លោក សុ វណ្ណារ៉ា បានលម្អិតថា សណ្ឋាគារនេះបានសាងសង់អស់រយៈពេល២ឆ្នាំមកហើយ ហើយនឹងត្រូវបើកសម្ពោធនៅពាក់កណ្ដាលឆ្នាំ២០១៨។ សណ្ឋាគារដែលមានកម្ពស់១៨ជាន់ មានចំនួន ១៨៩បន្ទប់ និងវិនិយោគក្នុងទឹកប្រាក់ជាង ២០លានដុល្លារសហរដ្ឋអាមេរិកមួយនេះ គឺជាម៉ាកយីហោសណ្ឋាគារប្រណីតរបស់ក្រុមហ៊ុនយក្ស Marriott International Inc ដែលមានបទពិសោធន៍វិនិយោគវិស័យសណ្ឋាគារនៅស្ទើរទូទាំងពិភពលោក។
លោកបញ្ជាក់យ៉ាងដូច្នេះថា៖«សណ្ឋាគារនេះ នឹងដំណើរនៅពាក់កណ្ដាលឆ្នាំ២០១៨។ សណ្ឋាគាររបស់យើង មាននៅអាស៊ី ដូចជា ថៃ វៀតណាម សិង្ហបុរី និយាយរួមស្ទើរគ្រប់ប្រទេសនៅអាស៊ី និង នៅអឺរ៉ុបមានជាង ៤០ប្រទេស»។
បច្ចុប្បន្ន សណ្ឋាគារលំដាប់ថ្នាក់អន្ដរជាតិមួយនេះ មាននៅកម្ពុជាចំនួនពីរសាខា គឺនៅខេត្តសៀមរាប និងរាជធានីភ្នំពេញ ដែលស្ថិតនៅផ្លូវកែងរវាងវិថីត្រសក់ផ្អែម និងរុក្ខវិថីសម្ដេចប៉ាន។ អ្នកកាសែត ខេមបូណូមីស បានចុះដល់ការដ្ឋានផ្ទាល់ ដោយបានសង្កេតឃើញថា សណ្ឋាគារនេះបាននិងកំពុងសាងសង់យ៉ាងមមាញឹក ហើយអគារខ្ពស់នេះ បានសង់រួចប្រហែល ៩០ភាគរយហើយ។
សូមបញ្ជាក់ថា បច្ចុប្បន្ន សណ្ឋាគារនៅកម្ពុជាមានចំនួន ៦៣០ ខណៈសណ្ឋាគារលំដាប់ផ្កាយ៥ មានចំនួន២៥ ដោយក្នុងនោះ ខេត្តសៀមរាប មានចំនួន២០ ភ្នំពេញ មានចំនួន៤ និងខេត្តព្រះសីហនុ មាន១សណ្ឋាគារ។ នេះបើតាមតួលេខរបស់លោក គឹម សេរីរដ្ឋ ប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្មស្នាក់នៅ ទេសចរណ៍ និងម្ហូបអាហាររបស់ក្រសួងទេសចរណ៍ ដែលផ្តល់ជូន ខេមបូណូមីស នាពេលកន្លងមក៕