លោក ហ្វុង កៃជីន ប្រធាននាយកប្រតិបត្តិ នៃធនាគារស្ថាបនា បានលើកឡើងថា ការសហការគ្នារវាងក្រុមហ៊ុន WorldBridge និង ធនាគារស្ថាបនានាពេលនេះ ជារឿងដ៏ល្អប្រសើរ ដើម្បីផ្តល់ភាពងាយស្រួលដល់ពលរដ្ឋក្នុងការទិញលំនៅឋាននៅក្នុងគម្រោង ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ ដែលជាគម្រោងបុរីកីឡាដំបូងគេ និងធំជាងគេមួយនៅអាស៊ីអាគ្នេយ៍ និង កំពុងទទួលបានការចាប់អារម្មណ៍ពីវិនិយោគិនជាច្រើនផងដែរ។
ចំណែក
លោក សាយមុន វ៉ាន់ឃ្លីហ្វ ប្រធាននាយកប្រតិបត្តិនៃគម្រោងភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ
បានឲ្យដឹងដែរថា ការសហការជាមួយធនាគារស្ថាបនានាពេលនេះ
នឹងអាចជួយសម្រួលដល់លទ្ធភាពហិរញ្ញវត្ថុបន្ថែម សម្រាប់អ្នកដែលចង់បានលំនៅឋានដែលមានគុណភាព
ប្រណីតភាព និងមានតម្លៃសមរម្យសម្រាប់ការរស់នៅក្នុងបរិយាកាសប្រកបដោយផាសុកភាព។
សូមជម្រាបថា គម្រោងភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ ជាការវិនិយោគរបស់ក្រុមហ៊ុន WB Sport Village ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ក្រុមហ៊ុន WorldBridge គ្រុប ជារបស់មហាសេដ្ឋីល្បីឈ្មោះ អ្នកឧកញ៉ា សៀ ឫទ្ធី ដែលមានឈ្មោះបោះសំឡេងល្បីល្បាញក្នុងការវិនិយោគលើវិស័យសំណង់ និង អចលនទ្រព្យនៅកម្ពុជា។
គម្រោងភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ តម្លៃជាង២០០លានដុល្លារអាមេរិកមួយនេះ នឹងក្លាយជាតំបន់ពាណិជ្ជកម្មថ្មីសន្លាងមួយទៀត នៃទីក្រុងនាគសម្តេចតេជោសែន ភាគខាងជើងរាជធានីភ្នំពេញ។ តំបន់ពាណិជ្ជកម្មដ៏ធំទំនើបមួយនេះ ត្រូវបានសិក្សាយ៉ាងល្អិតល្អន់ ដោយក្នុងនោះមានខុនដូរសម្រាប់ការស្នាក់នៅ១២អគារ ស្មើនឹងជាង១៣០០បន្ទប់ មានខុនដូរប្រភេទស្ទូឌីយ៉ូ១អគារ ស្មើនឹង១៦៣បន្ទប់ កម្ពស់១៣ជាន់ ។ ពិសេសជាងនេះទៅទៀតនោះ ក៏មានជាប្រភេទផ្ទះល្វែង ផ្ទះអាជីវកម្ម ផ្ទះវីឡា ផ្សារទំនើប សារមន្ទីរកីឡា ជាដើម ដែលគ្រោងនឹងបញ្ចប់ការសាងសង់ទាំងនៅចុងឆ្នាំ២០២២ខាងមុខនេះ៕