លោកស្រី ង៉ូហ្ស៊ី អូកុនចូ អ៊ីវីឡា (Ngozi Okonjo-Iweala) អគ្គនាយិកាអង្គការពាណិជ្ជកម្មពិភពលោក (WTO) បាននិយាយថា សន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី ១២ របស់អង្គការនេះកាលពីខែមិថុនា ឆ្នាំ២០២២ គឺទទួលបានជោគជ័យ។ លោកស្រីបន្តថា ប្រទេសចិនបានដើរតួនាទីដ៏សំខាន់បំផុតមួយនៅក្នុងជោគជ័យនោះ។
អគ្គនាយិកា ឌាប់ប៊ែលយូធីអូ បានបន្ថែមថា សន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៣ នឹងប្រព្រឹត្តទៅនៅខែកុម្ភៈ ឆ្នាំ២០២៤ ហើយយើងសង្ឃឹមថា វានឹងទទួលបានជោគជ័យដូចគ្នាដែរប៉ុន្តែវានឹងតម្រូវឱ្យសមាជិកអង្គការ ឌាប់ប៊ែលយូធីអូ នីមួយៗ រួមទាំងប្រទេសចិនផង ធ្វើការជាមួយគ្នា។
លោកស្រី ង៉ូហ្ស៊ី អូកុនចូ អ៊ីវីឡា បានអំពាវនាវឱ្យសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដោយលោកស្រីបាននិយាយថា វាមិនមែនជាពេលវេលាមួយដែលត្រូវបំបែកគ្នាជាប្លុកពាណិជ្ជកម្មផ្សេងៗគ្នានោះទេ ហើយពួកគេគួរតែជៀសវាងវិធានការគាំពារនិយម។
ស្ថិតិពាណិជ្ជកម្មប្រចាំឆ្នាំរបស់អង្គការ ឌាប់ប៊ែលយូធីអូ និងរបាយការណ៍ព្យាករណ៍ ដែលចេញផ្សាយកាលពីសប្តាហ៍មុន បានបង្ហាញថា ពាណិជ្ជកម្មនៅទូទាំងពិភពលោកនឹងកើនឡើង ១,៧% នៅឆ្នាំ២០២៣។ អត្រានេះខ្ពស់ជាងការប៉ាន់ប្រមាណកាលពីខែតុលាឆ្នាំមុនដែលថានឹងមានកំណើនត្រឹមតែ ១ %។ អ្វីដែលជា«កត្តាសំខាន់»នៅក្នុងកំណើននេះ គឺការកែសម្រួលវិធានការណ៍ប្រឆាំងកូវីដ-១៩ របស់ចិន ដែលគេរំពឹងថានឹងជួយជំរុញកំណើនពាណិជ្ជកម្មអន្តរជាតិ។
ក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចធំទី២ក្នុងពិភពលោកនោះ ចិនកំពុងរួមចំណែកក្នុងដំណើរការពាណិជ្ជកម្មពិភពលោក ខណៈដែលចិនគឺជាប្រទេសមានគីឡូធ្ងន់មួយ ដោយសារពាណិជ្ជកម្មជាច្រើនរបស់ចិន មិនត្រឹមតែធ្វើជាមួយប្រទេសអភិវឌ្ឍន៍ដូចជាអាមេរិកនិងបណ្តាប្រទេសនៅអឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមួយប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀតផងដែរ។
លោកស្រី អូកុនចូ អ៊ីវីឡា បាននិយាយថា យើងចង់ឱ្យប្រទេសចិនធ្វើឱ្យបានល្អ (ក្នុងពាណិជ្ជកម្ម) ដើម្បីឱ្យប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងៗទៀត ដូចជាបណ្ដាប្រទេសនៅក្នុងទ្វីបអាហ្រ្វិកក៏អាចធ្វើបានល្អដូចចិនអ៊ីចឹងដែរ៕