នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយលើបណ្តាញ Twitter ផ្លូវការរបស់វិទ្យាស្ថានសេរ៉ូម ឥណ្ឌាបញ្ជាក់ថា ៖«នៅមួយរយៈចុងក្រោយនេះ វិទ្យាស្ថាននេះមានការជជែកពិភាក្សាគ្នាជាច្រើន ជុំវិញលទ្ធភាពក្នុងការបន្តនាំចេញវ៉ាក់សាំងសម្រាប់ពិភពលោកឡើងវិញ។ យ៉ាងណាក៏ដោយ វិទ្យាស្ថានសេរ៉ូម និង រដ្ឋាភិបាលឥណ្ឌា នឹងបន្តពង្រីកផលិតកម្ម និង ផ្តល់អាទិភាពដល់ពលរដ្ឋឥណ្ឌាមុនគេ ហើយក៏សង្ឃឹមថា ការផ្គត់ផ្គង់វ៉ាក់សាំងដល់ប្រទេសដទៃតាមរយៈយន្តការកូវ៉ាក់ (COVAX) នៃអង្គការសុខភាពពិភពលោក នឹងចាប់ផ្តើមឡើងវិញនៅចុងឆ្នាំនេះតែម្តង»។
បច្ចុប្បន្ន ឥណ្ឌាកំពុងមមាញឹកយ៉ាងខ្លាំងដោយដៃម្ខាងកំពុងប្រយុទ្ធនឹងកូវីដ-១៩ ដៃម្ខាងទៀតរវល់ផលិតវ៉ាក់សាំង ដើម្បីផ្គត់ផ្គង់តម្រូវកានៅស្រុក និង ផ្គត់ផ្គង់ពិភពលោកឡើងវិញ។ ប៉ុន្តែចាប់តាំងពីខែមីនា មក រដ្ឋាភិបាលឥណ្ឌាបានសម្រេចចិត្តផ្អាកការនាំចេញវ៉ាក់សាំងទៅក្រៅប្រទេស ក្រោយប្រទេសអ្នកផលិតវ៉ាក់សាំងដ៏ធំក្នុងលោកមួយនេះជួបប្រទះនឹងរលកឆ្លងកូវីដ-១៩ថ្មីដ៏កាចសាហាវ បូករួមកង្វះខាតវ៉ាក់សាំងយ៉ាងខ្លាំងសម្រាប់តម្រូវការក្នុងស្រុកផងនោះ។
គួររំឭកថា ឥណ្ឌាបានចែកចាយវ៉ាក់សាំងទៅក្រៅប្រទេសសរុបជាង ២០០លានដូសរួចហើយ ក្នុងនោះមានជាង ៦៦លានដូស ជាការបរិច្ចាគដោយរដ្ឋាភិបាលឥណ្ឌា មួយចំនួនទៀតជាការកម្ម៉ង់ទិញពីក្រៅប្រទេស និងមួយចំណែកធំទៀត ចែកចាយតាមរយៈយន្តការកូវ៉ាក់របស់អង្គការសុខភាពពិភពលោក។
ដោយសារតែក្រុមហ៊ុនឥណ្ឌា ដែលជាអ្នកលក់វ៉ាក់សាំងមួយផ្នែកធំឲ្យយន្តការកូវ៉ាក់ត្រូវផ្អាក លែងនាំចេញវ៉ាក់សាំង បានធ្វើឲ្យគម្រោងការចែកចាយវ៉ាក់សាំងរបស់យន្តការកូវ៉ាក់ ត្រូវប៉ះពាល់ខ្លាំង និងជួបការខ្វះខាតខ្លាំង មិនអាចផ្តល់ជំនួយវ៉ាក់សាំងទៅបណ្តាប្រទេសក្រីក្រ ដែល ត្រូវការជាបន្ទាន់វ៉ាក់សាំងសម្រាប់ចាក់ឲ្យក្រុមគ្រូពេទ្យ និង ពលរដ្ឋងាយរងគ្រោះរបស់ខ្លួនបាន។ ឥណ្ឌានៅថ្ងៃពុធម្សិលមិញ រកឃើញអ្នកឆ្លងថ្មីក្នុងអត្រាទាបដដែលបើធៀបនឹងសប្តាហ៍មុន ពោលគឺចំនួនអ្នកឆ្លងធ្លាក់មកនៅប្រមាណ ២៦ម៉ឺននាក់ប៉ុណ្ណោះ ស្របពេលដែលអ្នកស្លាប់ប្រចាំថ្ងៃនៅតែបន្ដហក់ឡើងខ្ពស់គឺមានចំនួនជាង ៤ពាន់៥រយនាក់។ បច្ចុប្បន្នអ្នកឆ្លងសរុបនៅឥណ្ឌាបានកើនដល់ ជាង២៥លាននាក់ និងស្លាប់សរុបជាង ២៨ម៉ឺន៣ពាន់នាក់ ក្នុងនោះគ្រូពេទ្យឥណ្ឌាជាង ១ពាន់នាក់ហើយត្រូវបាត់បង់ជីវិតដោយសារតែជំងឺកូវីដ១៩។នេះបើតាមរបាយការណ៍សមាគមគ្រូពេទ្យឥណ្ឌា។
សូមបញ្ជាក់ថា យន្តការកូវ៉ាក់ Covax របស់អង្គការសុខភាពពិភពលោក ដែលមានគោលដៅ ចែកចាយវ៉ាក់សាំងកូវីដ ឲ្យស្មើភាពគ្នា រវាងប្រទេសអ្នកមាន និង ប្រទេសអ្នកក្រ ប៉ុន្តែ អង្គការសុខភាពពិភពលោកមួយនេះ មិនអាចសម្រេចគោលដៅរបស់ខ្លួនបាននៅឡើយទេ។ បើតាមផែនការយន្តការកូវ៉ាក់មានគោលដៅចែកចាយវ៉ាក់សាំងប្រមាណ២ពាន់លានដូស ទៅប្រទេសក្រីក្រ នៅឆ្នាំ២០២១។ ប៉ុន្តែគិតចាប់តាំងពីខែកុម្ភៈរហូតមកដល់ពាក់កណ្តាលខែឧសភានេះ យន្តការកូវ៉ាក់បានចែកចាយវ៉ាក់សាំងទៅប្រទេសក្រីក្រ បានប្រមាណតែ ៦០លានដូសប៉ុណ្ណោះ៕