ធនាគារកណ្ដាលអាមេរិក នឹងបើកិច្ចប្រជុំនៅថ្ងៃទី ២-៣ ខែឧសភានេះ ដោយគេរំពឹងថា នឹងបង្កើនអត្រាការប្រាក់គោល ០,២៥% បន្ថែមទៀត។ ប្រាក់ដុល្លារអាមេរិក ក៏បានកើនឡើងថ្លៃផងដែរបើធៀបនឹងរូបិយបណ្ណសំខាន់ៗផ្សេងទៀត នៅថ្ងៃចន្ទទី០១ខែឧសភានេះ ហើយវាក៏បានធ្វើឲ្យតម្លៃប្រេងមានការឡើងថ្លៃ សម្រាប់អ្នកវិនិយោគដែលកាន់កាប់រូបិយបណ្ណផ្សេងទៀត។
ទោះយ៉ាងណា តម្លៃប្រេងឆៅនៅទីផ្សារនៅអង់គ្លេស ចុះ ១,២១ ដុល្លារ ឬប្រហែល១,៥% ដោយមានតម្លៃមកនៅត្រឹម ៧៩ដុល្លារ១២សេនប៉ុណ្ណោះ គិតត្រឹមម៉ោងជួញដូរនៅរសៀលថ្ងៃចន្ទទី១ខែឧសភា ខណៈដែលសន្ទស្សន៍តម្លៃប្រេងឆៅរបស់អាមេរិកវិញបានធ្លាក់ចុះ ៩៦ សេន ឬស្មើនឹង ១,៣% មកនៅត្រឹមតម្លៃ ៧៥ដុល្លារ៨២សេនក្នុងមួយធុងបារ៉ែល។
ប្រធានផ្នែកយុទ្ធសាស្ត្រទំនិញ និងកាបូន នៅធនាគារអូស្ត្រាលី បាននិយាយថា «ការរំពឹងទុកនៃការដំឡើងអត្រាកាប្រាក់បន្ថែមទៀត ដែលប្រកាសដោយធនាគារកណ្ដាលអាមេរិកនៅក្នុងសប្ដាហ៍នេះ ត្រូវបានរំពឹងថា នឹងជំរុញឲ្យមានការប្រែប្រួលតម្លៃនៅក្នុងរយៈពេលខ្លី។
ដោយឡែក នៅសប្ដាហ៍ខាងមុខ ធនាគារកណ្ដាលរបស់អូស្ត្រាលី ត្រូវបានគេរំពឹងយ៉ាងមុតមាំថា នឹងពន្យារពេលដំឡើងអត្រាការប្រាក់នៅថ្ងៃទី០២ ខែឧសភា ខណៈធនាគារកណ្ដាលអឺរ៉ុបវិញ អាចនឹងដំឡើងអត្រាការប្រាក់ ០,៥% នៅថ្ងៃទី៤ ខែឧសភា។
ការធ្លាក់ចុះនៃទិន្នន័យសេដ្ឋកិច្ចរបស់ប្រទេសចិន ក៏បានចោលទម្ងន់ទៅលើតម្លៃទីផ្សារប្រេងឆៅពិភពលោកផងដែរ។ តួយ៉ាង សន្ទស្សន៍អ្នកគ្រប់គ្រងការទិញផលិតកម្ម (PMI) របស់ប្រទេសចិនបានធ្លាក់ចុះពី ៥១.៩ កាលពីខែមីនា មកនៅ ៤៩.២ កាលពីខែមេសា ដែលជាការធ្លាក់ចុះសកម្មភាពឧស្សាហកម្មប្រចាំខែគួរឲ្យកត់សម្គាល់។
ទោះយ៉ាងណា អ្នកជំនាញជឿជាក់ថា ទីផ្សារប្រេងនឹងស្ថិតក្នុងឱនភាពរហូតដល់ត្រីមាសទី២ ប៉ុន្ដែ បន្ទាប់ពីមានការកាត់បន្ថយការផ្គត់ផ្គង់ប្រេងរបស់អង្គការ OPEC+នៅលើទីផ្សារ បូករួមនឹងតម្រូវការខ្ពស់ វានឹងធ្វើឲ្យតម្លៃប្រេងកើនខ្ពស់មកវិញ៕