SMEs គួរពិចារណាលើលទ្ធភាពសង ជាជាងទ្រព្យបញ្ចាំ?

ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា ស្នើឲ្យគ្រឹះស្ថានហិរញ្ញវត្ថុពេលផ្តល់កម្ចីដល់ SMEs គួរពិចារណាលើលទ្ធភាពសង ជាជាងទ្រព្យបញ្ចាំ


ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជាលើកទឹកចិត្តឲ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់ បង្កើនការយកចិត្តទុកដាក់ក្នុងការផ្តល់ឥណទានដល់វិស័យសហគ្រាសធនតូច និងមធ្យម(SMEs) ដោយពិចារណាលើលទ្ធភាពសង ជាជាងទ្រព្យធានា។ ការស្នើនេះ ធ្វើឡើងដើម្បីលើកកម្ពស់លទ្ធភាពទទួលបានឥណទានក្នុងវិស័យ SMEs បន្ទាប់ពីមានអាជីវកម្មជាច្រើនក្នុងវិស័យនេះ មានការលំបាកក្នុងការទទួលបានឥណទាន សម្រាប់ការស្តារ បើក និងពង្រីកអាជីវកម្ម។
ពិធីបើកដំណើរការកម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់ សហគ្រាសធុនតូច និងមធ្យម និងសហគ្រិនស្ត្រី

ជាក់ស្តែង កាលពី​ពេល​ថ្មី​ៗ កម្ពុជា​ទើប​ដាក់​ឲ្យ​ដំណើរការ​កម្មវិធី​«​លទ្ធភាព​ទទួល​ហិរញ្ញប្បទាន​» ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​ក្នុង​វិស័យ SMEs និង​សហគ្រិន​ជា​ស្ត្រី​។ អ្នកជំនាញ​បាន​បង្ហាញ​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​កម្មវិធី​នេះ ដ្បិត​វា​ជា​យន្តការ​មួយ​ក្នុង​ការ​ជួយ​បង្កើន​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​សម្រាប់​វិស័យ SMEs​។

នា​កម្មវិធី​ឲ្យ​ដំណើរការ​កម្មវិធី «​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​» នៅ​ដើម​ខែមេសា ឆ្នាំ​២០២២ លោក​ជំទាវ ជា សិរី ឧបការី​ទេសាភិបាល និង​ជា​អគ្គនាយក​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា​ជឿជាក់​ថា​កម្មវិធី​នេះ​នឹង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​លើកកម្ពស់​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​សម្រាប់​សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម ដែល​ជា​វិស័យ​ឆ្អឹងខ្នង​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា​។ លើស​ពី​នេះ​កម្មវិធី​នេះ ក៏​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​ស្តី​ពី​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​ឆ្នាំ​២០១៩-២០២៥​។

បើ​តាម​លោក​ជំទាវ ជា សិរី យុទ្ធសាស្ត្រ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលដៅ​បង្កើន​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​ផ្លូវការ និង​ចូលរួម​កាត់​បន្ថយ​អត្រា​ស្ត្រី​មិន​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ពី​២៧%​មក​ត្រឹម​១៣% ក៏​ដូច​ជា​ពង្រីក​ការ​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​ពី ៥៩% ទៅ​៧០% នៅ​ត្រឹម​ឆ្នាំ​២០២៥ ព្រមទាំង​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សុខមាលភាព​គ្រួសារ និង​កំណើនសេដ្ឋកិច្ច​ផង​ដែរ​។

ដើម្បី​ឈាន​ទៅ​សម្រេច​បាន​លទ្ធផល​តាម​ផែនការ និង​ជួយ​ជំរុញ​កំណើន​ការ​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​សម្រាប់​វិស័យ SMEs ឲ្យ​កាន់តែ​ប្រសើរ អគ្គទេសាភិបាល​ធនាគារជាតិ នៃ​កម្ពុជា​ខាងលើ ស្នើ​ឲ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​បង្កើន​ការ​យកចិត្ត​ទុក​ក្នុង​ការ​ផ្តល់​ឥណទាន​ដល់​អ្នករក​ស៊ីក្នុង​វិស័យ​នេះ​បន្ថែម​ទៀត​។ ជា​ពិសេស​លោក​ជំទាវ ជា សិរី លើកទឹកចិត្ត​ឲ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ពិចារណា​លើ​លទ្ធភាព​សង ជា​ជាង​ទ្រព្យ​ធានា ដើម្បី​បង្កើន​លទ្ធភាព​ដល់​អ្នករក​ស៊ីក្នុង​វិស័យ SMEs ក្នុង​ការ​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ពី​គ្រឹះស្ថាន​ធានា​គារ និង​ហិរញ្ញវត្ថុ សម្រាប់​ប្រើប្រាស់​ក្នុង​ដំណើរការ​អាជីវកម្ម​។  

ជាមួយ​គ្នា​នេះ លោក​ឧកញ៉ា តែ តាំង​ប៉ ប្រធាន​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​បាន​គូសបញ្ជាក់​ថា ទោះបី​កម្មវិធី​«​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​»​ជា​យន្តការ​ដ៏​ល្អ​ក្នុង​ការ​រួមចំណែក​ជួយ​បង្កើន​លទ្ធភាព​ទទួល​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​សម្រាប់​វិស័យ SMEs ក៏​ដោយ តែ​លោក​ឧកញ៉ា​ហាក់​គ្មាន​ទំនុកចិត្ត​ខ្ពស់​លើ​អ្នករក​ស៊ីក្នុង​វិស័យ​នេះ​មួយ​ចំនួន​ក្នុង​ការ​ទទួល​បាន​ឥណទាន​នោះ​ទេ​។ ព្រោះ​កន្លង​មក​ទោះ​រាជរដ្ឋាភិបាល​កម្ពុជា​រួម​ជាមួយ​ស្ថាប័នហិរញ្ញវត្ថុ​បាន​ដាក់​យន្តការ​លើកទឹកចិត្ត​និង​ជួយ​សម្របសម្រួល​ក៏​ដោយ តែ​មាន​អាជីវកម្ម​ក្នុង​វិស័យ SMEs តិចតួច​ប៉ុណ្ណោះ ដែល​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ក្រោម​យន្តការ​ទាំងនោះ​។

លោក​ឧកញ៉ា តែ តាំង​ប៉ បាន​អះអាង​ថា កត្តា​ដែល​ធ្វើ​ឲ្យ​អ្នករក​ស៊ីក្នុង​វិស័យ SMEs ភាគច្រើន​មិន​អាច​ទទួល​បាន​ដើមទុន​ពី​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​យក​មក​ប្រើប្រាស់​ក្នុង​ការ​ដំណើរការ​អាជីវកម្ម​របស់​ពួក​គេ គឺ​ដោយសារ​អាជីវកម្ម​ទាំងនោះ​នៅ​ជាប់ជំពាក់​បំណុល​គ្រឹះស្ថាន​ឯកជន​នានា គួប​ផ្សំ​ពួក​គេ​គ្មាន​ផែនការ​ហិរញ្ញវត្ថុ និង​ផែនការអាជីវកម្ម​ច្បាស់លាស់​។

ទោះ​យ៉ាងណា​ក៏​ដោយ​ចុះ ក្រុម​អ្នកជំនាញ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ សុទ្ធតែ​បាន​បង្ហាញ​ការ​ជឿជាក់​ខ្ពស់​ចំពោះ​កម្មវិធី​ខាងលើ​ក្នុង​ការ​រួមចំណែក​ជួយ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ ដែល​មាន​គុណភាព​សម្រាប់​វិស័យ​សហ​គ្រាន​ធុន​មីក្រូ តូច និង​មធ្យម​។ លើស​ពី​នេះ វា​នឹង​ក្លាយជា​វេទិកា​ផ្សា​ភ្ជាប់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ជាមួយ​សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម និង​ជា​ពិសេស​សហគ្រិន​ស្ត្រី ដើម្បី​ជួប​ជជែក​គ្នា​អំពី​តម្រូវការ​នានា​ពាក់ព័ន្ធ​សេវា​ហិរញ្ញវត្ថុ​។ មួយវិញទៀត យន្តការ​នេះ​នឹង​ជួយ​សម្រួល​ឲ្យ​សហគ្រាស​ក្នុង​វិស័យ SMEs ទទួល​បាន​ដើមទុន​ងាយស្រួល​ជាង​មុន​ក្នុង​អត្រា​ការ​ប្រាក់​ទាប ដើម្បី​ស្តារ ចាប់ផ្តើម ឬ​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


WTO កាត់បន្ថយការព្យាករកំណើនពាណិជ្ជកម្មសកលមកនៅត្រឹម២,៥% ដោយសារតែវិបត្តិសង្គ្រាមនៅអ៊ុយក្រែន

ព័ត៌មាន
វិបត្តិសង្គ្រាមនៅអ៊ុយក្រែន ដែលកំពុងអូសបន្លាយអស់ពេលជាង១ខែមកនោះ កំពុងដាក់សម្ពាធខ្លាំងមែនទែនទៅដល់ទស្សនវិស័យកំណើនសេដ្ឋកិច្ចពិភពលោក ក៏ដូចជា…

គល់ស្លឹកគ្រៃពូជ«ភ្លុកដំរី» ត្រៀមនាំចេញទៅកាន់កាណាដាឆាប់ៗនេះ

ព័ត៌មាន
ស្លឹកគ្រៃប្រភេទ«ភ្លុកដំរី» កំពុងមានតម្រូវការទីផ្សារខ្លាំងទាំងទីផ្សារក្នុងស្រុក និងការនាំចេញ ពិសេសទីផ្សារក្បែរខាងកម្ពុជា គឺប្រទេសថៃ តែម្ដង ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ