ក្នុងចំណោមអ្នកកាត់សេចក្តីក្នុងសំណុំរឿងជម្លោះចិន-អាមេរិកទាំង៣រូបមកពីអង្គការពាណិជ្ជកម្មពិភពលោក គឺបានសម្រេចកាត់សេចក្តីឲ្យអាមេរិកឈ្នះការប្តឹងផ្តល់នេះ ដោយបានអះអាងថា ការកំណត់ការនាំចូលបន្ទះសូឡាពីប្រទេសចិន ដោយសហរដ្ឋអាមេរិក មិនបានរំលោភលើច្បាប់ពាណិជ្ជកម្មអន្តរជាតិនោះទេ។
គេនៅចាំបានថា កាលពីឆ្នាំ២០១៨ សហរដ្ឋអាមេរិកបានចាប់ផ្តើមដំឡើងរនាំពន្ធគយ លើការនាំចូលបន្ទះសូឡាពីប្រទេសចិន ព្រមទាំងបានកាត់បន្ថយការនាំចូលផងដែរ ក្រោយមានការត្អូញត្អែរពីអ្នកផលិតនៅក្នុងស្រុក អំពីបញ្ហាទីផ្សារ និងការប្រកួតប្រជែងតម្លៃ។
ក្រោយមកទៀត ប្រទេសចិនបានជំទាស់នឹងវិធានការខាងលើរបស់សហរដ្ឋអាមេរិក ជាបន្តបន្ទាប់ ដោយបានចោទរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនថា មិនបានទុកពេល និងជូនដំណឹងដល់ភាគីចិនជាមុន ដែលប្រការនេះ បានបង្កអន្តរាយដល់ឧស្សាហកម្មផលិតក្នុងស្រុករបស់ប្រទេសចិន។
មែនទែនទៅការដំឡើងរនាំងពន្ធគយនេះ គួរត្រូវបញ្ចប់នៅដើមឆ្នាំ ២០២១នេះ ប៉ុន្តែដោយសារតែឥទ្ធិលនៃសង្រ្គាមពាណិជ្ជកម្មចិននឹងអាមេរិក លោកដូណាល់ ត្រាំ មុនបញ្ចប់តំណែងជាប្រធានាធិបតីបានឆ្លៀតចុះហត្ថលេខា បន្តវិធានការនេះរយៈពេល ២ឆ្នាំទៀតរហូតដល់ដើមឆ្នាំ២០២៤។
សូមជម្រាបថា មិនមែនតែផលិតផលបន្ទះសូឡាមួយមុខនោះទេ ដែលអាមេរិកបានតម្លើងថ្លៃពន្ធគយក្នុងការនាំចូលមកប្រទេសចិន។ ក្រៅពីនោះនៅមានទំនិញរាប់រយមុខផ្សេងទៀត ដែលអាមេរិកបានធ្វើការរឹតត្បិត។
ជម្លោះពាណិជ្ជកម្មរវាងយក្សសេដ្ឋកិច្ចទាំងពីរមិនត្រឹមតែ បានជះផលអាក្រក់ដល់ភាគីសាមីទាំងពីរនោះទេ ប៉ុន្ដែវាបានក៏បង្កឲ្យមានការរង្គោះរង្គើដល់ក្រុមហ៊ុនអន្តរជាតិធំៗជាច្រើនផងដែរ។ ជាក់ស្តែង ការដំឡើងពន្ធលើផលិតផលម៉ាស៊ីនបោកគក់ដែលនាំចូលពីប្រទេសចិន បានធ្វើឲ្យក្រុមហ៊ុន Samsung ដែលមានរោងចក្រផលិតក្នុងប្រទេសចិន ខាងបង់អស់ប្រាក់ជាច្រើនចាប់តាំងពីឆ្នាំ ២០១៨មក៕