លោកស្រី អិនហ្គោហ្ស៊ី អូកុនចូ-អ៊ីវាឡា (Ngozi Okonjo-Iweala) អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក បានទម្លាយឱ្យដឹង និងទទួលស្គាល់ការពិតប្រាប់សារព័ត៌មាន BBC គួរឱ្យភ្ញាក់ផ្អើលថា ពិភពលោកពេលនេះកំពុងជួបប្រទះនូវការកើនឡើងគោលនយោបាយគាំពារនិយម ដែលគោលនយោបាយខ្លះបានធ្វើឱ្យខូចវិធានរបស់អង្គការពាណិជ្ជកម្មពិភពលោក ហើយគោលនយោបាយខ្លះទៀតកំពុងនាំទៅរកការបែកបាក់គួរឱ្យបារម្ភ។
ក្នុងនាមស្ថាប័នអង្គការពាណិជ្ជកម្មពិភពលោក លោកស្រី មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរឿងនេះ ព្រោះពាណិជ្ជកម្មពិភពលោកជាផ្នែកមួយដ៏សំខាន់នៅក្នុងការកសាងភាពធន់ទ្រាំនៅក្នុងប្រទេសនានា និងគាំទ្រដល់កំណើនសេដ្ឋកិច្ចនៃប្រទេសទាំងនោះ។
ការបែកបាក់ទាំងនេះបានកើតមានឡើងស្របពេលសហភាពអឺរ៉ុបដំឡើងពន្ធបណ្តោះអាសន្នរហូតដល់ទៅ៣៧,៤% លើការនាំចូលរថយន្តអគ្គិសនីរបស់ចិន។ ការដំឡើងពន្ធរបស់សហភាពអឺរ៉ុបលើរថយន្តអគ្គិសនីចិន ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាម៉េរិក កាលពីខែឧសភា បានដាក់ចេញការដំឡើងពន្ធ១០០%លើរថយន្តអគ្គិសនីចិន។
ទាំងទីក្រុងព្រុចសែល នៃប្រទេសបែលហ្ស៊ិក និងក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់រដ្ឋាភិបាលចិនថា បានផ្ដល់ការឧបត្ថម្ភធនដោយមិនត្រឹមត្រូវដល់វិស័យរថយន្តអគ្គិសនីរបស់ខ្លួន ដែលអនុញ្ញាតឱ្យបណ្ដាក្រុមហ៊ុនចិននានានាំចេញរថយន្ត និងលក់ចេញក្នុងតម្លៃទាបជាងទីផ្សារខ្លាំង និងគំរាមកំហែងដល់វិស័យការងារនៅលោកខាងលិច។
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន ក៏បានដំឡើងពន្ធនាំចូលលើផលិតផលចិន ជាច្រើនផ្សេងទៀតផងដែរ ដូចជាអាគុយរថយន្តអគ្គិសនី និងសារធាតុរ៉ែ ដែលប្រើប្រាស់នៅក្នុងការផលិតអាគុយរថយន្តអគ្គិសនី ប្រើប្រាស់នៅក្នុងការផលិតបន្ទះសូឡា និងបន្ទះឈីបផងដែរ។
ទន្ទឹមនឹងនេះ សហរដ្ឋអាម៉េរិក ក៏កំពុងចាក់បញ្ចូលទុនរដ្ឋាភិបាលច្រើនពាន់លានដុល្លារ ទៅក្នុងបច្ចេកវិទ្យាបៃតងផងដែរ ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូលពីចិន។ ស្នងការពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបលោក វ៉ាល់ឌីស ដូមប្រូវស្គីស (Valdis Dombrovskis) បានប្រាប់សារព័ត៌មាន BBC ថា អឺរ៉ុបមិនចង់បិទទីផ្សាររថយន្តអគ្គិសនីនោះទេ។ លោកបានគូសបញ្ជាក់ថា អឺរ៉ុប ស្វាគមន៍ការនាំចូល និងស្វាគមន៍ការប្រកួតប្រជែង ប៉ុន្តែការប្រកួតប្រជែងនោះត្រូវតែមានភាពត្រឹមត្រូវយុត្តិធម៌៕