាតស្បៀង មាន៤០លាននាក់បាត់ទៅហើយ កំពុងធ្លាក់ចូលទៅក្នុងភាពអត់ឃ្លាន។
ជំងឺរាតត្បាតកូវីដ១៩ និងសង្គ្រាមអ៊ុយក្រែន គឺជាកត្តាចម្បងដែលធ្វើឲ្យតម្លៃស្បៀងអាហារកើនឡើង។ យោងតាមសន្ទស្សន៍តម្លៃស្បៀងអាហារចេញោដោយអង្គការស្បៀងអាហារ និងកសិកម្ម បានកត់សម្គាល់ឃើញថា តម្លៃទំនិញម្ហូបអាហារបានកើនឡើង៣២%ពីឆ្នាំ២០២០ដល់ខែកក្កដាឆ្នាំ២០២៣នេះ។
ក្រៅពីនេះ លោកស្រី Cindy McCain បានគូសបញ្ជាក់ទៀតថា ភាពចលាចរនយោបាយ និងបញ្ហាអាកាសធាតុក៏ជាកត្តាដែលរួមចំណែកដ៏សំខាន់ដែរ។ រដ្ឋប្រហារនៅនីហ្សេកំពុងធ្វើឱ្យមានអស្ថិរភាព ទាញទៅរកគ្រោះមហន្តរាយ និងអាចបណ្តាលឱ្យតំបន់អាហ្វ្រិកទាំងមូលធ្លាក់ចូលក្នុងវិបត្តិក៏ថាបាន។ មួយវិញទៀត បម្រែបម្រួលអាកាសធាតុក៏ជាក្តីកង្វល់មួយទៀត ដែលជាការផ្តោតសំខាន់នៃដំណើររបស់ លោកស្រីទៅកាន់ហ្វីជីផងដែរ។ បណ្តាប្រទេសកោះប៉ាស៊ីហ្វិកគឺស្ថិតនៅជួរមុខ ដែលរងផលប៉ះពាល់ដោយការកើនឡើងកម្រិតទឹកសមុទ្រ ការកើនកម្តៅមហាសមុទ្រ និងបាតុភូតអាកាសធាតុដែលតែងគំរាមកំហែងដល់ដំណាំ និងការចាប់ត្រី។
ទោះបីជាកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ មិនផ្តល់ជំនួយស្បៀងអាហារនៅដល់បណ្តាប្រទេសប៉ាស៊ីហ្វិកមែន តែលោកស្រី Cindy McCain ប្រធានកម្មវិធីនេះថា យើងកំពុងជួយពួកគេឱ្យបង្កើតភាពធន់ និងជួយរដ្ឋាភិបាលមានវិធីខ្លួនពីពឹងខ្លួនពេលមានគ្រោះអាសន្ន។ ក្នុងពេលជាមួយគ្នាលោកស្រីក៏បានបង្ហើបឱ្យដឹងទៀតថា ការប្រជែងគ្នាខាងភូមិសាស្ត្រនយោបាយក៏កំពុងក្លាយក្តីបង្វល់មួយដែរ។ ទាំងប្រទេសលោកខាងលិច និងប្រទេសចិន ក៏ដូចជាប្រទេសជាច្រើនទៀត កំពុងផ្តល់ជំនួយដល់កោះនៅប៉ាស៊ីហ្វិកនេះ៕