លោក យក់ សុធីរិទ្ធ នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Worldbridge Homes ដែលជាក្រុមហ៊ុនសាងសង់លំនៅឋានតម្លៃសមរម្យក្នុងទីក្រុងរណបសីរីមង្គលបានឲ្យដឹងថា ការចែកជូនសម្ភារដល់ប្រជាពលរដ្ឋក្នុងក្រុងរណបសិរីមង្គលនាពេលនេះ គឺជាការលើកកម្ពស់អនាម័យ និងជាការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលជំងឺកូវីដ-១៩ក្នុងសហគមន៍។
លោក យក់ សុធីរិទ្ធ បានគូសបញ្ជាក់ថា « ជាគោលដៅរបស់យើង គឺគម្រោងយើង គិតគូរពីអតិថិជន ពីសុខមាលភាព នៃការរស់នៅរបស់គាត់ មានន័យថា យើងមិនមែនធ្វើតែផ្ទះហើយ យើងលក់ជូនពួកគាត់ហើយចប់ទេ គឺយើងគិតសំខាន់ដល់ការរស់នៅរបស់គាត់ ធ្វើម៉េចឲ្យគាត់រស់នៅមានសុខភាពល្អ ជាសហគមន៍មួយដែលមានសុវត្ថិភាព មានអនាម័យ មានសណ្តាប់ធ្នាប់ អញ្ចឹងនេះជាសុភមង្គលមួយនៃការរស់នៅរបស់ពួកគាត់ដែលយើងចង់បាន ហ្នឹងជាអាទិភាពរបស់យើង»។
បន្ទាប់ពីបានចូលរស់នៅក្នុងក្រុងរណបសិរីមង្គលអស់រយៈពេលជិត ២ខែមក លោក ប៊ុនថន សុខាណារិទ្ធិ ជាម្ចាស់លំនៅឋានមួយ នៅក្នុងក្រុងរណបសិរីមង្គលនេះ បានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងដូច្នេះថា « ចាប់តាំងពីខ្ញុំមករស់នៅទីនេះមក ជិតពីរខែមកហើយ បរិយាកាសនៅក្នុងសហគមន៍មួយនេះ បានធ្វើឲ្យខ្ញុំដែលជាមនុស្សខ្ចិលហាត់ប្រាណ ងាកមកចូលចិត្តហាត់ប្រាណវិញ ព្រោះតែមានសួនច្បារធំទូលាយ បរិយាកាសល្អ ហើយបើសុខភាព យើងរឹងមាំ យើងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ផងដែរ»។
លោកបានបន្តថា« ទាំងខ្ញុំក៏ដូចជា ពលរដ្ឋផ្សេងទៀត ដែលបានមករស់នៅទីនេះ គឺសប្បាយចិត្ត រីករាយនៅពេលដែលក្រុមហ៊ុន បានរៀបចំនូវពិធីចែកម៉ាស និងសម្ភារមួយចំនួនដើម្បីទប់ស្កាត់ការរីករាលដាលពីជំងឺកូវីដ-១៩នេះ »។
ចំណែកអ្នកនាង ប៊ី ភារ៉ា ដែលជាពលរដ្ឋមួយរូបទៀត ដែលទិញនិងបានចូលរស់នៅក្នុងលំនៅឋានតម្លៃសមរម្យនេះដែរ បានឲ្យដឹងដែរថា «ខ្ញុំជាប្រជាជនរស់នៅក្នុងសហគមន៍នេះ ពិតជាមានសេចក្តីរីករាយ ព្រោះថា ម្ចាស់គម្រោងមានទឹកចិត្តល្អដល់ប្រជាពលរដ្ឋនៅក្នុងគម្រោងហ្នឹង។ ហើយសម្រាប់ខ្ញុំផ្ទាល់ គឺយកចិត្តទុកដាក់ណាស់ក្នុងការការពារខ្លួនពីជំងឺកូវីដ-១៩នេះ ព្រោះថា ខ្ញុំមិនចង់នាំទុក្ខដល់ក្រុមគ្រួសារ និងសហគមន៍ខ្ញុំ អញ្ចឹងនៅពេលខ្ញុំចេញទៅក្រៅ តែងតែពាក់ម៉ាស និងមានអាល់កុលសម្រាប់សំអាតដៃរបស់ខ្ញុំជានិច្ចផងដែរ»។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ដែលបានចេញផ្សាយនាថ្ងៃនេះ បានបង្ហាញថា កម្ពុជាមានអ្នកឆ្លងសរុប ១២៩នាក់ ក្នុងនោះអ្នកជាសះស្បើយមានចំនួន ១២៦នាក់ និងអ្នកកំពុងសម្រាកព្យាបាល០៣នាក់ ។
សូមជម្រាបថា គម្រោងទីក្រុងរណបសិរីមង្គល ជាគម្រោងលំនៅឋានតម្លៃសមរម្យធំជាងគេនិងទីមួយក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលការគាំទ្រពីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់។ គម្រោងនេះ មានផ្ទះសរុបចំនួន២៤៥៧ ផ្ទះ លើផ្ទៃដី ២៣ហិតា ស្ថិតនៅលើផ្លូវជាតិលេខ ២១ ក្នុងសង្កាត់កោះគរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ លំនៅឋានទីក្រុងរណបសិរីមង្គលនៅតែបន្តការលក់ដោយផ្តល់ជូននូវលក្ខខណ្ឌបង់រំលស់សុទ្ធ គ្មានប្រាក់កក់មុន គ្មានការប្រាក់២៤ខែ ព្រមទាំងមានដៃគូធនាគារផ្តល់កម្ចីរហូតដល់៩០%និងរយ:ពេល២០ឆ្នាំ។
បើតាមនាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Worldbridge Homes បានឲ្យដឹងថា ក្រោយពីបានប្រគល់ផ្ទះជិត៧០០ខ្នង ដល់អតិថិជនក្នុងជំហានទី១ ដំណាក់ទី១ កាលពីដើមខែមេសា ឆ្នាំ២០២០រួចហើយ នៅមុនដំណាច់ឆ្នាំ២០២០ខាងមុខនេះ ក្រុមហ៊ុនគ្រោងនឹងប្រគល់ផ្ទះដល់អតិថិជនក្នុងជំហានទី២បន្តទៀត ខណៈដែលការប្រគល់ជំហានទី២នេះ នឹងមានលំនៅឋានប្រមាណជា១០០០ខ្នង ៕