អគ្គនាយិកាអង្គការពាណិជ្ជកម្មពិភពលោក លោកស្រី ង៉ូហ្ស៊ី អ៊ុកូនចូ វៀលឡា (Ngozi Okonjo-lweala) បាននិយាយថា អង្គការពាណិជ្ជកម្មពិពភលោក (WTO) បានសម្រេចបន្ទាបការព្យាករកំណើនពាណិជ្ជកម្មសកលលោក មកនៅត្រឹមតែ ២,៥% ប៉ុណ្ណោះ នៅឆ្នាំនេះ ខណៈដែលការព្យាករពីមុនមានដល់ទៅ ៤,៧%។ ការទម្លាក់ការព្យាករកំណើនទាបជាងមុននេះ ក៏ដោយសារតែ WTO កត់សម្គាល់ឃើញអំពីផលប៉ះពាល់នៃសង្គ្រាមនៅអ៊ុយក្រែន និងគោលនយោបាយទាក់ទងជាច្រើនផ្សេងទៀតផងដែរ។
ទន្ទឹមនឹងការកាត់បន្ថយការព្យាករអំពីកំណើនពាណិជ្ជកម្មពិភពលោកនៅឆ្នាំនេះ បញ្ហាសង្គ្រាមនៅតំបន់អឺរ៉ុបនេះ ក៏ត្រូវបានគេមើលឃើញថា នឹងបន្តធ្វើឲ្យខ្សែចង្វាក់ផ្គត់ផ្គង់សកលលោកជួបបញ្ហាកាន់តែយ៉ាប់យ៉ឺនមួយកម្រិតទៀត ខណៈដែលវាបានរងផលប៉ះពាល់យ៉ាងដំណំរួចទៅហើយ ដោយសារតែវិបត្តិកូវីដ១៩ក្នុងរយៈពេលជាង២ឆ្នាំមកនេះ។
អគ្គនាយិកាអង្គការពាណិជ្ជកម្មពិភពលោកបានគូសបញ្ជាក់ថា ផលរំខាននៃសង្គ្រាមនៅអ៊ុយក្រែន នឹងធ្វើឲ្យការចំណាយលើតម្លៃម្ហូបអាហារកាន់តែខ្ពស់ ហើយអ្នកជំនាញរូបនេះបារម្ភថា នោះគឺជាអ្វីដែលឈានទៅរកវិបត្តិស្បៀងអាហារពិភពលោក។
អគ្គនាយិកាអង្គការ WTO រូបនេះ បន្ថែមថា បើទោះបីជា រុស្ស៊ី និងអ៊ុយក្រែនមានចំណែកប្រហែល ២,៥% នៃទំនិញនាំចេញសកលលោកក៏ដោយចុះ ប៉ុន្ដែ ផលិតផលដែលប្រទេសទាំងពីរនេះនាំចេញ គឺពិតជាសំខាន់ខ្លាំងណាស់នៅក្នុងវិស័យចម្បងៗទ្រទ្រង់សេដ្ឋកិច្ច។
លោកស្រី វៀលឡា អគ្គនាយិកាអង្គការ WTO សង្កត់ធ្ងន់ថា ការបារម្ភដំបូងគេបង្អស់របស់លោកស្រីនោះ គឺប្រជាពលរដ្ឋអ៊ុយក្រែនតែម្ដង ដ្បិតថាពួកគេត្រូវបានភៀសខ្លួនចេញពីផ្ទះសម្បែង និងមិនមានចំណីអាហារគ្រប់គ្រាន់ដើម្បីបរិភោគ។ ជាមួយគ្នានេះ សេដ្ឋកិច្ចសកលលោក ក៏កំពុងតែឆ្ពោះទៅរកផលវិបាកធ្ងន់ធ្ងរ ហើយប្រទេសក្រីក្រជាងគេ នឹងទទួលផលប៉ះពាល់ពីការខ្វះខាត និងជួបឧបសគ្គក្នុងការផ្គត់ផ្គង់ចំណីអាហារ។
ក្រុមអ្នកជំនាញក្នុងវិស័យឧស្សាហកម្មបានព្រមានថា សហភាពអឺរ៉ុប ប្រឈមនឹងការខ្វះខាតប្រេងផ្កាឈូក ខណៈដែលមានប្រហែល ៥០% នៃការនាំចេញប្រេងផ្កាឈូកសកលលោក គឺនាំចេញពីប្រទេសអ៊ុយក្រែន និង៣០% នាំចេញពីរុស្ស៊ី។ នេះបើតាមទិន្នន័យពី ស្ថាប័នហិរញ្ញវត្ថុ S&P Global។
ជាមួយគ្នានេះ ប្រទេសនៅអាហ្វ្រិកក៏ប្រឈមនឹងផលប៉ះពាល់ខ្លាំងដែរ ដ្បិតថា មានប្រទេសចំនួន ៣៥ នៃប្រទេសចំនួន៥៥នៅតំបន់នេះ គឺបាននាំចូលស្រូវសាលី និងគ្រាប់ធញ្ញជាតិផ្សេងៗទៀតពីប្រទេសរុស្ស៊ី និងអ៊ុយក្រែន ហើយមាន ២២ប្រទេស បាននាំចូលជីកសិកម្មពីប្រទេសទាំងពីរនេះដែរ។ ផ្អែកតាមការបង្ហាញពី ធនាគារអភិវឌ្ឍន៍អាហ្វ្រិក បានឲ្យដឹងថា ប្រទេសជាច្រើននៅក្នុងតំបន់អាហ្វ្រិក កំពុងជួបប្រទះកើនឡើងតម្លៃស្បៀងអាហារចន្លោះពី ២០% ទៅ ៥០%រួចទៅហើយនាពេលកន្លងមកនេះ។
សូមបញ្ចាក់ថា រុស្ស៊ីក្រៅតែពីជាប់ដៃធ្វើសង្គ្រាមជាមួយអ៊ុយក្រែន ក៏កំពុងមមាញឹកនៅក្នុងសមរភូមិពាណិជ្ជកម្មជាមួយបណ្ដាប្រទេសលោកខាងលិចផងដែរ។ តួយ៉ាង ពាណិជ្ជកម្មត្រូវបានក្លាយជាឧបករណ៍ដ៏សំខាន់ ដែលប្រទេសជាច្រើនប្រើប្រាស់ដើម្បីដាក់សម្ពាធ ទណ្ឌកម្មលើប្រធានាធិបតីរុស្ស៊ី លោកពូទីន ចំពោះការសម្រេចចិត្តចូលឈ្លានពានប្រទេសអ៊ុយក្រែន។
ជាមួយគ្នានេះ អ៊ុយក្រែន បានកាត់ផ្ដាច់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយនឹងរុស្ស៊ី និងបានអំពាវនាវឲ្យមានការដករុស្ស៊ីចេញពីអង្គការពាណិជ្ជកម្មពិភពលោកផងដែរ។ ប៉ុន្ដែ ថ្នាក់ដឹកនាំអង្គការពាណិជ្ជកម្មពិភពលោកអះអាងថា វាមិនមែនជារឿងងាយស្រួលទេ ក្នុងការដកប្រទេសមួយចេញពីអង្គការពាណិជ្ជកម្មពិភពលោក ពិសេសប្រទេសរុស្ស៊ីនេះតែម្ដង៕